Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស្រាកាច ដាល់ប្រពន្ធប៉ោងមុខ

ផឹកស្រាកាច ដាល់ប្រពន្ធប៉ោងមុខ

មណ្ឌលគិរី ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក ស្រាប់តែបង្ករឿងឈ្លោះប្រកែកជាមួយប្រពន្ធរហូត ឈានដល់ការប្រើអំពើហិង្សា ដាល់ប្រពន្ធប៉ោងមុខ ១ចំហៀង ធ្វើឱ្យសាច់ញាតិទ្រាំមិនបានក៏ប្តឹងសមត្ថកិច្ចចុះ ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៣ នៅចំណុចភូមិអបួន ឃុំអបួនលើ ស្រុកកោះញែក។

ជនបង្កហេតុជាប្តីដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆុន លី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះសន សារ៉េត អាយុ៥០ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បង្កឡើងដោយបុរសជាប្តី ឈ្មោះ ឆុន លី បានផឹកស្រាស្រវឹងជោក លុះត្រឡប់មកដល់ផ្ទះ បានបង្ករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រហូតឈាន ដល់អំពើហិង្សា ដោយបុរសជាប្តី បានទះប្រពន្ធ ១ដៃ ចំថ្ពាល់ខាងឆ្វេង ហើយរុញឱ្យដួល បន្ទាប់មកបានស្ទុះទៅ ដាល់ប្រពន្ធ ១ដៃ  ចំភ្នែកខាងឆ្វេង បណ្តាលឱ្យហើមប៉ោងភ្នែកមួយចំហៀងយ៉ាងខ្លាំង។

ក្រោយកើតហេតុ ឈ្មោះ សន ស្រីស ត្រូវជាប្អូនបង្កើតរបស់ស្ត្រីរងគ្រោះ ដោយទ្រាំឃើញបងថ្លៃចិត្តកំណាចវាយ ដំបងស្រីរបស់ខ្លួនតទៅទៀតលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងនគបាលប៉ុស្គិ៍អបួនលើ បានចុះទៅដល់កន្លែងកើតហេតុនិងបាន ឃាត់ខ្លួនជនបង្កជាប្តី នាំយកមកសាកសួរ។

ជនបង្កហេតុជាប្តីកំណាច ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES