បន្ទាយមានជ័យ ៖ មនុស្សប្រុសស្រី ២នាក់ ត្រូវសត្វក្របីឡើងក ១ក្បាល ដេញវ័ធ បណ្តាលឱ្យរងរបួសធ្ងន់ ដោយបុរស រងរបួសត្រង់ភ្លៅយ៉ាងធ្ងន់ ចំណែកស្ត្រីរងគ្រោះ រងរបួសខ្នងយ៉ាងធ្ងន់ដូចគ្នា និងត្រូវបានដឹក បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ភ្លាមៗ។
ហេតុការណ៍ខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច លើផ្លូវបេតុង១កន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត។
ជនរងគ្រោះទាំង២នាក់ ដែលត្រូវក្របីវ័ធ បណ្តាលឱ្យរងរបួសធ្ងន់ ទី១-ឈ្មោះហង្ស ខៀវ ភេទប្រុស អាយុ៤៨ឆ្នាំ មានលំនៅ ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (រងរបួសភ្លៅខាងឆ្វេង) និងទី២-មានឈ្មោះ សុវណ្ណ ស្រីលាក់ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់បាយ មានស្រុកកំណើតនៅខេត្តបាត់ដំបង (រងរបួសខ្នង ខាងស្តាំ)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្របីឡើងក ១ក្បាល បានបោល ចេញពីភូមិផ្សារកណ្តាល សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយបោលតាមបណ្តោផ្លូវជាតិលេខ៥ មកចូល ក្នុងផ្សារអគ្គ រួចក៏បានវ័ធទៅលើជនរងគ្រោះ ឈ្មោះហង្ស ខៀវ ដែលកំពុងតែជិះម៉ូតូ បណ្តាលឱ្យរងរបួស ត្រង់ ភ្លៅខាងឆ្វេងតែម្តង។
ប្រភពដដែល បន្តថា ក្រោយពីវ័ធទៅលើជនរងគ្រោះរួចហើយ ក្របីឡើងក ១ក្បាលនោះ បានព្យាយាមបោល ដេញវ័ធអ្នកស្រុក និងបណ្តាលឱ្យស្ត្រីរងគ្រោះឈ្មោះសុវណ្ណ ស្រីលាក់ រងរបួសត្រង់ខ្នងម្នាក់ទៀត។ បន្ទាប់មក ក្របីនោះ បានបោលតាមផ្លូវមួយចំនួនទៀត នៅតាមបណ្តាផ្លូវបេតុងក្នុងក្រុងប៉ោយប៉ែត បង្កការភ្ញាក់ផ្អើលដល់ សមត្ថកិច្ច និងពលរដ្ឋ។
ទោះយ៉ាងណា ក្របីឡើងកមួយក្បាលនោះ ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋ បាននាំគ្នាដេញតាមព័ទ្ធចាប់ដើម្បី កុំឱ្យដេញវ័ធមនុស្សបន្តទៀត។
លោកសៅ សារឿន អធិការក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ក្របីឡើងកខាងលើ ត្រូវបានកម្លាំងលោក ព័ទ្ធចាប់បាន និងកំពុងស្វែងរកម្ចាស់ ដើម្បីមកដោះស្រាយជាមួយជនរងគ្រាះ និងប្រគល់ក្របី ឱ្យម្ចាស់វិញ៕