ភ្នំពេញ ៖កីឡាករប្រដាល់ក្លឹបសុភានូមានជ័យម្នាក់ ស្រវឹងទឹកត្នោតជូរចូលទៅដេកឱបកូនក្រមុំគេ ពេលនាងដឹងខ្លួនឡើងស្រែកឆោឡោប្តឹងសមត្ថកិច្ចឃាត់ខ្លួនពីបទបៀតបៀនកេរ្តិ៍ខ្មាស កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឌីន ឆៃណា ភេទប្រុស អាយុ២៥ឆ្នាំ ជាកីឡា ប្រដាល់នៅក្លឹបសុភានូមានជ័យ ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើតនៅស្រុកអន្លង់វែង ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះមានឈ្មោះ រ.ស.ខ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះកើតហេតុស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ ។

ម្ដាយជនរងគ្រោះមានឈ្មោះ អ៊ីន រ៉ន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរអ្នកអនាម័យ បានប្រាប់ថា មុនកើតហេតុកូនស្រីគាត់ដេកនៅផ្ទះជួលខាងលើជាមួយប្អូនស្រី៣នាក់ទៀត ស្រាប់តែជនសង្ស័យជាកីឡាករប្រដាល់បានទៅដេកឱបកូនស្រីច្បងរបស់គាត់ តែនាងមិនបានចាប់អារម្មរណ៍ទេ ទាល់តែពេលភ្ញាក់ដឹងខ្លួនឡើងទៅបត់ជើងតូច មើលទៅមិនមែនបងប្អូន ក៏ស្ទុះចេញស្រែកផ្អើលឆោឡោ ហើយកូនស្រីរត់ទៅគាស់ទ្វារបន្ទប់គាត់ ទើបដឹងហើយប្ដឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ ទៅចាប់ជនសង្ស័យដែលជាកីឡាករ ស្នាក់នៅក្នុងក្លឹបសុភានូមានជ័យ ស្ថិតនៅក្នុងភូមិជាមួយគ្នា ។
ចំណែកលោកម៉ៅ សឿត អធិការរងខណ្ឌច្បារអំពៅបានប្រាប់ថា ជនសង្ស័យជាកីឡាប្រដាល់សេរី ហ្វឹកហាត់នៅក្លឹបសុភានូមានជ័យ ឡើងប្រកួតបានចំនួន១០ដង ក្នុងនោះឈ្នះ៨ដងនិងចាញ់២ដង។ មុនពេលកើតហេតុជនសង្ស័យបានទៅផឹកទឹកត្នោតជូរ ជាមួយមិត្តភក្តិនិងឪពុកមារបស់ជនរងគ្រោះ សរុបទាំងអស់គ្នា៣នាក់ អង្គុយផឹកនៅផ្ទះមិត្តក្តិនៅក្បែរផ្ទះជនរងគ្រោះ ដោយផឹកទឹកត្នោតជូរអស់២០លីត្រ រហូតស្រវឹងជោកជាំហើយ ស្រាប់តែបាត់ឪពុកមារបស់ជនរងគ្រោះដែលអង្គុយជាមួយគ្នានោះទើបរូបគេដើររក ក៏ចូលទៅច្រឡំផ្ទះរបស់ជនរងគ្រោះ ពេលដែលដើរចូល

ទៅស្រែកហៅឪពុកមាររបស់ជនរងគ្រោះអត់មានអ្នកឆ្លើយ ក៏បានចូលទៅដេកអោបជនរងគ្រោះដែលកំពុងដេកជាមួយប្អូន៣នាក់ ។ លុះពេល ជនរងគ្រោះដឹងខ្លួន ក៏ស្រែកជេរ និងយករឿងហេតុប្រាប់ម្តាយ រួចប្ដឹងនគរបាលប៉ុស្តិ៍ឃាត់ តែម្តង ។
ក្រោយពីសមត្ថកិច្ចហៅជនសង្ស័យទៅសួរនាំ ជនសង្ស័យបានសារភាពដូចការចោទប្រកាន់ពិតប្រាកដមែន នគរបាលប៉ុស្តិ៍វាលស្បូវ បានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន ខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់ ៕