កំពត ៖ ប្រជាពលរដ្ឋ ចំនួន៩៦នាក់ ដែលអះអាងថា ចាញ់បោកឧកញ៉ា នួន អក សរុបជាង ១លានដុល្លារលើគម្រោងលក់ដីឡូត៍ខ្យល់ នៅស្រុកទឹកឈូ ខេត្តកំពត បាននាំគ្នាតវ៉ា និងធ្វើលិខិតស្នើសុំលោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ជួយអន្តរាគមន៍ដោះស្រាយ ដោយបញ្ជាក់ថា ឧកញ៉ានួន អក នៅតែបន្តព្យាយាមគេចវេះ ភូតភរ គ្មានទំនួលខុសត្រូវ រំលោភលើសេចក្តីទុកចិត្ត ធ្វើឲ្យពួកគាត់ជួបនូវវិបត្តិសេដ្ឋកិច្ច ខាតបង់ពេលវេលា ដែលនេះជាករណីឧកញ៉ាទី២ហើយ ដែលប្រជាពលរដ្ឋខេត្តកំពត ប្តឹងពីបទឆបោក ពាក់ព័ន្ធការលក់ដីខ្យល់ បន្ទាប់ពីឧកញ៉ាទី១ ឈ្មោះ ជា សារ៉ន ត្រូវបានឃាត់ខ្លួន និងឃុំខ្លួននៅពន្ធនាគាររួចហើយ ។
នៅក្នុងលិខិតចុះថ្ងៃចន្ទ ១០កើត ខែជេស្ឋ ថ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ អ្នកស្រីអ៊ា សុខហេង តំណាងឲ្យពលរដ្ឋ ៩៦គ្រួសារ បានស្នើសុំលោកអភិបាលខេត្តកំពត អន្តរាគមន៍និងដោះស្រាយលើករណីឧកញ៉ានួន អក ដែលបានលក់ដីឡូត៍ឲ្យពួកគាត់ ស្ថិតនៅគម្រោងកំពតឋានសួគ៌ ក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ និងនៅគម្រោងកំពតហ្វរែស ក្នុងភូមិមានឫទ្ធិ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ហើយឧកញ៉ា នួន អក ជាម្ចាស់គម្រោង មិនព្រមចេញមុខមកទទួលខុសត្រូវ និងគោរពតាមកិច្ចសន្យា តាមលិខិតនិងឯកសារទិញ-លក់ រវាងអតិថិជន ជាមួយក្រុមហ៊ុនឧកញ៉ានួន អក នោះឡើយ។
អ្នកស្រី អ៊ា សុខហេង បានបញ្ជាក់ប្រាប់លោកអភិបាលខេត្តថា នៅឆ្នាំ២០១៨ ក្រុមហ៊ុនលោកឧកញ៉ា នួន អក បានបង្កើតគម្រោងដីឡូត៍កំពតឋានសួគ៌ ស្ថិតនៅក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ដោយពួកគាត់ទាំងអស់គ្នាបានជឿជាក់លើការផ្សព្វផ្សាយ និងការឃោសនារបស់ក្រុមហ៊ុនឧកញ៉ា នួន អក ថានឹងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នោះ ឲ្យមានផ្លូវខ្វាត់ខ្វែង ពួកគាត់ក៏បានទិញដីឡូត៍ និងខ្លះទៀតបានដាក់ថវិកាវិនិយោគជាមួយក្រុមហ៊ុនឧកញ៉ា នួន អក ។ បន្តមក ក្រុមហ៊ុនឧកញ៉ា នួន អក បានបង្កើតគម្រោងកំពតហ្វរែស មួយផ្សេងទៀត ស្ថិតក្នុងភូមិមានឫទ្ធិ ឃុំកណ្ដាល ស្រុកទឹកឈូ ខេត្តកំពតពួកគាត់ក៏នៅចូលរួមជាមួយក្រុមហ៊ុន ដោយទិញដីឡូត៍ និងដាក់ថវិកាវិនិយោគជាមួយ ។
