Tuesday, April 30, 2024
Homeសន្ដិសុខសង្គម កើតកូនរួច ម៉ែខ្ចប់សារុងបោះចោល

 កើតកូនរួច ម៉ែខ្ចប់សារុងបោះចោល

កំពង់ស្ពឺ ៖ ទារកអភ័ព្វម្នាក់ មិនដឹងជាកើតមកស្លាប់ ឬមានបញ្ហាអ្វី ស្រាប់តែត្រូវជនមិនស្គាល់មុខ (សង្ស័យម្តាយ) បានរុំខ្ចប់ក្នុងសារុង យកមកបោះប្លុងចោលនៅក្បែរស្ពានមួយកន្លែង រហូតដល់មានសភាពហើមស្អុយ ទើបមាន ប្រជាពលរដ្ឋប្រទះឃើញ បង្កឱ្យមានការ ភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ។ករណីប្រទះឃើញសពទារកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រលប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅក្បែរស្ពានអូរក្រាំងអំបិល ត្រង់ចំណុចទំនប់បង្ហៀរទឹកអូរក្រាំងអំបិល ខាងត្បូងផ្លូវជាតិលេខ៤ ចម្ងាយប្រ ហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង។

តាមប្រភពពីមន្ត្រីនគរបាលស្រុកសំរោងទង បានឱ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលនោះ គឺមានប្រជាពលរដ្ ឋបានប្រទះឃើញសពទារកមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុក្រោមមួយសប្តាហ៍ សក់ស្លូត សម្បុរ សណ្តែកបាយ ច្រកក្នុងថង់ពណ៌ខ្មៅរុំសារុង ពណ៌ក្រហម។

មន្ត្រីនគរបាលស្រុកសំរោងទង បានបន្តថា បើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រនិងគ្រូពេទ្យកោសល្យវិច័យ សាកសពទារកខាងលើ មាន សភាពហើមស្អុយ មានរុយរោម ពោះប៉ោង ស្បែកឡើងពងដូចរលាកភ្លើងទៅហើយ។ ផ្នែកក្បាល ដងខ្លួន និងអវយវៈ ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ នោះឡើយ ទងផ្ចិតមិនទាន់ជ្រុះ មានគាបតង្កៀបពណ៌ខៀវថែមទៀតផង។

តាមការសន្និដ្ឋាន សពទារកខាងលើ ស្លាប់ប្រហែលជា ៣ថ្ងៃកន្លងទៅហើយ មានអាយុក្រោមមួយសប្តាហ៍។ រីឯមូលហេតុនៃការស្លាប់ រង់ចាំជំនាញខាងអង្គភាពការពារកុមារ (CPU) មកពិនិត្យ ទើបដឹងច្បាស់។ សាកសព ទារក សមត្ថកិច្ចបានលាងសម្អាត រុំថង់កៅស៊ូ ក្លាស្សេ រក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ៕

RELATED ARTICLES