Monday, April 29, 2024
Homeបរិយាយវិធីសាស្ត្រប្រើមនុស្ស

វិធីសាស្ត្រប្រើមនុស្ស

ដោយ អាចារ្យថាំ

មនុស្សគ្រប់រូប គ្រប់ជាតិសាសន៍ វៀរលែងតែវិកលចរិត ត្រូវយកប្រាជ្ញា ទៅប្រើក្នុងការដោះស្រាយបញ្ហាអ្វីមួយ ផ្ទុយពី សត្វ ដែលប្រើសភាវគតិ។ ករណីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) កំពុងធ្វើ នយោបាយអូសទាញពួកប្រឆាំង ឱ្យចុះចូលជាបន្តបន្ទាប់នោះ ឃើញសម្តេច បញ្ចោញ “វិធីសាស្ត្រប្រើមនុស្ស” មិនដូចគ្នាទេ ពោលគឺ អាវៀច ទុកធ្វើកង់ អាត្រង់ ទុកធ្វើកាំ ចេះដប់មិនស្មើប្រសប់មួយ។ បើប្រើមនុស្សមិនមើលសមត្ថភាព អាចមាន បញ្ហា ទើបសម្តេច ព្រមានមន្ត្រី CPP ខ្លះ កុំរើសអើងពួកប្រឆាំង ដែលទើបចុះចូល ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “វិធីសាស្ត្រប្រើមនុស្ស” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ

ពាក្យស្លោកមួយថា “ផ្លែមិនទាន់ចាស់ កុំអាលបេះបន្ទំ” មានន័យថា ផ្លែល្មុត មង្ឃុត សែដា ស្វាយ ជាដើម ត្រូវទុកវាឱ្យ ស្រគាលចេញម្សៅសិន ទើបអាចបេះយកទៅបន្ទុំបាន។ បើបង្ខំបេះទាំងខ្ចី យកទៅបន្ទុំ ឬប្រើថ្នាំគីមី ឱ្យផ្លែឈើនោះទុំ គេ ហៅថា “ទុំស្នួល” គឺផ្លែស្វាយនោះ ទុំរលោងល្អណាស់ ប៉ុន្តែជូរហួញ លេបមិនរួច។

យ៉ាងណាមិញ ពួកប្រឆាំង នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) និងបក្សភ្លើងទៀន ដែលដើរដល់ផ្លូវទាល់ ក៏នាំគ្នា សុំខមាទោសចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសុំចុះចូល CPP នោះ ប្រៀបបានផ្លែស្វាយ។ CPP ដែលចាំទទួល ក៏ទាល់តែពិនិត្យសិនដែរ តើផ្លែស្វាយណាមួយល្មមបេះបន្ទុំ? ផ្លែណានៅស្ទើរ? ព្រោះស្វាយមួយដើមនោះ វាចេញក្តឹបមុន ក្តឹបក្រោយ ស្រគាលក៏មិនស្មើគ្នាដែរ។ បើមើលឃើញថា អ្នកចុះចូលនោះ “ជេរ CPP យូរឆ្នាំជាងគេ” និងមានកម្រិតវប្បធម៌ ខ្ពស់ “ត្រូវបេះបន្ទុំ” រុញបញ្ចូលទៅបម្រើការនៅមុខក្រសួងណាមួយ តាមជំនាញរបស់គាត់។ បើពិនិត្យឃើញថា បុគ្គលនោះ ទើបតែចេះជេរ CPP ប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះអត់អង្ករច្រកឆ្នាំង គួរទុកម្តុំសិន បើបេះយកទៅបន្ទុំ ច្បាស់ជា “ទុំស្នួល ជូរហួញ” មិនខានឡើយ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ CPP ប្រសប់បំផុតខាង “វិធីសាស្ត្រប្រើមនុស្ស” ជ្រើសមនុស្សមកពីបក្ស ប្រឆាំង ឱ្យចូលរួមកសាងជាតិមាតុភូមិ តាមសមត្ថភាព។ ករណីតែងតាំងលោកបណ្ឌិតយ៉ង សាំងកុមារ បណ្ឌិតសាម អ៊ីន លោកហ៊ុន កុសល លោកយឹម ស៊ីណន ក្នុងតំណែងរដ្ឋលេខាធិការ ពុំមែនជា “តំណែងខ្យល់” នោះទេ គឺប្រគល់ការងារឱ្យធ្វើ មែនទែន មកពីពួកលោក “ប្រឆាំងអាជីព” ជាច្រើនអាណត្តិមកហើយ ដោយជឿតាមមេប្រឆាំង សម រង្ស៊ី ដូច្នេះមុខតំណែង តួនាទីនោះ សមរម្យហើយ។ ចំណែកលោកគង់ រ៉ៃយ៉ា ជាអតីតនិស្សិតវ័យក្មេង ធ្លាប់ជាប់គុក ព្រោះសកម្មភាពប្រឆាំង ទើប បានតួនាទីជាទីប្រឹក្សាអមក្រសួងអប់រំ ឋានៈស្មើប្រធាននាយកដ្ឋាននោះ ក៏សមរម្យដែរ អាចនិយាយបានថា គង់ រ៉ៃយ៉ា ជា ផ្លែស្វាយស្រគាល ល្មមបេះបន្ទុំបាន ប៉ុន្តែជាស្វាយកែវ ផ្លែតូចជាងស្វាយល្ហួត។