អ្នកស្រីអ៊ា សុខហេង បានបញ្ជាក់បន្តថា ចាប់តាំងពីក្រុមហ៊ុនឧកញ៉ា នួន អក បានបង្កើតគម្រោងនេះ រហូតមកដល់បច្ចុប្បន្ន ពួកគាត់ពុំឃើញមានការអភិវឌ្ឍអ្វីឡើយ ហើយពួកគាត់ក៏បានធ្វើការស្នើសុំឱ្យក្រុមហ៊ុន ធ្វើការអភិវឌ្ឍ ដូចជាចាក់ដី ធ្វើផ្លូវ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប៉ុន្តែក្រុមហ៊ុនបានគេចវេះ មិនចេញមុខមកទទួលខុសត្រូវ និងគោរពតាមកិច្ចសន្យាឡើយ សូម្បីតែបុគ្គលិក និងការិយាល័យច្បាស់លាស់របស់ក្រុមហ៊ុន ក៏បានបិទជាបន្តបន្ទាប់ និងមិនអាចទំនាក់ទំនងបានដែរ ។ ជាក់ស្ដែង អតិថិជនខ្លះបានរងគ្រោះ ដោយសារក្រុមហ៊ុនឧកញ៉ា នួន អក ដូចជា ទី១- អតិថិជនខ្លះបានបង់ប្រាក់ហើយ ទទួលបានតែបង្កាន់ដៃមួយគត់ កិច្ចសន្យាក៏មិនបានធ្វើឲ្យ ដីក៏មិនដឹងនៅកន្លែងណា ក្រុមហ៊ុនចេះតែចង្អុលប្រាប់ ។ ទី២- អតិថិជនខ្លះបង់ប្រាក់ហើយ ទទួលបានបង្កាន់ដៃ ទទួលបានកិច្ចសន្យាទិញ-លក់ (មិនទាន់ទទួលបានប្លង់ដី) ហើយមិនដឹងដីនៅកន្លែងណា ក្រុមហ៊ុនចេះតែចង្អុលប្រាប់ ។ ទី៣- អតិថិជនខ្លះ បង់ប្រាក់ហើយ ទទួលបានបង្កាន់ដៃ ទទួលបានកិច្ចសន្យាទិញ-លក់ ទទួលបានប្លង់ដី តែមិនដឹងដីនៅកន្លែងណា ក្រុមហ៊ុនចេះតែចង្អុលប្រាប់ ។ ទី៤- អតិថិជនខ្លះ បង់ប្រាក់ហើយ ទទួលបានបង្កាន់ដៃ ទទួលបានកិច្ចសន្យាទិញ-លក់ ទទួលបានប្លង់ដី ដឹងទីតាំងដី តែគ្មានការអភិវឌ្ឍ ។ ទី៥- អតិថិជនខ្លះដាក់ថវិកាវិនិយោគជាមួយក្រុមហ៊ុន ខាតបង់ទាំងអស់ ។ ទី៦- អតិថិជនខ្លះដាក់ថវិកាវិនិយោគជាមួយក្រុមហ៊ុន បានតែប្រាក់ដើមមកវិញ មិនមានផលចំណេញ និងទី៧- អតិថិជនខ្លះដាក់ថវិកាវិនិយោគជាមួយក្រុមហ៊ុន បានផលចំណេញ តែក្រុមហ៊ុនឧកញ៉ា នួន អក ចេញមូលប្បទានបត្រគ្មានទឹកប្រាក់។
ផ្អែកលើការលើកឡើង ភ័ស្តុតាង ៧ចំណុចនេះ អ្នកស្រីតំណាងប្រជាពលរដ្ឋ ៩៦គ្រួសារ បានបញ្ជាក់ជូនលោកអភិបាលខេត្តកំពត បានជ្រាបបន្ថែមនៅក្នុងលិខិតនោះថា ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានទុកឱកាសជាច្រើនលើកច្រើនសា អស់រយៈពេល ៣ទៅ ៥ឆ្នាំមកហើយ តែក្រុមហ៊ុនឧកញ៉ា នួន អក នៅតែបន្តព្យាយាមគេចវេះ ភូតភរម្ដងហើយម្ដងទៀត គឺក្រុមហ៊ុនគ្មានទំនួលខុសត្រូវអ្វីទាំងអស់ ជាពិសេសរំលោភលើសេចក្តីទុកចិត្ត បានធ្វើឲ្យក្រុមពួកគាត់ទាំងអស់គ្នា ជួបនូវវិបត្តិសេដ្ឋកិច្ច ខាតបង់ពេលវេលា បាត់បង់សុភមង្គលគ្រួសារ សេចក្តីសុខទាំងកាយនិងងចិត្ត ។ល។ ដូច្នេះពួកគាត់ស្នើសុំលោកអភិបាលខេត្ត មេត្តាពិនិត្យ និងជួយអន្តរាគមន៍កោះហៅឧកញ៉ានួន អក ឲ្យចេញមុខទទួលខុសត្រូវដោះស្រាយជាមួយពួកគាត់ទាំងអស់គ្នា និងឲ្យគោរពទៅតាមកិច្ចសន្យាក្រុមហ៊ុនរបស់គាត់ ដោយអនុគ្រោះ ។ ជាមួយនេះ តំណាងពលរដ្ឋទាំង៩៦គ្រួសារ ក៏បានបញ្ជាក់ថា ពួកគាត់ទាំងអស់គ្នា មានមោទនភាព និងមានសេចក្ដីសោមនស្សជាអនេក ដែលបានលោកអភិបាលខេត្ត មកគ្រប់គ្រង ដឹកនាំនៅមូលដ្ឋានខេត្តកំពត ។ វត្តមានរបស់លោកអភិបាលខេត្ត បាននូវនាំមកនូវយុត្តិធម៌សង្គម សន្តិសុខ សណ្ដាប់ធ្នាប់ និងការអភិវឌ្ឍដ៏ប្រសើរ ស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល និងស្របតាមបំណងប្រាថ្នាដ៏ចាំបាច់របស់ប្រជាពលរដ្ឋ ។
ពាក់ព័ន្ធនឹងការស្នើសុំរបស់ប្រជាពលរដ្ឋទាំង ៩៦គ្រួសារ ដែលរងគ្រោះដោយការទិញដីខ្យល់ របស់ក្រុមហ៊ុនឧកញ៉ានួន អក ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការឆ្លើយតបពីលោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានទេ កាលពីល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ។
ដោយឡែក ជុំវិញការចោទប្រកាន់របស់ពលរដ្ឋ និងការសុំអន្តរាគមន៍ពីអភិបាលខេត្តកំពត ខាងលើនេះ “នគរធំ” បានព្យាយាមទាក់ទងសុំការបញ្ជាក់ បំភ្លឺពីឧកញ៉ានួន អក កាលពីម្សិលមិញដែរ ប៉ុន្តែមិនបានសម្រេចទេ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន ។ ប៉ុន្តែតាមប្រភពព័ត៌មានក្រៅផ្លូវការ បានឱ្យដឹងថា ពេលនេះ លោកឧកញ៉ា កំពុងរត់គេចខ្លួនពីការទទួលខុសត្រូវចំពោះមុខអតិថិជនរបស់ខ្លួន ហើយសូម្បីតែទំព័រហ្វេសប៊ុក របស់ឧកញ៉ារូបនេះ ដែលធ្លាប់តែសកម្មផុសពីព័ត៌មានផ្សេងៗ ក៏ត្រូវបានបិទចោលដែរ ។
សូមបញ្ជាក់ថា ក្រៅពីប្រឈមនឹងការចោទប្រកាន់បោកប្រជាពលរដ្ឋ រឿងលក់ដីឡូត៍នៅខេត្តកំពត នេះ កាលពីពេលថ្មីៗនេះ ឧកញ៉ានួន អក ក៏ត្រូវក្រុមអាជីវករផ្សារអាហារ ២៤ម៉ោង សមុទ្រខៀវ ក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ចោទប្រកាន់ថា បានបោកយកប្រាក់ពួកគាត់ អស់ខ្ទង់លានដុល្លារ លើការទិញតូបក្នុងផ្សារផងដែរ គឺឧកញ៉ារូបនេះ បានយកលុយពួកគាត់មុនអស់ តែមិនមានតូបផ្សារ សម្រាប់ពួកគាត់លក់ទេ ហើយទីតាំងដីនេះ ជាដីដែលជួលគេ ខណ:ម្ចាស់ដី នឹងរឹបអូសយកវិញ នៅពេលឆាប់ៗខាងមុខនេះ ៕ កុលបុត្រ