ភ្នំពេញ៖ការចាកចេញរបស់លោកព្រាប សុវត្ថិ កាលពីខែសីហា ឆ្នាំ២០២០ និងខេមរៈ សិរីមន្ដ នាដើមខែមករា ឆ្នាំ២០២៣ ទៅGalaxy ព្រមគ្នានោះប្រាកដណាស់មានការព្យាករណ៍ថានឹងធ្វើឲ្យតារាចម្រៀងប្រុស២ដួងគឺលោកណុប បា យ៉ារិទ្ធ និងឆន សុវណ្ណារាជ អាចមានឱកាសស្ទុះងើបឡើងវិញសារជាថ្មីជាមិនខាន ព្រោះថាអំឡុងពេលដែលអតីតតារាហង្សមាសទាំងពីរមិនទាន់ដើរចេញអ្នកទាំងពីរគឺហាក់ដូចជាពាំងផ្លូវតារារួមប្រុសរួមទ្រនុំផ្សេងទៀតពិបាកស្ទុះឡើងរួច។ប៉ុន្ដែអ្វីៗមិនដូចការរពឹងទាំងស្រុងនោះទេ ព្រោះពេលនេះលោកណុប បាយ៉ារិទ្ធ ដែលឈានចូលវ័យ៤២ឆ្នាំ និង និងលោកឆន សុវណ្ណារាជ អាយុ៣៨ឆ្នាំនោះនៅតែមិនសូវលេចធ្លោដូចកាលពី១០ឆ្នាំមុនឡើយទោះជាគ្មានសុវត្ថិ និងប៊ុនថៃ ក្ដី តែពួកគេមានមុខមាត់ក្នុងតំណែងជាCoach និងJudge ច្រើនជាងចម្រៀងទៅវិញ។តែយ៉ាងណានៅតាមបណ្ដារកម្មវិធីប្រគុំតន្រ្ដីធំៗរបស់ហង្សមាសនោះគេកម្រឃើញបាត់មុខតារាទាំងពីរនេះណាស់ ហើយតាមព័តមានថានោះគឺមកពីខាងAgency កុម្មង់ផង និងថៅកែហង្សមាសចង់ឲ្យពួកគេលេចមុខតាមឆាកឲ្យបានកាន់តែច្រើនថែមទៀតជៀសវាងមានអ្នករត់ចេញពីផលិតកម្មនេះថែមទៀតនឹងប្រឈមហានិភ័យជាមិនខាន ព្រោះថាបច្ចុប្បន្នតារាប្រុសៗដែលល្បីល្បាញបំផុតមិនមែនឈជើងនៅហង្សមាសទៀតទេ តែធ្លាក់ក្នុងកណ្ដាប់ដៃរបស់Galaxy សឹងគ្រប់គ្នាអស់ទៅហើយ។
ណុប បាយ៉ារិទ្ធ បានជ្រកនៅហង្សមាសរយៈពេល២៦ឆ្នាំ ទៅហើយនិងគ្មានដំណឹងថាលោកចង់រត់ចោលផលិតកម្មនេះទេ ខណៈដែលថៅកែបានផ្ដល់តំណែងធំឲ្យលោកដល់ទៅ២ផ្សេងគ្នានោះគឺធ្វើជាJudge កម្មវិធីCambodian Idol ៤រដូវកាលមកហើយ ស្របពេលដែលកម្មវិធីThe Voice Cambodia វិញលោកជាCoach ៣រដូវកាលជាប់គ្នាផងដែរ តែមិនទាន់នាំកូនក្រុមរូបណាលើកពាននោះទេ។តារាចម្រៀងជាប់រហ័ស្សនាម”មុខក្មេង សម្លេងចាស់”រូបនេះគ្មានព័តមានថាលោកនឹងរៀបការប្រពន្ធឆាប់ៗនោះទេ បើទោះជាតារាប្រុសរួមជំនាន់លោកជាច្រើនពួកគេមានកូនប្រុសស្រីឡើងពេញវ័យកំលោះក្រមុំអស់ទៅហើយក្ដី។
