ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ មានជីវភាពក្រីក្រតោកយ៉ាក មិនប្រឹងធ្វើការងាររកស៊ី បែរជាបែកគំនិតដឹកដៃគ្នាដើរ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយគាស់ផ្ទះ ១កន្លែង លួចបានសម្ភារៈមួយចំនួនធំ ទីបំផុតត្រូវសមត្ថកិច្ចស្រាវ ជ្រាវចាប់ក្របួចជាប់ទាំងគូ នាំយកមកចាត់ការតាមច្បាប់។
ករណីគាស់បង្អួច ចូលលួចទ្រព្យសម្បត្តិនេះ បានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៣ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុងពេទ្យហ្លួងម៉ែ ស្ថិតនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះច្រឹង ប៊ុនហេង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរស្មៀនសង្កាត់ ព្រៃស មានលំនៅ ភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវសមត្ថ កិច្ចចាប់ឃាត់ខ្លួន បុរសជាប្តី មានឈ្មោះចំរើន រតនា ហៅឆាង អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ រីឯស្ត្រី ជាប្រពន្ធ មានឈ្មោះហេង គីមហួយ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យ ទាំង២នាក់ ជាប្តីប្រពន្ធ តែងដើរស្នាក់នៅតាមទីសាធារណៈ ស្ថិតនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ។
ដោយឡែកសម្ភារៈបាត់បង់ លុយ ចំនួន៥លានរៀល។ វត្ថុតាងចាប់យក រួមមាន ១-អំភ្លី ចំនួន១គ្រាប់។ ២-ឧបករណ៍ជំនួយសំឡេង ចំនួន១គ្រឿង។ ៣-ឧបករណ៍ប៊្លូធូស ចំនួន១គ្រឿង។ ៤-ម៉ាស៊ីន DVR ចំនួន២គ្រឿង។ ៥-ម៉ៃក្រូហ្វូន ចំនួន១គ្រឿង។ ៦- កាំបិតផ្គាក់ដងដែក ចំនួន១។ ៧-ម៉ូតូម៉ាកហុងដា គុបជ្រុង ពណ៌ទឹកប៊ិក គ្មានស្លាកលេខ (ម៉ូតូចាស់) ចំនួន១គ្រឿង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះ ឈ្មោះច្រឹង ប៊ុនហេង ភេទប្រុស អាយុ៤៤ឆ្នាំ បានបើករថយន្ត ១គ្រឿងម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ពាក់ ស្លាកលេខ ភ្នំពេញ 2AP-0650 ចេញពីផ្ទះ ស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីទៅមើល ផ្ទះមួយកន្លែង ទៀត ដែលជនរងគ្រោះទិញទុកចោល នៅផ្លូវបេតុងហ្លួងម៉ែ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ។ ពេលជនរងគ្រោះទៅដល់ផ្ទះ ក៏បានឃើញជនសង្ស័យឈ្មោះចំរើន រតនា ហៅឆាង កំពុងលីអំភ្លីដែលមាន ចម្ងាយពីផ្ទះរបស់ខ្លួនប្រមាណ១០ម៉ែត្រ តែជនរងគ្រោះមិនបានចាប់អារម្មណ៍ទេ ក៏ចាក់សោទ្វារផ្ទះចូលទៅខាង ក្នុង ស្រាប់តែឃើញមានស្នាមគាស់ចម្រឹងបង្អួចខាងក្រោយ និងទូក្បាលគ្រែ ដាក់លុយ ហើយបានបាត់ទ្រព្យ សម្បត្តិ រួមមានដូចរៀបរាប់ខាងលើ ទើបជនរងគ្រោះបានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថ កិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលព្រៃស ឱ្យជួយអន្តរាគមន៍តែម្តង។
បន្ទាប់ពីទទួលបានដំណឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចជំនាញបានចុះធ្វើការអន្តរាគមន៍ ឃាត់ខ្លួនជន សង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើ រួមនិងវត្ថុតាងជាច្រើន ត្រង់ចំណុចភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រួចក៏នាំជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ បានឆ្លើយសារភាពថា ពួកគេទាំង២នាក់ប្តីប្រពន្ធរួម និងបក្ខពួកម្នាក់ទៀត ឈ្មោះខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ (កំពុងរត់គេចខ្លួន) ពិតជាបានធ្វើសកម្មភាពគាស់ផ្ទះជន រងគ្រោះ ចូលលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ប្រាកដមែន។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់ និង កំពុងតាមចាប់ខ្លួនបក្ខពួកម្នាក់ទៀត ដើម្បីនាំយកមកផ្តន្ទាទោសផងដែរ៕