ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ដែលអតីតកីឡាករប្រដាល់ លោកបឺត សំរេច បានអះអាងថា លោកគឺជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ប៉ុន្តែរយៈពេលជិត៥០ឆ្នាំមកនេះ លោកមិនដែលទម្លាយប្រាប់អ្នកណាម្នាក់ឡើយ ដោយសារតែលោកមានអារម្មណ៍ខ្មាស ដែលខ្លួនជាកូនឥតខាន់ស្លា ព្រោះម្តាយមិនបានរៀបការស្របច្បាប់ជាមួយឪពុក ស៊ីន ស៊ីសាមុត នោះទេ (ភរិយាលោកស៊ីន ស៊ីសាមុត ត្រូវបានគេស្គាល់តែ ២នាក់ គឺទ១-ឈ្មោះខាវ ថងញ៉ុត និងទី២- ឈឺន អង្គារ៉ា) គឈមានឈ្មោះត្រឹមស្រីកំណាន់ ឬសង្សារ ហើយខ្លួនត្រូវម្តាយបោះបង់ចោល ឲ្យរស់នៅជាមួយម្តាយចិញ្ចឹម ដែលត្រូវជាអ៊ំស្រីបង្កើត តាំងពីតូចមក។អតីតកីឡាករប្រដាល់ លោកបឺត សំរេច វ័យ៤៩ឆ្នាំ (ឆ្នាំកំណើត១៩៧៤) បានទម្លាយរឿងខ្លួនជាតំណក់ឈាមរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នេះ កាលពីរាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈកម្មវិធីចម្រៀងគ្រួសារខ្មែរ។

លោកបឺត សំរេច បានរៀបរាប់ទាំងអួលដើមកថា “បើនិយាយទៅ ខ្ញុំសូមបង្ហើបបន្តិចៗចុះ ហើយពុកម៉ែ បងប្អូន បើសិនជាបានដឹង សូមមេត្តាខន្តីអភ័យទោស ខ្ញុំបាទជាកូនប្រុសអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ខ្ញុំកូនប្រុសគាត់បង្កើត អ៊ីចឹងចំណុចណាដែលខ្ញុំទប់ចិត្តបាន ក៏ខ្ញុំអត់និយាយដែរ។ ខ្ញុំកើតនៅឆ្នាំ១៩៧៤ ខ្ញុំមិនមែនជាកូនអ៊ំ ខាវ ថងញ៉ុត ទេ ហើយក៏មិនមែនកូនអ្នកមីង អង្គារ៉ា ដែរ ម្តាយខ្ញុំក៏ជាអ្នករបាំព្រះរាជទ្រព្យ ជំនាន់នោះដែរ ហើយគាត់ជារៀមច្បងរបស់អ្នកមីងអង្គារ៉ា ពេលនោះប៉ាខ្ញុំ បានរស់នៅជាមួយម្តាយខ្ញុំ ទម្ងន់ខ្ញុំ ៤ខែ មុនមីងអង្គារ៉ា នេះតាមដែលម្តាយចិញ្ចឹមខ្ញុំ គាត់រៀបរាប់ប្រាប់ខ្ញុំ ដល់អ៊ីចឹងទៅ នៅពេលដែលខ្ញុំកើតបាន ៦ខែ ម្តាយខ្ញុំគាត់ខឹង ដោយសារប៉ាខ្ញុំគាត់បានរៀបការជាមួយមីងអង្គារ៉ា អ៊ីចឹងទៅ ម្តាយខ្ញុំក៏គាត់ខឹងប៉ា ក៏រត់ទៅស្រុកឡាវ ស្រុកខាងម្តាយខ្ញុំ។ ម្តាយខ្ញុំ ជាកូនកាត់ឡាវ-ចិន-ខ្មែរ ម្តាយខ្ញុំឈ្មោះធីម វិជ្ជរ៉ា ជាអ្នករាំរបាំព្រះរាជទ្រព្យ កាលពីជំនាន់នោះ។ សម្រាប់ខ្ញុំ មានតែ១គត់ (បងប្អូន) ហើយដោយសារតែម្តាយខ្ញុំ ពីមុនគាត់ជាស្រីមេម៉ាយ មុននឹងបានប៉ាខ្ញុំ គាត់ជាអ្នករបាំហើយគាត់ជាពេទ្យប្រចាំនៅខេត្តកំពង់ឆ្នាំង ផង គាត់ធ្វើពេទ្យ។ អ៊ីចឹងខ្ញុំជម្រាបបងប្អូន ពុកម៉ែ បើសិនជាបានស្គាល់ខ្ញុំបាទ បានដឹងព័ត៌មាននេះហើយ សូមកុំ…។ ខ្ញុំដឹងរឿងនេះ នៅពេលខ្ញុំអាយុ១៤ឆ្នាំ ម្តាយចិញ្ចឹមខ្ញុំ ជាអ្នកប្រាប់ ហើយម្តាយដើមខ្ញុំ គាត់ទៅយកប្តីថៃ ហើយមានគ្រួសារថៃ មួយទៀត បានកូនស្រី ៣នាក់តទៀត ហើយខ្ញុំរស់នៅជាមួយម្តាយចិញ្ចឹម រហូតមក» ។

លោកបឺត សំរេច បន្តថា «ខ្ញុំចេះតែចង់លាក់ តាំងពីតូចមក គេចេះតែនិយាយថា ខ្ញុំជាកូនអត់ឪ ជាកូនអត់ម្តាយ ទើបចេះតែមានអារម្មណ៍ដក់ក្នុងបេះដូង មិនចង់និយាយឱ្យអ្នកណាដឹងទេ ហើយក៏សូមប្រាប់ជម្រាបបងប្អូនឱ្យដឹងថា ខ្ញុំមិនមែនជាកូនម្តាយជាមួយនឹងប៉ាស្របច្បាប់ ខាន់ស្លាអីទេ គ្រាន់តែចង់ប្រាប់បងប្អូនថា អរគុណណាស់ ដែលខ្ញុំរស់នៅបានរាល់ថ្ងៃ ស៊ូលំបាកវេទនា ហើយកាលពីខ្ញុំកើតមកនោះ ប៉ាក៏តាមទៅយកខ្ញុំមកដែរ តាមទៅយកទាំងម៉ាក់ ទាំងខ្ញុំ មកដែរ តែម៉ាក់គាត់អត់មកតាមទេ ដោយសារតែគាត់ខឹងប៉ាខ្លាំង គាត់ថា “យ៉ាងណាក៏ខ្ញុំអត់ទៅវិញដែរ បងឯងទៅវិញចុះ ហើយកូននេះក៏ខ្ញុំអត់ឱ្យដែរ ទុកឱ្យខ្ញុំមើលថែវាចុះ” គាត់បាននិយាយអ៊ីចឹង ថ្ងៃដែលប៉ាទៅ ម៉ាក់ចិញ្ចឹមខ្ញុំ គាត់ជាបងស្រីរបស់ម្តាយខ្ញុំបង្កើត អ៊ីចឹងក៏គាត់ប្រាប់ប៉ាថា “អត់ឱ្យកូនហ្នឹងទេ បងទៅវិញចុះ” អ៊ីចឹងក៏ចេញមកសម័យហ្នឹងទៅ ក៏ស្លាប់នៅក្នុងសម័យប៉ុល ពត ទៅ ហើយខ្ញុំក៏បានរួចផុតជាមួយម្តាយនៅឯស្រុកឡាវ ហើយបើសិនជាមកតាមប៉ា ប្រហែលជាទៅទាំងអស់គ្នាហើយ បើមីងអង្គារ៉ា គាត់អត់នៅផង ទម្រាំម៉ាក់ខ្ញុំទៀត ពេទ្យទៀត ល្មម ម្តាយខ្ញុំស្លាប់បាត់ហើយ នៅតែម្តាយចិញ្ចឹមខ្ញុំ បងស្រីគាត់ នៅ…”។

លោកបឺត សំរេច បានបន្តថា “ខ្ញុំចង់ជម្រាបជូនបន្តិច ដំណឹងដែលប៉ាគាត់ប្រាប់ម្តាយចិញ្ចឹមខ្ញុំ គាត់ថា អត់ឱ្យខ្ញុំធ្វើជាតារាចម្រៀងទេ បណ្តាំគាត់ចុងក្រោយហ្នឹងគឺ “បងស្រីអើយ បើចញ្ចឹមគាត់ មើលថែគាត់ទៅ ឱ្យគាត់ធ្វើជាយោធា ធ្វើជាប៉ូលិស ធ្វើជាពេទ្យអីទៅ កុំឱ្យធ្វើតារា ចម្រៀង” អ៊ីចឹងខ្ញុំអត់មានអីត្រូវលាក់លៀមទៀតទេពេលនេះ ហើយមូលហេតុដែលពីមុន ខ្ញុំមិនព្រមទម្លាយចេញ ដោយសារតែខ្ញុំមានការខ្មាសអៀន ព្រោះម្តាយ មិនមែនជាប្រពន្ធស្របច្បាប់របស់ប៉ា (ស៊ីន ស៊ីសាមុត) គ្រាន់តែជាស្រីកំណាន់លួចលាក់អ៊ីចឹងទៅ ពេលអារម្មណ៍ដែលដឹងក្តីមក ចេះតែបៀមលាក់ទុក មិនចង់ឱ្យអ្នកណាដឹងពីប្រវត្តិរបស់ខ្លួនទេ ហើយម្តាយចិញ្ចឹមរបស់ខ្ញុំ គាត់ថា កុំលាក់ទៀត ពេលហ្នឹងអាចនិយាយទៅ ព្រោះកូនក៏ចាស់ដែរហើយ អាចមានបងប្អូន ពលរដ្ឋយើងដែលនៅក្នុងស្រុក ឬនៅក្នុងស្រុក គេអាណិតស្រលាញ់ អ៊ីចឹងហើយក៏ខ្ញុំអត់ចង់និយាយប្រវត្តិនេះ ឱ្យបងប្អូនរួមក្លឹបប្រដាល់ និយាយរួម តាំងពីតូចមក ខ្ញុំមិនដែលចង់និយាយប្រវត្តិប៉ា ឱ្យគេស្តាប់ទេ ដោយសារពេលយើងនិយាយទៅ គេគិតថា ប៉ះនូវ អារម្មណ៍បងប្អូនដែលស្រលាញ់ប៉ា គេថាយើងចេះតែប្រឌិត ចេះតែនិយាយ មូលហេតុចង់ឱ្យខ្លួនយ៉ាងម៉េចៗ ខ្ញុំអត់ចង់អ៊ីចឹងទេ និយាយឱ្យចំទៅ ខ្ញុំមានអារម្មណ៍ខ្មាសគេខ្លាំង ហើយមួយទៀត ប៉ាបានផ្តាំម្តាយចិញ្ចឹមខ្ញុំថា មិនចង់ឱ្យខ្ញុំល្បីទៅខាងសិល្បៈអីនោះទេ ជាមនុស្សសាមញ្ញ ជាមនុស្សធម្មតា មិនចង់ឱ្យល្បីទេ។ និយាយទៅគាត់អត់ចង់ឱ្យខ្ញុំល្បីទេ ហើយម្តាយខ្ញុំក៏បានផ្តែផ្តាំដែរថា “បងយកវាទៅតាមប៉ាទៅ ប៉ាវាមិនឱ្យធ្វើអី កុំធ្វើ” ពេលដែលខ្ញុំដឹងក្តី ១៤ឆ្នាំ ខ្ញុំនៅបម្រើគេរហូត ម្តាយចិញ្ចឹមខ្ញុំ គាត់យកខ្ញុំទៅនៅស្រុកថៃ ស៊ីឈ្នួលគេ ចិញ្ចឹមសេះ ចិញ្ចឹមគោឱ្យគេ ហើយរហូតដល់ខ្ញុំបាន ១៥-១៦ឆ្នាំ ក៏វិលមកចូលហាត់ប្រដាល់នៅបាត់ដំបង…”។

