ភ្នំពេញ៖លោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានប៉ៈជាមួយFan របស់ខ្លួន២ដងគឺលើកទី១កាលពីខែសីហា ឆ្នាំ២០២២ ដែលលោកបានបបួលប្រជាពលរដ្ឋទៅដាំដើមឈើឡើងវិញនៅភ្នំតាម៉ៅ ក្រោយក្រុមហ៊ុនលោកឡេង ណាវ៉ាត្រា ទៅឈូសឆាយឲ្យរាបស្មើដល់ដីអស់ជាង៦០០ហិកតា និងលើកទី២កាលពីខែចុងខែឧសភា លោកបានចេញមុខការពារថៅកែសារជាថ្មី ពាក់ព័ន្ធភាពចម្រូងចម្រាសរឿងកក់លុយទិញផ្ទះអស់ អត់ទាន់បានផ្ទះតាមកិច្ចសន្យាដែលធ្វើឲ្យអ្នកគាំទ្រលោកជាច្រើនបញ្ចេញសារឌឺដងជាខ្លាំង ព្រោះពួកគេទាំងនោះមិនឯកភាពតាមគំនិតលោកទាំងស្រុងឡើយ ហេតុនេះហើយបានជាមានការព្រួយបារម្ភពីសំណាក់អ្នកនិយមស្ដាប់បទចម្រៀងរបស់លោកថាខ្លាចតែអតីតតារាហង្សមាសរូបនេះជួបវាសនាដូចនាងតន់ ច័ន្ទសីម៉ា ។ការលើកឡើងបែបនេះដោយសារតែលោកប៊ុនថៃ និងច័ន្ទសីម៉ា ជាតារាសកម្មជាងមិត្តរួមក្រុមក្នុងការចេញមុខការពារថៅកែ ហើយមុននេះនាងសីម៉ា ត្រូវបានគេសង្កេតឃើញថាចំនួនអ្នកគាំទ្របទចម្រៀងរបស់នាងមានViews ធ្លាក់ជាងមុននាពេលនេះព្រោះតែនាងមិនស្ដាប់តាមយោបល់ ឬការសំណូមពររបស់Fan ឡើយ។
ដោយឡែកសម្រាប់លោកសិរីមន្ដ ក៍ធ្លាប់ធ្វើដូចនាងសីម៉ា ដែរពោលគឺទោះជាមានអ្នកគាំទ្ររបស់ខ្លួនសំណូមពរកុំឲ្យចេញមុខLive ទាក់ទងរឿងថៅកែយ៉ាងណាក៍លោកមិនស្ដាប់ ហើយអ្វីដែលគេរឹតតែហួសចិត្តទៀតនោះគឺរឿងលោកមិនត្រូវយំសោះ បែជាលោកបង្ហូរទឹកភ្នែកទាល់តែបាន…។ប៉ុន្ដែសិរីមន្ដ មិនបានប្រតិកម្ម ឬផ្ទុះជម្លោះទៅ Fan របស់ខ្លួនដែលមានគំនិតផ្ទុយពីលោកនោះទេ ព្រោះលោកថាគំនិតខ្វែងគ្នារវាងរូបលោកនិងអ្នកផ្សេងៗទៀត គឺក្នុងគោលបំណងតែមួយគត់នោះគឺចង់ឃើញសង្គមជាតិរីកចម្រើន។ទោះជាសិរីមន្ដ ប្រើចិត្តត្រជាក់ហើយបង្ហាញកាយវិការហាក់ទន់ភ្លន់ដាក់Fan ក្ដី ប៉ុន្ដែវីដេអូដែលលោកLive និងស្វែងរកជនបំផ្លាញព្រៃឈើទាំងនោះគឺដក់ជាប់អារម្មណ៍របស់មហាជនទៅហើយ ហេតុនេះគេជឿរថាសន្ទុះនៃការគាំទ្រទៅលើលោកប៊ុនថៃ អាចនឹងមានការប្រែប្រួលខ្លះៗជាមិនខាន បើទោះជាមានអ្នកថាចំនួនអ្នកចុចLike នៅលើហ្វេសបុកលោកបានធ្លាក់ចុះក្រោយលោកចេញមុខនិយាយការពារថៅកែក្ដី ប៉ុន្ដែលោកប៊ុនថៃ បានបង្ហាញភស្ដុតាងថាគឺនៅដដែលពោលគឺ2.5 M ។
