តាកែវ ៖ ផ្ទះប្រជាពលរដ្ឋចំនួនមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលយប់ បង្កឱ្យមានការ ភ្ញាក់ផ្អើល ឡើងដល់អាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ បញ្ជូនរថយន្តពន្លត់អគ្គិភ័យបាញ់ ជួយបាញ់ទឹកពន្លត់អស់២ រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៤៥នាទីយប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ សង់អំពីឈើ ប្រក់ស័ង្កសី សសរបេតុង ជញ្ជាំងស័ង្កសី ទំហំទទឹង៥ម៉ែត្រ បណ្តោយ ៧ម៉ែត្រ មានម្ចាស់ឈ្មោះសួន ម៉េត ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរកសិករ ជាស្ត្រីមេម៉ាយ។
ចំណែកសម្ភារៈខូចខាត រួមមាន គ្រែដេក១ កង់ ចំនួន២គ្រឿង ទូរទស្សន៍ ១គ្រឿង ខោអាវ មួយចំនួន រួមនិង សម្ភារៈប្រើប្រាស់នៅក្នុងផ្ទះជាច្រើនទៀត សរុបជាទឹកប្រាក់ប្រមាណ ៤០លានរៀល។
តាមការឱ្យដឹងពីសមត្ថកិច្ចជំនាញ ហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ហើយក្រោយពេលទទួលព័ត៌មានខាងលើភ្លាម កម្លាំងជំនាញបានចុះអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកពន្លត់ អស់២ឡាន ទើបភ្លើងបានរលត់ ទៅវិញទាំងស្រុង៕