លោកបឺត សំរេច បានឱ្យដឹងបន្តទៀតថា “បើនិយាយទៅ ខ្ញុំបែកម្តាយខ្ញុំ តាំងពីអាយុ៦ខែ ពីព្រោះម្តាយខ្ញុំបង្កើត គាត់អត់ស្រលាញ់ខ្ញុំទេ បើនិយាយទៅ គាត់ថាបងយកវាទៅណាយកចុះ ព្រោះកូនហ្នឹង ដោយសារវាធំទេ បើវានៅតូច ខ្ញុំយកវាចេញហើយ គាត់អត់ចង់ឱ្យជាប់ឈាមប៉ាទេ ដោយសារតែប៉ា បោកប្រាស់ចិត្តគាត់។ ឈ្មោះខ្ញុំពិត មិនមែនឈ្មោះបឺត សំរេច ទេ ម្តាយចិញ្ចឹមខ្ញុំ គាត់ដាក់ត្រកូលតារបស់គាត់ គាត់ដាក់ថា ធីម ភ័គលីន ខ្ញុំធំដឹងក្តីកាលណា គេហៅខ្ញុំថា ភ័គលីនៗ ហើយបឺត សំរេច នេះ គ្រាន់តែជាឈ្មោះប្រដាល់អាជីពរបស់ខ្ញុំប៉ុណ្ណោះឯង។ បើនិយាយត្រកូលស៊ីន ប៉ាខ្ញុំ កាលគាត់ទៅលេងខ្ញុំ គាត់អត់បានដាក់ឈ្មោះឱ្យខ្ញុំទេ ហើយម្តាយខ្ញុំ ក៏អត់បានដាក់ឈ្មោះឱ្យខ្ញុំដែរ ពេលដែលខ្ញុំធំឡើង អាយុ១៦ឆ្នាំនោះ ខ្ញុំស្រលាញ់ឈ្មោះប៉ា ឈ្មោះម៉ាក់ ខ្ញុំតែងតែប្រាប់គេថា ខ្ញុំមិនមែនឈ្មោះភ័គលីន ទេ ខ្ញុំឈ្មោះសាមុត ពីរ ព្រោះខ្ញុំស្រលាញ់ឈ្មោះប៉ា ឈ្មោះម៉ាក់ ហើយម្តាយរបស់ខ្ញុំ កាលគាត់នៅរាំរបាំព្រះរាជទ្រព្យ គាត់ជាបងធម៌អ្នកមីង អង្គារ៉ា គាត់អ្នកជំនាន់មុន គាត់រៀមច្បង គាត់បង្ហាត់មីងអង្គារ៉ា គាត់បង្ហាត់ដល់ទៅគាត់ស្រលាញ់រាប់អានគ្នាអ៊ីចឹងទៅ។ ក្នុងវង់ព្រះរាជទ្រព្យ គេតែងតែហៅគាត់ រ៉ាពីៗ ជាមួយនឹងបងប្អូនគេនៅក្នុងក្រុមហ្នឹង ដល់ពេលដែលមានបញ្ហាផ្ទុះឡើងហ្នឹង ម្តាយខ្ញុំក៏រត់ទៅឡាវ ដល់ពេលឮម៉ាក់គាត់ថា ម៉ាក់ខ្ញុំគាត់ទម្ងន់ ២ខែ គាត់ឈប់រាំតែម្តង គាត់ឈប់មកសិល្បៈ គាត់ទៅនៅតែពេទ្យ ដល់ពេទ្យពេលដឹងថាពោះធំ គាត់ក៏ឈប់នៅពេទ្យទៀត គាត់នៅតែផ្ទះទេ ដល់ពេលដឹងពីប្រវត្តិប៉ារៀបការស្របច្បាប់ ជាមួយមីងអង្គារ៉ា គាត់ទៅហ្មង គាត់ប្រាប់បងស្រីគាត់ថា គាត់អត់រស់ទៀតទេ គាត់សម្លាប់ខ្លួន ម្តាយចិញ្ចឹមខ្ញុំថាអ៊ីចឹង…”៕ ដារិទ្ធ