ភ្នំពេញ ៖ សត្វគោក្របីរស់ ចំនួន៤០ក្បាល ត្រូវបានមន្ត្រីជំនាញស្ទាក់បង្ក្រាបបានទាំងកណ្តាលអធ្រាត្រ ខណៈ ដែលគោក្របីទាំងនោះ បានលួចឆ្លងដែនចេញពីប្រទេសថៃ តាមរថយន្តធុនធំ ១គ្រឿង ចូលមកដល់រាជធានី ភ្នំពេញ ទាំងដែលម្ចាស់សុំច្បាប់ដឹកឆ្លងដីខ្មែរ ទៅលក់នៅយួន បែរជាចូលមកចែកចាយ លក់នៅរាជធានីភ្នំពេញ ទៅវិញ។
ប្រតិបត្តិការបង្ក្រាបសត្វគោក្របី ទាំង៤០ក្បាលនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១និង០២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅលើផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។តាមប្រភពពីមន្ត្រីជំនាញ បានឱ្យដឹងថា ប្រតិបត្តិការខាងលើ ធ្វើឡើងក្រោមការបញ្ជាដោយផ្ទាល់ពីលោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិត កម្មសត្វ បានឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើស ចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិត កម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ជាប្រភេទរថយន្តសណ្តោងរ៉ីម៉កចំណុះ ១៦តោន ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-2321 ដឹកសត្វ គោ ក្របីរស់ ចំនួន៤០ក្បាល មកពីប្រទេសថៃ តាមច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ លក់ចែកចាយនៅរាជធានីភ្នំពេញ ដោយផ្ទុយពីលិខិតអនុញ្ញាតដែលម្ចាស់សត្វ ស្នើសុំដឹកជញ្ជូនសត្វគោ ក្របីរស់ ចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម។
ចំពោះបទល្មើសខាងលើនេះ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅ ទីតាំង ចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីអនុវត្តតាមនីតិវិធី៕