Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដកផ្សិតធ្វើចង្ហាន់ ពុល១វត្ត ទាំងលោកសង្ឃ និងតា អាចារ្យ-ដូនជី

ដកផ្សិតធ្វើចង្ហាន់ ពុល១វត្ត ទាំងលោកសង្ឃ និងតា អាចារ្យ-ដូនជី

សៀមរាប ៖ តាយាយគណៈកម្មការវត្ត ព្រមទាំងកូនសិស្សលោកជាច្រើននាក់ បាននាំគ្នាទៅដកផ្សិតនៅក្បែរវត្ត យកមកធ្វើចង្ហាន់ ប្រគេនព្រះសង្ឃឆាន់ចង្ហាន់ថ្ងៃត្រង់ លុះក្រោយពីព្រះសង្ឃឆាន់រួច តាយាយ និងកូនសិស្ស ដែលស្នាក់នៅក្នុងវត្ត នាំគ្នាទទួលទានម្តង ស្រាប់តែ មិនបានប៉ុន្មាន មានតាយាយ ប្រជាពលរដ្ឋ និងព្រះសង្ឃ សរុបចំនួន១៨អង្គ-នាក់ បានកើតមានអាការពុល និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិវេណវត្តភ្នំហប់ ភូមិខ្នារង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី។

លោករិន ឡូត អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ប្រាប់ថា លោកតា លោកយាយ ពលរដ្ឋ និងព្រះសង្ឃ ចំនួន១៨អង្គ-នាក់ បានកើតមានអាការពុល បន្ទាប់ពីយកចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅក្នុងវត្តភ្នំហប់។ ចំពោះមូលហេតុ ដោយសារពុទ្ធបរិស័ទ បាននាំគ្នាទៅដកផ្សិត នៅក្នុងព្រៃក្បែរវត្តភ្នំហប់ រួចយកមកធ្វើ ចង្ហាន់ ប្រគេនព្រះសង្ឃ លុះព្រះសង្ឃឆាន់រួច ពុទ្ធបរិស័ទតាយាយ ក៏ទទួលទាន ទើប កើតមានអាការពុលទាំងអស់គ្នា ដែលសរុបមានព្រះសង្ឃ ៥អង្គ និងលោកតា លោកយាយ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ១៨នាក់ (ស្រី៤នាក់)។

ក្រោយពេលកើតហេតុ ភ្លាមក្រុមការងាររបស់រដ្ឋបាលស្រុកបន្ទាយស្រី បានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ ពីមណ្ឌលសុខភាពឃុនរាម និងមណ្ឌលសុខភាពរុនតាឯក និងមណ្ឌលសុខភាពឃុំស្រែណូយ ស្រុកវ៉ារិន បញ្ជូន ជនរងគ្រោះដែលធ្ងន់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប ។

ទោះបីជាយ៉ាងណា ករណីនេះ មិនមានអ្នកណាគ្រោះថ្នាក់ដល់ជីវិតទេ ដោយជនរងគ្រោះ ដែលពុលផ្សិត ចំនួន ១៨អង្គ-នាក់ នោះបានធូរស្រាល និងចេញពីមណ្ឌលសុខភាពអស់ហើយ៕

RELATED ARTICLES