Tuesday, April 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះ៤ល្វែង ខូចខាតជាង៣០ម៉ឺនដុល្លារ

ភ្លើងឆេះផ្ទះ៤ល្វែង ខូចខាតជាង៣០ម៉ឺនដុល្លារ

ក្រចេះ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន៤ល្វែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្តាល យប់ បណ្តាលឱ្យឆេះ ខូចខាតអស់ទាំងស្រុង គិតជាទំហំទឹកប្រាក់ ប្រមាណជាង៣០ម៉ឺនដុល្លារ។

ករណីគ្រោះអគ្គិភ័យខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចគីឡូម៉ែត្រ១២៣ (ផ្សារកាបី) ស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល។

ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះកែវ ឈាន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជាសមាជិកក្រុមប្រឹក្សាឃុំគ្រញូងសែន ជ័យ មានប្រពន្ធឈ្មោះណៃ យាត។ ចំណែកផ្ទះដែលត្រូវភ្លើងឆាបឆេះនោះ គឺធ្វើអំពីឈើលើថ្មក្រោម ប្រក់ស័ង្កសី ចំនួន៤ល្វែង។ រីឯទ្រព្យសម្បត្តិដែលរងការខូចខាត (អស់ទាំងស្រុង) សរុបជាទឹកប្រាក់ប្រមាណជាង ៣០ម៉ឺន ដុល្លារ។ ចំណែកមូលហេតុនៃការឆាបឆេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ចេញពីបន្ទប់ ស្តុកអីវ៉ាន់។ តែយ៉ាងណា ហេតុការណ៍អគ្គិភ័យនេះ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ ហើយក៏មិនបានឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋក្បែរខាងផ្សេងទៀតដែរ។

ក្នុងហេតុការណ៍អគ្គិភ័យទាំងកណ្តាលអធ្រាត្រនេះ គេឃើញវត្តមានលោកសាម ណាល់ អភិបាលស្រុកស្នួល បានចុះទៅដល់ទីតាំងកើតហេតុ និងដឹកនាំកម្លាំងជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យ រហូតដល់រលត់អស់ ទាំងស្រុងផងដែរ។

តាមការឱ្យដឹងពីសមត្ថកិច្ចជំនាញ នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ សមត្ថកិច្ចបានប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្នួល ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកកែវសីមា ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន នគរបាល ស្រុកមេមត់ ចំនួន១គ្រឿង ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់សរុបចំនួន១២ឡាន ទើបភ្លើងបានរលត់ទៅ វិញអស់ ទាំងស្រុង នៅវេលាម៉ោង ៤និង៥៥នាទីទៀបភ្លឺ ថ្ងៃដដែល៕

RELATED ARTICLES