ចំណែកលោកឆន សុវណ្ណរាជ វិញបានឈជើងនៅហង្សមាសអស់រយៈពេល១៦ឆ្នាំ និងផ្ទុះខ្លាំងនាឆ្នាំ២០០៧ តែនៅពេលលោកប៊ុនថៃ ទៅដល់ហង្សមាសកាលពីឆ្នាំ២០១៧ នោះធ្វើឲ្យលោកលែងសូវមានសន្ទុះ។យ៉ាងណាលោករាជ ក៍មិនខុសពីលោករិទ្ធ ដែរព្រោះត្រូវបានថៅកែផ្ដល់ទំនុកចិត្តឲ្យធ្វើជាគណៈកម្មាការនិងគ្រូបង្វឹកកម្មវិធីCambodian Idol និងThe Voice Cambodia ដូចគ្នានឹងគ្មានដំណឹងថាចង់ដកលោកចេញនោះទេ ស្របពេលដែលតារារោមទ្រូងច្រើនរូបនេះធ្លាប់សាងភាពភ្ញាក់ផ្អើលតាមរយៈការដឹកដៃកូនក្រុមខ្លួនលោកប៊ុត សីហា លើកពាននារដូវកាលទី១របស់The Voice Cambodia តែក្រោយមកលោកខកចិត្តខ្លាំងដោយសារតែសីហាសេពគ្រឿងញៀននិងត្រូវថៅកែដេញចេញពីហង្សមាសមុនផុតកុងត្រា។បើតាមអ្នកជំនាញសិល្បៈបានលើកឡើងតំណាក់កាលដែលហង្សមាសបាត់ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នោះតារាទាំងអស់របស់ហង្សមាសត្រូវថៅកែថ្នាក់ថ្នមជាងមុន ហេតុនេះហើយគេរំពឹងថាលោករាជ ប្រាកដជាបានតំណែងសំខាន់ៗនាពេលខាងមុខថែមទៀតជាមិនខាន។ទាក់ទងរឿងរៀបការប្រពន្ធវិញលោកសុវណ្ណារាជ ស្ងាត់សូន្យឈឹងតែម្ដង ខណៈដែលរឿងស្នេហាលោកជាមួយនិស្សិតស្រីនៅអាមេរិកនាងអរិយា បានស្ងប់ស្ងាត់ជាច្រើនឆ្នាំមកហើយ តែមុននេះអតីតតារាU2 រូបនេះបានលេង១ក្បាច់ដាច់ផ្ញាអស់Fan ព្រោះលោកបានអោបថើបនាងហេង ចន្ថា នៅក្រៅឆាកស្អិតដូចតុកកែ បើទោះជាដឹងថានាងមានគូដណ្ដឹងទៅហើយក្ដី។
មជ្ឈដ្ឋានមហាជនរងចាំមើលថាលោកណុប បាយ៉ារិទ្ធ និងឆន សុវណ្ណារាជ នឹងរៀបយុទ្ធសាស្រ្ដបែបណាដើម្បីឲ្យទីផ្សារចម្រៀងរបស់ពួកគេខ្លាំងក្លាឡើងវិញ ក្រោយអត់ពីព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ?តែអ្វីដែលFan ចាំអ៊ុតជាងបទចម្រៀងទៀតនោះគឺចង់ដឹងថាលោករិទ្ធ ឬរាជ ជាអ្នករកបានប្រពន្ធមុន?
គូរបញ្ជាក់ថាក្រោយផលិតកម្មធំហង្សមាសរបូតតារាសំខាន់ទាំង២ដួងរបស់ខ្លួនគឺព្រាប សុវត្ថិ និងខែម ប៊ុនថៃ ទៅទើរនៅGalaxy នោះផលិតកម្មចាស់វស្សាហ៍មួយនេះមិនទាន់ទិញតារារូបណាយកមកជំនួសតារាទាំងពីរខាងលើនោះទេ ខណៈដែលមុននេះមានការលើកឡើងថាលោកឆាយ វីរៈយុទ្ធ អាចជាគោលដៅធំរបស់ហង្សមាស តែអ្នកខ្លះថានី រតនា ,ថែល ថៃ និងលីម តិចម៉េង ក៍មានសម្ថភាពមិនធម្មតាដែរ បើហង្សមាសចង់លើកនោះ។ប៉ុន្ដែសកម្មភាពពិតផលិតកម្មនេះជ្រើសរើសតារាបានថ្មីៗជារៀងរាល់ឆ្នាំ តែមានម្ចាស់ពានខ្លះបែជាគ្មានបទច្រៀងហើយបាត់ខ្លួនទៅវិញក៍មានដែរ ទើបធ្វើឲ្យបន្ទុកត្រូវធ្លាក់ទៅលើលោករិទ្ធ និងរាជ ខ្ពស់ជាងគេ៕