ឧត្តរមានជ័យ ៖ បុរសម្នាក់ ស្ថិតក្នុងឯកសណ្ឋានជាសន្តិសុខឯកជន មិនដឹងថាមានវិបត្តិផ្លូវចិត្តរឿងអ្វី ស្រាប់តែ គិតខ្លី ចងកស្លាប់នៅក្នុងផ្ទះថ្មគេទុកចោល ១កន្លែង ក្បែរមាត់អូរព្រំដែនខ្មែរ-ថៃ និងត្រូវបានអ្នកឃ្វាលគោប្រទះ ឃើញ ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។
ករណីប្រទះឃើញសពចងកនៅនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចក្បែរមាត់អូរជាប់ព្រំដែនថៃ ក្នុងភូមិអូរស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោង។បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះភាវ ផាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើត នៅស្រុកបវេល ខេត្តបាត់ដំបង។
តាមសម្តីស្ត្រីឈ្មោះវ៉ាន សុភា អាយុ៤៥ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុស របស់គាត់ (ជនរងគ្រោះ ឈ្មោះភាវ ផាន់ណា) កាលពីពេលកន្លងទៅបានចាកចេញពីផ្ទះ មកធ្វើការជាមួយប្រពន្ធ នៅអូរស្មាច់ ជាប់ព្រំដែនថៃ ដោយធ្វើជាសន្តិសុខ ក្រុមហ៊ុនមួយកន្លែង ហើយកន្លងមក កូនប្រុសគាត់ ចង់ចេញ ទៅធ្វើការនៅប្រទេសថៃ ដែរ តែអត់មានប្រាក់ធ្វើប៉ាស្ព័រ ទើបនៅបន្តធ្វើការងារជាសន្តិសុខរហូតមក។
ស្ត្រីជាម្តាយជនរងគ្រោះ បន្តថា មុនពេលកើតហេតុ គាត់បានទទួលព័ត៌មានថា កូនប្រុសរបស់គាត់ បានចងកធ្វើ អត្តឃាត ស្លាប់បាត់ទៅហើយ ភ្លាមនោះ គាត់បានស្រូតឡើងមកមើល ក៏ឃើញថា គឺពិតជាកូនរបស់គាត់មែន ហើយការស្លាប់របស់កូនប្រុសនេះ គាត់ក៏ពុំដឹងថា គេកើតមានរឿងអ្វី ឬមានទំនាស់អ្វីជាមួយអ្នកណាដែរ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីអ្នកឃ្វាលគោ ថាបានប្រទះឃើញសាកសពបុរសម្នាក់ បានចងកធ្វើអត្តឃាត នៅត្រង់ចំណុចផ្ទះថ្មដែលគេទុកចោល មួយ កន្លែង ក្បែរមាត់អូរ ជាប់ព្រំដែនថៃ។ ខណៈនោះកម្លាំង សមត្ថកិច្ចមូលដ្ឋាន សហការជាមួយអាជ្ញាធរ និងសមត្ថ កិច្ចជំនាញ បានចុះអន្តរាគមន៍ ពិនិត្យដល់ទីតាំងខាងលើភ្លាមៗតែម្តង។
ពាក់ព័ន្ធករណីប្រទះឃើញសពនេះ សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ សព តែមិនទាន់អាចបញ្ជាក់ប្រាប់ពីមូលហេតុនៅឡើយ៕