ភ្នំពេញ ៖ បន្ទាប់ពីអតីតភិក្ខុវជិរប្បញ្ញោ សាន សុជា ដែលទើបសឹកបានប៉ុន្មានថ្ងៃ បានបង្ហាញរូបភាពឱប រឹត ស្និទ្ធស្នាលជាមួយប្អូនស្រីបង្កើត រហូតមានមនុស្សមួយចំនួន មានការយល់ច្រឡំ រិះគន់ ជេរប្រមាថថា ហេតុ ដែលសឹក ដោយសារតែគ្រប់គ្រងតណ្ហាខ្លួនឯងលែងបាន ហើយអ្នកដែលធ្លាប់គោរព គាំទ្រស្តាប់នូវ ការសម្តែង ព្រះធម៌ បានស្នើឲ្យអន្ទិតរូបនេះ ឈប់បង្ហាញរូបភាពលើសៗបែបនោះទៀតមក ប្អូនស្រីបង្កើត របស់អន្ទិតសាន សុជា បានចេញមុខបំភ្លឺ ជំនួសបងប្រុសរបស់ខ្លួនថា រូបភាពដែលបងប្រុសថតស្និទ្ធស្នាល ជាមួយទាំងនោះ គឺ សុទ្ធតែជាប្អូនស្រីបង្កើតទាំងអស់ ដូច្នេះសូមសាធារណជនឈប់យល់ ច្រឡំមកលើ លោក គ្រូធម្មាចារ្យរូបនេះ ទៀត។

នៅថ្ងៃទី១៨ ខែមមិថុនា ឆ្នាំ២០២៣ អ្នកស្រីសាន ចន្ធី ប្អូនស្រីទី៥ របស់លោកសាន សុជា ដែលរស់នៅឯ ប្រទេស អូស្ត្រាលី បានបង្ហោះវីដេអូក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន បំភ្លឺថា លោកគ្រូ សាន សុជា ជាកូន ទី២ក្នុងគ្រួសារ មានបងប្អូនបង្កើត ៨នាក់ (ប្រុស៣ ស្រី៥)។
អ្នកស្រីសាន ចន្ធី បានរៀបរាប់ថា បងប្អូនបង្កើតលោកសាន សុជា ទាំង៨នាក់ រួមមាន ៖ ១-សាន សារុន (ប្រុស), ២-សាន សុជា (ប្រុស), ៣-សាន ចន្នី (ស្រី), ៥-សាន ណាវី (ស្រី), ៥-សាន ចន្ធី (ស្រី), ៦-សាន សុភា (ស្រី), ៧-សាន ចន្ធូ (ស្រី) និង ៨-សាន វិសាល (ប្រុស)។
អ្នកស្រីសាន ចន្ធី បានបញ្ជាក់ថា ការបកស្រាយបញ្ជាក់ខាងលើនេះ សង្ឃឹមថា បងប្អូនទាំងអស់ឈប់មានការ យល់ច្រឡំមកលើបងប្រុសរបស់អ្នកស្រីទៀត។
សូមបញ្ជាក់ថា ភិក្ខុវជិរប្បញ្ញោ សាន សុជា បានលាចាកសិក្ខាបទ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅលើ ទឹកដីអូស្រ្តាលី បន្ទាប់ពីបានបួសអស់ ៣១ឆ្នាំ និងបានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងវិស័យព្រះពុទ្ធសាសនា តាមរយៈការសម្តែងធម៌ទេសនា និងការបង្រៀនធម៌ដល់ពុទ្ធបរិស័ទ ។

ក្រោយលាចាកសិក្ខាបទភ្លាម អន្ទិតសាន សុជា បានបង្ហាញរូបភាពឱបថើបកៀកកិតស្និទ្ធស្នាលជាមួយប្អូនស្រី បង្កើតម្នាក់ ជាបន្តបន្ទាប់ ធ្វើឲ្យមនុស្សមួយចំនួនមានការយល់ច្រឡំថា ជាស្រីស្នេហ៍ ឬសង្សារ និងវាយតម្លៃខុស ថា សឹកដោយសារគ្រប់គ្រងតណ្ហាលែងបាន ជាដើម តែអន្ទិតរូបនេះ មិនបានធ្វើការបកស្រាយបំភ្លឺ ឲ្យបាត់មន្ទិល នោះទេ បែរជាកាន់តែឌឺថែម ដោយបង្ហោះរូបភាពឱបរឹតស្និទ្ធស្នាលជាមួយប្អូនស្រីបន្ថែមទៀត ជាមួយសំណេរ ខ្លីថា «រាល់សំណួរ មិនប្រាកដថាត្រូវតែឆ្លើយ បើជាការចោទប្រកាន់ រឹតតែមិនចាំបាច់ឆ្លើយ»។
ដោយមើលឃើញប្រតិកម្មដែលកើតពីការយល់ច្រឡំទៅលើការបង្ហាញរូបភាពទាំងនោះ ទើបអ្នកដែលធ្លាប់ គោរព គាំទ្រ បានស្នើឲ្យអន្ទិតសាន សុជា ឈប់បង្ហាញរូបភាពបែបលើសៗ (ឱបរឹតស្និទ្ធស្នាលជ្រុលជាមួយ ប្អូនស្រី) បែបនេះទៀត។
ឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន ដែលជាអ្នកនិយមគាំទ្រអតីតភិក្ខុសាន សុជា មួយរូប បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ថា «សូមឈប់ឲ្យ មនុស្សមួយចំនួនបាប ដោយសាររូបភាពបែបនេះទៅលោកគ្រូ រាងលើសពីបងប្អូនបន្តិចហើយ មើលដៃប្អូនស្រី ដាក់លើភ្លៅមើលទៅ… បើជាសង្សារ ខ្ញុំគាំទ្រ! ម្យ៉ាងទៀត ពួកគាត់សុទ្ធតែមានប្តីហើយ ហើយខ្ញុំគិតថាពួកគាត់ មិនដែលស្វីតជាមួយប្តីពួកគាត់បែបហ្នឹងផង!