នៅសល់ពួកប្រឆាំងច្រើនទៀត ដែលត្រូវបេះបន្ទុំ បន្តទៀត ប៉ុន្តែ “វិធីសាស្ត្រប្រើមនុស្ស” មិនចេះតែលើកបន្តុបឱ្យធ្វើធំ គ្រប់គ្នាបានឡើយ។ បើអ្នកប្រឆាំងល្អិតល្អោច ដោយគ្រាន់តែធ្លាប់ដើរហែហមមេប្រឆាំង ឬជួយរៀបចំក្បួនបាតុកម្ម ជាដើម យ៉ាងច្រើនដាក់បញ្ចូលក្នុង “ក្របខ័ណ្ឌរាជការ” តាមក្រសួងណាមួយ។ ការបញ្ចូលក្របខ័ណ្ឌ ដើម្បីឱ្យពួកគេបានប្រាក់ខែ ក៏ដូច មានអង្ករច្រកឆ្នាំង គ្រាន់បើជាងបម្រើបក្សប្រឆាំង ដែលគ្មានបានអ្វីសោះ ដែលអ្នកខ្លះត្រូវលក់ស្រែ ឬគោក្របី ដើម្បីរស់។

“វិធីសាស្ត្រប្រើមនុស្ស” ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យកមកប្រើពេលនេះ ស្រដៀងនឹងព្រះសម្មាសម្ពុទ្ធ បរមគ្រូ ដែលប្រើសាវ័ក ឱ្យចេញទៅផ្សាយសាសនា បន្ទាប់ពីព្រះអង្គអូសទាញផ្ចាញ់សាវ័កដ៏រឹងរូសនោះបានសម្រេច។

ឧទាហរណ៍ នៅក្នុងបឋមពោធិកាល ព្រះពុទ្ធ បានយាងទៅផ្ចាញ់តាបសឈ្មោះ “ឧរុវេលកស្សប” ដែលតាំងអាស្រម ជាប់មាត់ស្ទឹងធំមួយ និងមានបរិវារ ៥០០រូប ទៅបួសជាតាបសដែរ។ ឧរុវេលកស្សប តាំងខ្លួនជាព្រះអរហន្ត មុនដំបូងមើលងាយ ព្រះពុទ្ធខ្លាំងណាស់ ដូចពេលព្រះសមណគោតម ទៅសុំជ្រកកោន ស្រាប់តែតាបសនោះ ដេញឱ្យទៅផ្ទំក្បែរដំបូក ដែលមាន សត្វនាគរស់នៅ ក្នុងបំណងឱ្យនាគព្រួសពិស សម្លាប់មហាសមណៈ។ ដឹងអី! ស្រាប់តែព្រះពុទ្ធ សម្តែងប្ញទ្ធិ បំប្រួញខ្លួននាគ ឱ្យនៅតូចប៉ុនកដៃ រួចចាប់ដាក់ក្នុងបាត្រ យកទៅបង្ហាញតាបស ក៏អ្នកបួសក្រៅសាសនានោះមិនញញើត។ ព្រះពុទ្ធ បាន សម្តែងប្ញទ្ធិ បាដិហារ្យ ជាង១៥០០ បែបផ្ចាញ់ឧរុវេលកស្សប រហូតលុតជង្គង់សុំចុះចាញ់ព្រះ និងសុំបួសជាសាវ័ក។ លុះគ្រូ របស់ខ្លួនសុំបួស បរិវារ ៥០០រូបទៀត ក៏សុំបួសដែរ ដោយបណ្តែតគ្រឿងបរិក្ខារសម្រាប់បូជាយញ្ញ ទៅតាមខ្សែទឹក។

