Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងស្រីស្នេហ៍សុំបែក រៀបគម្រោងធ្វើស៊ី ជាប់ខ្នោះ

ខឹងស្រីស្នេហ៍សុំបែក រៀបគម្រោងធ្វើស៊ី ជាប់ខ្នោះ

ព្រះសីហនុ ៖ បុរសជាជនជាតិចិនម្នាក់ ខឹងសម្បានឹងសង្សារជាជនជាតិចិនដូចគ្នា សុំបែក និងទាមទារលុយ ច្រើនពេក ក៏បែកគំនិតនាំបក្ខពួករៀបគម្រោងធ្វើស៊ី ដោយចង់ដាក់បន្ទុកទៅលើនារីរងគ្រោះ ថាបានប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដោយបានរៀបចំគ្រឿងញៀន ចំនួន ២កញ្ចប់ ដាក់ក្នុងបន្ទប់សណ្ឋាគារ រួចជាស្រេច រួចណាត់នារីរងគ្រោះ ឱ្យចូលមក បន្ទាប់មក ក៏ប្តឹងសមត្ថកិច្ចចុះឃាត់ខ្លួន ប៉ុន្តែក្រោយពីពិនិត្យរកសាធាតុញៀន លើនារីរងគ្រោះ មិនឃើញ ក៏ឈានដល់ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់។

ករណីនេះ បានកើតឡើងនៅត្រង់ចំណុចអគារព្រីន បន្ទប់លេខ១១១៣ ក្រុមទី០៦ ភូមិ០៤ សង្កាត់០៤ ក្រុង ព្រះសីហនុ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ Tang Zhang Wei ហៅកឺកឺ (ជនជាតិចិន) ទី២-ឈ្មោះ Gao Ya Hong ហៅអាហាវ (ជនជាតិចិន) និងទី៣-ឈ្មោះអេង ភ័ក្ត្រា ហៅត្រា (ជនជាតិខ្មែរ) ជាអ្នកបកប្រែភាសាចិន។ ចំណែកនារីរងគ្រោះ មានឈ្មោះ Lu Xiaoxin (ជនជាតិចិន)។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ថា កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិន ២នាក់ និងខ្មែរម្នាក់ (អ្នកបកប្រែ) ពាក់ព័ន្ធរៀបចំគម្រោងការដាក់បន្ទុកលើនារីចិនម្នាក់ថាប្រើប្រាស់និងជួញដូរគ្រឿងញៀន ដោយយកគ្រឿងញៀន ២កញ្ចប់ ដាក់ក្នុងបន្ទប់សណ្ឋាគារ ហើយណាត់ឱ្យនារីរងគ្រោះចូលទៅក្នុងបន្ទប់ រួចទូរស័ព្ទប្រាប់សមត្ថកិច្ច។ ប៉ុន្តែបន្ទាប់ពីសមត្ថកិច្ចសាកសួរនិងពិនិត្យទឹកនោម លើនារីរងគ្រោះ មិនឃើញសារធាតុញៀននោះឡើយ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ប្រាប់ថា មុនពេលឈានដល់ការឃាត់ ខ្លួនជនសង្ស័យទាំង ៣នាក់ខាងលើ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ៤ ដោយបានទទួល ព័ត៌មានពីអ្នកបកប្រែភាសាចិន ឈ្មោះត្រា ថាមានស្ត្រី ជនជាតិចិនម្នាក់ ប្រើប្រាស់គ្រឿងញៀន និងមានគ្រឿងញៀននៅក្នុងបន្ទប់។ ក្រោយទទួលព័ត៌មាន លោកបាន បញ្ជាកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងភ្លាមៗ ដែលស្ថិតនៅអគាព្រីន បន្ទប់លេខ១១១៣ ក្រុមទី០៦ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ និងឆែកឆេររកឃើញគ្រឿងញៀន ចំនួន២កញ្ចប់ ក៏បាននាំខ្លួនស្ត្រីជនជាតិចិន ឈ្មោះ Lu Xiaoxin មកធ្វើការសាកសួរ តែស្ត្រីរូបនោះ អះអាងថា នាងមិនចេះប្រើប្រាស់គ្រឿងញៀនទេ ហើយក៏ មិន ធ្លាប់រក្សាទុកឬជួញដូរគ្រឿងញៀនដែរ។

ប្រភពដដែល បន្តថា បន្ទាប់មកសមត្ថកិច្ចបានធ្វើតេស្តទឹកនោមស្ត្រីរូបនោះ ទាំងម៉ាទឹកកក (Ice) និងកេតាមីន (K) តែជាលទ្ធផលគឺអវិជ្ជមាន ពោលគឺស្ត្រីជនជាតិចិន រូបនោះ មិនបានប្រើប្រាស់គ្រឿងញៀនប្រាកដមែន។ ដោយ ប្រើប្រាស់វិធានការជំនាញ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបកប្រែ ដែលជាអ្នករាយការណ៍ និងអ្នកពាក់ព័ន្ធ ២នាក់ផ្សេងទៀត ដែលជាជនជាតិចិន ដើម្បីធ្វើការសាកសួរ ទើបដឹងថា ពួកគេរៀបចំគម្រោងធ្វើបាប ទៅលើនារី រងគ្រោះ ឈ្មោះ LU Xiaoxin បំណងចង់ឱ្យនាងជាប់ពន្ធនាគារ។ មូលហេតុដែលគេរៀបគម្រោងបែបនេះ ដោយ សារជនរងគ្រោះ និងជនសង្ស័យឈ្មោះ Tang Zhang Wei ធ្លាប់មានទំនាក់ទំនងជាមួយគ្នា លុះពេលបែកគ្នា នារីរងគ្រោះ ទាមទារលុយច្រើនពេក ទើបសម្រេចចិត្តរៀបចំគម្រោងនេះតែម្តង។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ បន្តស្រាវជ្រាវរកគ្រឿងញៀន និងចាត់ការតាមនីតិវិធី ៕

RELATED ARTICLES