បញ្ជាក់ ៖ ខ្ញុំគោរពស្រលាញ់លោកគ្រូ ទើបខ្ញុំនិយាយ ខ្ញុំចង់និយាយប្រាប់លោកគ្រូ និងប្អូនលោកគ្រូផ្ទាល់ដែរ តែឆាតមិនតប។ ខ្ញុំមិនចង់ឲ្យមនុស្សដែលខ្ញុំគោរពស្រលាញ់ ត្រូវគេយល់ខុសទេ ហើយសូមអ្នកគាំទ្រលោក គ្រូខ្លះ កុំផ្កាប់មុខពេក!»។
អ្នកស្រី លុយ សារីណា ភរិយាលោកស៊ុក សុភា អតីតតារាភាពយន្ត ដែលសព្វថ្ងៃកំពុងរស់នៅប្រទេសអូស្ត្រាលី បានរិះគន់ថា សឹកភ្លាម ទាមទារចំណាប់អារម្មណ៍ជ្រុល និងដោយសារមិនដែលស្គាល់រសជាតិស្វីត ទើបបាន ជាអ៊ីចឹង។
ភរិយាលោកស៊ុក សោភា បានចូលទៅបញ្ចេញយោបល់ក្នុងទំព័រហ្វេសប៊ុក របស់លោកឧកញ៉ា យ៉ន សេងហាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ថា «ទាមទារចំណាប់អារម្មណ៌ជ្រុល សឹកភ្លាមលើសពីមនុស្សដទៃគាត់មិន ដែលបានជួបឬស្គាល់ជាតិ sweet អ៊ីចឹង ដូច្នេះមានតែបណ្ដោយតាមហ្នឹងទៅអូន។ ធាតុពិតម៉េច គឺអ៊ីចឹងហើយ មិនបាច់ប្រឹងប្រាប់ឲ្យយល់ទេ»។
ចំណែកគណនីហ្វេសប៊ុកមួយ ឈ្មោះ «Saravey Pursat Saravey Pursat» ដែលជាធម្មាចារ្យ វ័យចំណាស់មួយរូប បានបង្ហោះរូបភាពអន្ទិតសាន សុជា ថតឱបរឹតស្និទ្ធស្នាល់ជាមួយប្អូនស្រីទី៥ ទី៦ និងទី៧ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ជាមួយសំណេរថា «អន្ទិតសាន សុជា ក្មួយឯងនៅប្រទេសអូស្ត្រាលី Australia ៧ឆ្នាំដែរ មានភ្នែក ម៉េចមិនព្រមមើល មានខួរ ម៉េចមិនយកមកប្រើការ ថាតើបងប្រុស គេធ្វើយ៉ាងមេចចំពោះប្អូនស្រី ក្នុងឥរិយាបថ ដេក ដើរ ឈរ អង្គុយ? ករណីឪពុកបង្កើត រួមរ័កជាមួយកូនស្រី បងប្រុសរួមរ័កជាមួយប្អូនស្រី ធ្លាប់មានលើលោក! បើគេសង្ស័យថា អន្ទិតឯងប្រហែលជាបានរួមរ័កជាមួយប្អូនស្រី កុំបន្ទោសឝេ គួរបន្ទោសខ្លួនឯងវិញទៅក្មួយប្រុស!»។

ជុំវិញការលើកឡើងរបស់អ្នកគាំទ្រ និងអ្នករិះគន់ខាងលើ នេះ ដោយសារតែសាមីខ្លួនលោកសាន សុជា នៅតែប្រកាន់ជំហរមិនឆ្លើយតប ទើបប្អូនស្រីទី៥ ឈ្មោះសាន ចន្ធី បានចេញមុខបំភ្លឺ ដោយបញ្ជាក់ពីចំនួន បងប្អូនបង្កើតរបស់អន្ទិតសាន សុជា ដោយបង្ហាញទាំងឈ្មោះ និងរូបថត ដើម្បីបំបាត់ការយល់ច្រឡំរបស់ មហាជន៕ ខៀវទុំ