ឧរុវេលកស្សប មានប្អូនប្រុសទី១ ឈ្មោះ “គយាកស្សប” បានបួសជាតាបសខាងក្រោមខ្សែទឹកស្ទឹង មានបរិវារ ៣០០ រូប។ ប្អូនប្រុសទី២ ឈ្មោះ “នទីកស្សប” បួសជាតាបស នៅឆ្ងាយពីគ្នាតាមលំដាប់ ដោយមានបរិវារ ២០០រូប។ ពេលឃើញ បងប្រុសបណ្តែតបរិក្ខារតាមខ្សែទឹក និងសាកសួរដឹងថា បានចូលបួសក្នុងសំណាក់ព្រះសមណគោតម ទើបតាបសជាប្អូន ២រូប និងបរិវារ ក៏សុំបួសដែរ ដែលសម័យនោះ ហៅថា “ឯហិភិក្ខុ” គ្រាន់តែបួងសួងសុំបួស ក៏មានស្បង់ចីវរ បាត្រ ធ្លាក់ពីលើអាកាស សម្រាប់ ១អង្គា។

សរុបសាវ័កទាំងអស់ ១០០៣អង្គ មិនខុសពីផ្លែស្វាយដែលស្រគាលពេញដើម បេះបន្ទុំបានទាំងអស់ ទើបព្រះពុទ្ធ បរមគ្រូ ត្រាស់បង្គាប់សាវ័កថ្មីទាំងនោះ ឱ្យចេញខុសផ្លូវគ្នាទៅផ្សាយសាសនា ពេញជម្ពូទ្វីប យូរៗទើបចូលគាល់ព្រះបរមគ្រូម្តង។

យ៉ាងណាមិញ ឧរុវេលកស្សប គយាកស្សប នទីកស្សប ៣នាក់បងប្អូននោះ ប្រៀបបាននឹងសហការីមេប្រឆាំង។ រីឯ កូនចៅ សកម្មជនប្រឆាំង មិនខុសពី “សាវ័កតាបស” ទាំង៣នោះ។ ឥឡូវបើចុះចូល CPP ហើយ ត្រូវតែបញ្ជូនទៅអូសទាញ គ្នាឱ្យចូលថែមទៀត ប៉ុន្តែរបៀបអូសទាញ សម័យយូធូប ហ្វេសប៊ុក ទូរស័ព្ទនេះ មិនដូចសម័យពុទ្ធកាល ដែលព្រះពុទ្ធបញ្ជូន សាវ័ក ទៅផ្សាយសាសនា តាមតំបន់ឆ្ងាយៗនោះទេ។

“វិធីសាស្ត្រប្រើមនុស្ស” សំខាន់ណាស់ ជា “យុទ្ធសាស្ត្រឈ្នះឈ្នះ” ដែលប្រមុខ CPP យកមកប្រើ តាំងពីសម័យខ្មែរក្រហម ខ្មែរសេរី ចូលធ្វើសមាហរកម្មម៉្លេះ។ ដូច្នេះ សម្រាប់មន្ត្រី CPP ខ្លះដែលច្រណែនឈ្នានីស ឃើញពួកប្រឆាំង បាន បុណ្យស័ក្តិ ស្រាប់តែខ្លួនចង់ឡើងដែរ និងហ៊ានរិះគន់នយោបាយសម្តេច សូមប្រយ័ត្នផង។ លោកម្នាក់នោះ ជាវាគ្មិន CPP នៅអាមេរិក បានផុសសំណេរបែបច្រណែនតាមហ្វេសប៊ុកថា “សុំអង្វរ ស្រលាញ់កូនឱ្យស្មើៗគ្នាផង កុំបានថ្មីចោលចាស់ ទឹកក្តៅ ទឹកត្រជាក់ ប្រើអាចាស់ ចម្ការល្មុត ខ្នុរ ចែកឱ្យអាថ្មី កូនក៏ចេះតូចចិត្តដែរណាពុក!” ដែលសំណេរនេះ ទោះបីជាអ្នកសរសេរ នោះ ស្មោះត្រង់ CPP យ៉ាងណាក៏ដោយចុះ ក៏ប៉ុន្តែមានន័យរិះគន់សម្តេច ដែលកំពុងយក “វិធីសាស្ត្រប្រើមនុស្ស” មកអនុវត្ត សូមប្រយ័ត្នផង ក្រែងរងគ្រោះព្រោះមាត់។

សរុបទៅ “វិធីសាស្ត្រប្រើមនុស្ស” របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រហាក់ប្រហែលព្រះពុទ្ធ បរមគ្រូ ដែល ព្យាយាមផ្ចាញ់ផ្ចាល អូសទាញតាបសជាបងប្អូន ៣រូប និងបរិវារ ១០០០នាក់ ឱ្យបោះបង់ជំនឿគ្មានហេតុផល ចូលបួសក្នុង ព្រះពុទ្ធសាសនា រួចបញ្ជូនសាវ័ក ទាំងជាង១០០០អង្គនោះ ទៅផ្សាយសាសនា នាំមកនូវសុខសន្តិភាពសម្រាប់មនុស្ស​ជាតិ

RELATED ARTICLES