បាត់ដំបង ៖ កម្លាំងការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌខេត្តបាត់ដំបង បានធ្វើការបង្ក្រាប និងឃាត់ ខ្លួនក្រុមអ្នកញៀនល្បែងភ្នាល់ បញ្ជល់មាន់ ១ក្រុម មានគ្នា៦នាក់ និងបានរៀបចំកសាងសំណុំរឿង បញ្ជូន ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ក្រោយពីចុះអប់រំណែនាំ ហាមជាច្រើនដង ប៉ុន្តែក្រុមអ្នកញៀនល្បែង ជល់មាន់ទាំងនោះ មិនព្រមស្តាប់។
តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ក្រុមអ្នកញៀនល្បែងជល់មាន់ទាំង៦នាក់ ត្រូវបានសមត្ថកិច្ច សម្រេចកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីចុះបង្ក្រាប ឃាត់ខ្លួន ពេលដែលពួកគេកំពុងលួចលាក់លេងល្បែងស៊ីសង ខុសច្បាប់ (បញ្ជល់មាន់ ភ្នាល់ដាក់ប្រាក់) នៅចំណុចក្រុមទី១២ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ប្រាប់ថា ជាមួយកិច្ចប្រតិបត្តិ ការខាងលើនេះ ក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ជាមួយនិងវត្ថុតាង មាន់ជល់ ចំនួន៩ក្បាល ជញ្ជីងថ្លឹងមាន់ ១គ្រឿង កៅស៊ូសង្វៀនបញ្ជល់មាន់ ចំនួន១ដុំ ចង្ក្រានហ្គាស់ ចំនួន១ ស៊ុម សម្រាប់ដាក់មាន់ ចំនួន៧ និងឆ្នាំងដាំទឹកស្អំមាន់ ចំនួន១។
ក្រោយពីឃាត់ខ្លួនសាកសួររួច អ្នកលេងល្បែងស៊ីសងខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាម ផ្លូវច្បាប់៕