យ៉ាងណាគេមិនទាន់អាចធ្វើការសន្និដ្ឋានចំពោះបទចម្រៀងរបស់លោកខេមរៈ សិរីមន្ដ នាពេលនេះថានៅតែខ្លាំងដូចមុន ឬចុះខ្សោយបន្ដិចដូចនាងតន់ ច័ន្ទសីម៉ា នោះទេ ព្រោះចម្រៀងថ្មីៗរបស់លោកមិនទាន់ចេញបុកស្ទួនឡើយ។ប៉ុន្ដែការដែលលោកប៊ុនថៃ មកដល់Galaxy ជិត៦ខែនេះលោកនៅតែត្រូវបានគេមើលឃើញថាស្ថិតក្នុងលំដាប់តារាជូរមុខរបស់ផលិតកម្មនេះនៅឡើយ បើទោះជាព្រាប សុវត្ថិ និងខេម បានមកឈជើងមុនលោកក៍ដោយ។ចំណែកអ្នកជំនាញសិល្បៈបានលើកឡើងថាកាដែលសិរីមន្ដ ល្បីថែមទៀត ឬចុះខ្សោយទៅវិញនោះមួយផ្នែកសំខាន់គឺនៅលើលោកខេមរៈ ភារុណ ជាបងប្រុសរបស់លោកជាអ្នកកំណត់ ព្រោះបទចម្រៀងល្បីៗរបស់លោកភាគច្រើនគឺទីប្រឹក្សាររបស់លោកម្នាក់នេះហើយជាអ្នកនិពន្ធឡើង។តែយ៉ាងណាគេមិនអាចមើលស្រាលមតិរបស់មហាជនបានទេ ព្រោះបើតារាល្បីម្នាក់មានគំនិតផ្ទុយពីអ្នកគាំទ្ររបស់ខ្លួនហើយតើច្រៀងឲ្យអ្នកណាស្ដាប់ទៅ?
តាមព័តមានថាខេមរៈ សិរីមន្ដ បានចុះកុងត្រានៅGalaxy ដូចលោកព្រាប សុវត្ថិ ដែរពោលគឺរយៈពេល៥ឆ្នាំ ហេតុនេះនៅឆ្នាំដំបូងរបស់ខ្លួននេះគេមិនទាន់អាចវាយតម្លៃថាលោកខ្លាំងជាង ឬអន់ជាងកាលនៅហង្សមាសនោះទេ ព្រោះអ្នកជំនាញសិល្បៈបានលើកឡើងថាអ្នកចម្រៀងម្នាក់ចង់ដឹងថាល្បីឬអត់ត្រូវការពេលវេលារហូតដល់ទៅ៥ឆ្នាំ ឯណ្ណោះទើបអាចមើលឃើញជាក់ស្ដែងតែម្ដង។ប៉ុន្ដែការជួបព្រាប សុវត្ថិ ជាលើកទី២ របស់ខេមរៈ សិរីមន្ដ នាពេលនេះគេជឿរថាលោកមិនមែនស៊ីផុយ ឡើយព្រោះនៅឆ្នាំទី៣នេះឧកញ៉ាសុវត្ថិ ហាក់មានបទចម្រៀងប្រសើរជាងឆ្នាំទី១និងទី២ នៅGalaxy ។តែចំណុចដែលសិរីមន្ដ មានប្រៀបជាងតារាល្បីៗផ្សេងទៀតគឺលោកមានបងប្រុសជាអ្នកនិពន្ធឲ្យច្រៀងហេតុនេះហើយការធ្វើបទចម្រៀងឲ្យត្រូវនិងសម្លេងលោកប៊ុនថៃ គឺតារាកូន៣ រូបនេះនៅតែអាចល្បីបានគ្រប់ពេលដដែល។
មជ្ឈដ្ឋានមហាជនរងចាំមើលថាក្រោយមានរឿងដល់ទៅ២លើកជាមួយFan បែបនេះលោកខែម ប៊ុនថៃ នឹងហ៊ានចេញមុខLive ការពារថៅកែជាលើកទី៣ ដែរឬទេ?