ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានបំបែកសំបុកក្រុមជនសង្ស័យពាក់ព័ន្ធ នឹងករណីលួចចូលកាន់កាប់គណនីធនាគារ និងដកប្រាក់សរុបប្រមាណចំនួន ១០ម៉ឺនដុល្លារអាមេរិក ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោយការអនុញ្ញាតពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងទទួលផែន ។
ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឹងម៉ាត់ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទ ល្មើសបច្ចេកវិទ្យា បានដឹកនាំបញ្ជាផ្ទាល់ និងធ្វើការស្រាវជ្រាវករណីលួចក្លែងបន្លំបើកយកលេខទូរស័ព្ទ និងឈានទៅកាន់កាប់យកគណនីធនាគាររបស់ជនរងគ្រោះ ហើយផ្ទេរប្រាក់អស់ចំនួន ១០០ ៤០០ដុល្លារ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួនួ រួមមាន ទី១-ឈ្មោះហ៊ុន ច័ន្ទសុភ័ក្ក្រ ភេទប្រុស អាយុ២៨ឆ្នាំ ជាមុខសញ្ញាសកម្មពាក់ព័ន្ធករណីឆបោកនិងក្លែងអត្តសញ្ញាណ (បច្ចុប្បន្នឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធ នឹងបទល្មើសលួចចូលទៅដល់ ឬស្ថិតនៅនឹងប្រព័ន្ធប្រព្រឹត្តកម្មស្វ័យ ប្រវត្តិនៃទិន្នន័យក្លែងបន្លំ និងបទប្រើ ប្រាស់លិខិតក្លែង)។ ទី២-ឈ្មោះលឿង សុគន្ធា អាយុ៤៥ឆ្នាំ ត្រូវជាម្តាយរបស់ឈ្មោះហ៊ុន ច័ន្ទសុភ័ក្ក្រ ជាអ្នក ទទួលប្រាក់ និងបានយកប្រាក់នោះទៅដើរទិញមាសពីហាងលក់មាស ចំនួន៣កន្លែង ក្នុងរាជធានីភ្នំពេញ និងបានប្រគល់មាសទាំងនោះទៅឱ្យហ៊ុន ច័ន្ទសុភ័ក្រ វិញ និងទី៣-ឈ្មោះស៊ីណាត ស៊ីណា អាយុ៣២ឆ្នាំ ជាមុខសញ្ញាចាស់ពាក់ព័ន្ធនឹងករណីឆបោកនិងក្លែងអត្តសញ្ញាណ ព្រមទាំងបទល្មើសគ្រឿងញៀន ។
ជនសង្ស័យទាំង ៣នាក់ខាងលើ ត្រូវបានមន្ត្រីជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជ ធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