Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ត្រីលាក់មាសក្នុងអាវទ្រនាប់ ចោរភ្ជង់ប្លន់ លូកស្ទាប យកអស់

ស្ត្រីលាក់មាសក្នុងអាវទ្រនាប់ ចោរភ្ជង់ប្លន់ លូកស្ទាប យកអស់

បាត់ដំបង ៖ ស្ត្រីជាម្តាយនិងកូន ២នាក់ ជាអ្នកបម្រើការងារនៅក្នុងហាងផឹកស៊ី ១កន្លែង ទើបនឹងចេញពីធ្វើការ នាំគ្នាដើរទៅផ្ទះជួល ចម្ងាយប្រមាណជាង៣០០ម៉ែត្រ ពីហាង ស្រាប់តែត្រូវជនសង្ស័យមិនស្គាល់មុខ ២នាក់ ជិះម៉ូតូមកស្ទាក់ រួចដកកាំបិតភ្ជង់ប្លន់ លុះជនរងគ្រោះ ប្រាប់ថាអត់មានលុយ ស្រាប់តែជនសង្ស័យបានយកដៃ លូកស្ទាបក្នុងអាវទ្រនាប់របស់ស្ត្រីរងគ្រោះ រកឃើញកញ្ចប់គ្រឿងអលង្ការ  ក៏ប្លន់យកទៅបាត់ដោយសុវត្ថិភាព ទុកឱ្យម្តាយនិងកូនស្រី បានត្រឹមទួញយំស្តាយស្រណោះរបស់ទ្រព្យ។

ករណីភ្ជង់ប្លន់ម្តាយកូន២នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង ១១យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងមុខផ្ទះសំណាក់ ៧៧៧ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង។

ជនរងគ្រោះទាំង២នាក់ម្តាយកូន ស្ត្រីជាម្តាយ មានឈ្មោះគីម សុខលី ហៅពៅ អាយុ៤៤ឆ្នាំ ចំណែកកូនស្រីមាន ឈ្មោះគីម លីនដា អាយុ១២ឆ្នាំ។ ទាំង២នាក់ម្តាយកូន បម្រើការងារនៅក្នុងហាងផឹកស៊ីមួយកន្លែង ក្បែរកន្លែង កើតហេតុ និងស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

តាមស្តីស្ត្រីរងគ្រោះជាម្តាយ បានរៀបរាប់ប្រាប់ថា នៅយប់កើតហេតុ ពេលចប់ម៉ោងធ្វើការ គាត់និងកូនស្រី រួមជា មួយនារីម្នាក់ទៀត ដែលធ្វើការជាមួយគ្នា បានដើរចេញពីហាង ទៅបន្ទប់ជួល ដែលមានចម្ងាយជាង ៣០០ម៉ែត្រ។ ពេលដើរដល់ចំណុចផ្លូវបំបែកខាងមុខផ្ទះ សំណាក់ ៧៧៧ នារីម្នាក់នោះ បានជិះកង់ហួសទៅផ្ទះរបស់នាង រីឯ គាត់និងកូនស្រី បានដើរទៅកាន់បន្ទប់ជួល ដែលនៅខាងមុខនោះ ប្រហែល ៥០ម៉ែត្រប៉ុណ្ណោះ។ ស្រាប់តែរំពេច នោះ មានជនសង្ស័យ ២នាក់ ជិះម៉ូតូកញ្ចាស់ ១គ្រឿង មកស្ទាក់ពីមុខពួកគាត់ រួចហើយជនសង្ស័យម្នាក់ក្នុងចំ ណោមនោះ បានចុះពីលើម៉ូតូ ដើរសំដៅមករកពួកគាត់ និងបានរុញគាត់និងកូនស្រីទៅក្រោមដើមចំប៉ី ហើយ ទាញកូនកាំបិតមកភ្ជង់ចង្កេះរបស់គាត់ គំរាមមិនឱ្យស្រែក និងគំរាមឱ្យប្រគល់កាបូបលុយឱ្យពួកវា តែគាត់ប្រាប់ ថា អត់មានលុយទេ។ ភ្លាមនោះ ជនសង្ស័យ បានលូកដៃចូលក្នុងអាវទ្រនាប់របស់គាត់ រាវស្ទាបច្របាច់ ប៉ះចំ កញ្ចប់ថង់ដាក់គ្រឿងអលង្ការដែលគាត់លាក់ទុកក្នុងអាវទ្រនាប់ ក៏ទាញយកទៅ រួចរត់ឡើងជិះម៉ូតូបក្ខពួកចេញ ទៅទិសខាងលិចបាត់ស្រមោលតែម្តង។

ស្ត្រីរងគ្រោះ បានបន្តថា ជនសង្ស័យវ័យក្មេងៗ ជិះម៉ូតូស៊េរីចាស់ តែគាត់អាចស្គាល់មុខម្នាក់ បើឃើញ។ ចំណែក គ្រឿងអលង្ការ ដែលត្រូវក្រុមចោរ ២នាក់នោះ ប្លន់យកទៅ រួមមាន  កងដៃប្លាទីន មួយឈុត តម្លៃ១៥០០០បាត និងចិញ្ចៀន ២វង់ ដែលទើបនឹងសន្សំប្រាក់ខែ ទិញបានថ្មីៗ ក្នុងតម្លៃជាង ១៥០ដុល្លារ។

ស្ត្រីរងគ្រោះបានបញ្ជាក់ថា ពេលនេះ គាត់អស់ទ្រព្យពីខ្លួនហើយ សូម្បីតែប្រាក់ ១សេន សម្រាប់ទិញបាយឱ្យកូន ស្រីហូប ក៏គ្មានដែរ ហើយក៏ពុំមានប្រាក់សម្រាប់ឱ្យកូនរៀនដែរ ព្រោះគាត់ជាស្ត្រីមេម៉ាយ ស្នាក់នៅតែបន្ទប់ជួល ជាមួយកូនស្រីម្នាក់ អាយុ១២ឆ្នាំ ធ្វើការងារតាមហាង លាងចាន និងបោសសម្អាត បានប្រាក់ខែបន្តិចបន្តួច សម្រា ប់តែបង់ថ្លៃបន្ទប់ជួលផង សម្រាប់កូនស្រីរៀនផង និងសម្រាប់ទិញបាយហូបផង តែពេលនេះត្រូវចោរប្លន់យក អស់រលីង ទោះបីជាគាត់លាក់ក្នុងអាវទ្រនាប់ ក៏វារកឃើញដែរ។

ជុំវិញករណីនេះ កម្លាំងសមត្ថកិច្ចជំនាញក្រុងបាត់ដំបង កំពុងបើកការស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ ដើម្បីឈានដល់ការតាមចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES