ភ្នំពេញ ៖ អតីតភិក្ខុវជិរប្បញ្ញោ សាន សុជា បន្ទាប់ពីបានលាចាកសិក្ខាបទនៅប្រទេសអូស្ត្រាលី និងបាននិវត្តន៍មកកាន់ប្រទេសកម្ពុជា ហើយបានចូលជួបសម្តែងការគួរសមជាមួយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ រួចមក បានធ្វើការឆ្លើយតបទៅបុគ្គលមួយចំនួន ដែលបានរិះគន់ ដៀមដាម វាយប្រហារ រហូតដល់ជេរប្រមាថរូបលោកថា ដោយសារតែគ្រប់គ្រងតណ្ហាខ្លួនឯងមិនបាន ទើបសឹកនោះ ដោយលោកបញ្ជាក់ថា រាល់សំណួរ មិនប្រាកដថាត្រូវតែឆ្លើយ ហើយបើជាការចោទប្រកាន់ រឹតតែមិនចាំបាច់ឆ្លើយ។ ជាពិសេសច្បាស់ណាស់ថា ពួកអ្នកទាំងនោះ មិនដែលជ្រះថ្លានឹងធម្មទានរបស់លោក តាំងពីលោកនៅជាបព្វជិតម្ល៉េះ ដែលនេះជាមូលហេតុដែលលោកមិនចំណាយកម្លាំងនិងពេលវេលា ទៅឆ្លើយតប។

សូមបញ្ជាក់ថា ភិក្ខុវជិរប្បញ្ញោ សាន សុជា បានលាចាកសិក្ខាបទ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅលើទឹកដីអូស្រ្តាលី បន្ទាប់ពីបានបួសអស់ ៣១ឆ្នាំ និងបានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងវិស័យព្រះពុទ្ធសាសនា តាមរយៈការសម្តែងធម៌ទេសនា និងការបង្រៀនធម៌ដល់ពុទ្ធបរិស័ទ ។ ក្រោយលាចាកសិក្ខាបទ អន្ទិតសាន សុជា បានបន្តរស់នៅ និងផ្ដល់ចំណេះដឹងផ្នែកព្រះពុទ្ធសាសនា ដល់ប្រជាពលរដ្ឋខ្មែរ នៅលើទឹកដីអូស្រ្តាលី អស់រយៈពេលជាង១០ថ្ងៃ ក៏បានវិលត្រលប់មកប្រទេសកម្ពុជា ហើយក៏បានចូលជួបសម្ដែងការគួរសមជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅឯភូមិគ្រឹះរបស់សម្ដេច ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ។
បន្ទាប់ពីបានឃើញអន្ទិតសាន សុជា ចូលជួបសម្តេចហ៊ុន សែន មានមនុស្សមួយចំនួនដែលមាននិន្នាការប្រឆាំង ក្នុងនោះមានទាំងព្រះសង្ឃមួយអង្គ ព្រះនាមប៊ុត ប៊ុនតិញ ដែលកំពុងគង់នៅវត្តភ្នំសេរី លើទឹកដីសហរដ្ឋអាមេរិក បានរិះគន់ថា លោកសាន សុជា ត្រូវរ៉ូវចូលបម្រើសម្ដេចហ៊ុន សែន តាំងពីមុនពេលសឹកម៉្លេះ ។
ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ថា “បណ្ឌិតស្រុកខ្មែរ អាចប្រែខ្លួនទៅជាពាលវិញ។ ចាំមើលដោយខ្លួនឯងចុះ អាត្មានិយាយខ្លីប៉ុណ្ណឹង ។ ល្បងសាន សុជា នឹងចូលបម្រើគ្រួសារហ៊ុន សែន ហើយចូលបម្រើនេះ បានគិតត្រូវរ៉ូវគ្នាតាំងពីមុនគាត់សឹក។ មុនសឹក គិត ម៉េង និងគឹម សន្តិភាព បានទៅជួបផ្ដល់យោបល់“ ។

នៅរាត្រីថ្ងៃដដែលនោះ ភិក្ខុប៊ុត ប៊ុនតិញ បានបង្ហោះរូបភាពអន្ទិតសាន សុជា ក្រោយពេលសឹក និងពេលជួបសម្តេចហ៊ុន សែន ភ្ជាប់ជាមួយទ្រឹស្តី «សុខចិត្តធ្វើជាចាប រស់ក្នុងគុម្ពោតព្រៃ ប្រសើរជាងធ្វើជារាជសីហ៍ រស់ក្នុងទ្រុងមាស» ក្នុងន័យចំអកឲ្យអន្ទិតសាន សុជា ជាមួយសំណេរបន្ថែមថា «ទ្រឹស្ដីប្រើការមិនកើត។ រត់ចូលទ្រុងមាសខ្លួនឯងសោះហ្នឹង។ ដោយចាប សុជា ទ្រឹស្ដីចេញពីទ្រុងមាស!»។
ទោះបីជាយ៉ាងណា អន្ទិតសាន សុជា មិនបានឆ្លើយតបចំពោះការលើកឡើងរបស់ភិក្ខុប៊ុត ប៊ុនតិញ ខាងលើនេះទេ ដោយលោកបានបង្ហោះរូបភាពមួយសន្លឹក ក្នុងកាយវិការស្និទ្ធស្នាលដូចគូសង្សារ ជាមួយនារីវ័យក្មេងម្នាក់ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ជាមួយសំណេរខ្លីថា «រាល់សំណួរ មិនប្រាកដថាត្រូវតែឆ្លើយ បើជាការចោទប្រកាន់ រឹតតែមិនចាំបាច់ឆ្លើយ»។
ការបង្ហោះរូបភាព និងសំណេរខាងលើ បានធ្វើឲ្យបុគ្គលមួយចំនួន ដែលមាននិន្នាការប្រឆាំង យល់ថានារីវ័យក្មេងម្នាក់នោះ ដែលអន្ទិតសាន សុជា ឱបយ៉ាងស្និទ្ធនោះ គឺជាសង្សារ (តែអ្នកខ្លះថាជាប្អូនស្រីពៅ) ក្នុងចំណោមនោះ មានអ្នកខ្លះបានចូលទៅបញ្ចេញយោបល់ (Comment) ថា ពួកគេនៅតែមានការជឿជាក់លើលោកបណ្ឌិត សាន សុជា ដែលថា «សុខចិត្តធ្វើជាចាប រស់ក្នុងគុម្ពោតព្រៃ ប្រសើរជាងធ្វើជារាជសីហ៍ រស់ក្នុងទ្រុងមាស» នោះ ប៉ុន្តែមានមួយចំនួន បានលើកឡើងថា «កុំជឿខ្លាំងពេក ព្រោះដោយសារគ្រប់គ្រងតណ្ហាមិនបាន ទើបលោកសឹក»។ ចំណែកមួយចំនួនទៀតថា អតីតភិក្ខុ សាន សុជា ចូលជួបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនេះ គឺជាការរៀបចំទុករួចជាស្រេច ហើយគេជឿថា អន្ទិតសាន សុជា នឹងចូលបម្រើសម្តេចហ៊ុន សែន ឬគណបក្សប្រជាជនកម្ពុជា ហើយនឹងទទួលបានតំណែងធំ នៅក្រសួងធម្មការនិងសាសនា។
ទោះបីយ៉ាងណា ជុំវិញការលើកឡើងរបស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ និងសកម្មជនប្រឆាំង ខាងលើនេះ លោកសាន សុជា បានធ្វើការឆ្លើយតប នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ថា អ្នកដែលដៀមដាម ឬរហូតដល់ជេរប្រមាថលោក ច្បាស់ណាស់ថា ពួកគាត់មិនដែលជ្រះថ្លានឹងធម្មទានរបស់លោក តាំងពីលោកនៅជាបព្វជិតម្ល៉េះ នេះជាមូលហេតុដែលលោកមិនចំណាយកម្លាំងនិងពេលវេលាទៅឆ្លើយតប គឺលោកយកចិត្តទុកដាក់ជាមួយតែអ្នកដែលចង់រួមដំណើរជាមួយលោកប៉ុណ្ណោះ។ អន្ទិតសាន សុជា បញ្ជាក់ថា រស់ក្នុងសង្គម ត្រូវមានទំនាក់ទំនងល្អ ហើយការជួប គឺជាការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក សូម្បីព្រះសម្មាសម្ពុទ្ធ ក៏ធ្លាប់យាងទៅជួបព្រះរាជា ឬសេនាបតីដែរ មិនមែនការជួប សុទ្ធតែកើតចេញពីចិត្តកខ្វក់ឡើយ។

លោកសាន សុជា បានបង្ហោះរូបភាពរបស់លោកពេលជួបសម្តេចប៉ាប សម្តេចហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ជាមួយសំណេរថា «អ្នកដែលជ្រះថ្លានឹងព្រះធម៌ដែលខ្ញុំបង្រៀន ឬសម្តែងពន្យល់ពិតប្រាកដ ពួកគាត់ប្រាកដជាយល់ច្បាស់ថា ខ្ញុំជាមនុស្សបែបណាមិនខាន ពួកគាត់មិនអាចងាករេចិត្តចេញពីព្រះធម៌ ព្រោះតែការងារផ្ទាល់ខ្លួនរបស់ខ្ញុំឡើយ ព្រោះពួកគាត់បានទទួលប្រយោជន៍អំពីព្រះធម៌រួចទៅហើយ។ ពួកគាត់ពិតជាមិនខឹងសម្បានឹងជីវិតឯកជនរបស់ខ្ញុំឡើយ ទឹកចិត្តរបស់ពួកគាត់ មានតែព្រួយបារម្ភពីសុខទុក្ខរបស់ខ្ញុំ នឹងរង់ចាំចូលរួមក្នុងដំណើរធម្មទានរបស់ខ្ញុំ តទៅមុខទៀតប៉ុណ្ណោះ។ ចំណែកអ្នកដែលដៀមដាម ឬរហូតដល់ជេរប្រមាថខ្ញុំ ច្បាស់ណាស់ថា ពួកគាត់មិនដែលជ្រះថ្លានឹងធម្មទានរបស់ខ្ញុំ តាំងពីខ្ញុំនៅជាបព្វជិតម្ល៉េះ នេះជាមូលហេតុដែលខ្ញុំមិនចំណាយកម្លាំងនិងពេលវេលាទៅឆ្លើយតប ខ្ញុំយកចិត្តទុកដាក់ជាមួយតែអ្នកដែលចង់រួមដំណើរជាមួយខ្ញុំប៉ុណ្ណោះ។ រស់ក្នុងសង្គម ត្រូវមានទំនាក់ទំនងល្អ ហើយការជួប គឺជាការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក សូម្បីព្រះសម្មាសម្ពុទ្ធ ក៏ធ្លាប់យាងទៅជួបព្រះរាជា ឬសេនាបតីដែរ មិនមែនការជួប សុទ្ធតែកើតចេញពីចិត្តកខ្វក់ឡើយ។ ដូចកាលពីដើមឆ្នាំ ខ្ញុំបានទៅជួបសម្តេចប៉ាប មិនមែនព្រោះខ្ញុំដូរសាសនា ទើបទៅជួបបាននោះទេ គ្រាន់តែជាការបង្កើនមិត្តភាពរវាងអ្នកគោរពសាសនាប៉ុណ្ណោះ។ ខ្ញុំនៅតែជាខ្ញុំ ខ្ញុំនៅតែគោរពដើរតាមមាគ៌ាព្រះសម្មាសម្ពុទ្ធ ដដែល»៕ ខៀវទុំ