ភ្នំពេញ ៖ ករណីបុរសម្នាក់ បានទុរេនស៊ី និយាយដៀលអ្នកស្រែ ថាអត់លុយទិញទុរេនស៊ីដូចខ្លួនជាអ្នកក្រុង និងបុរសម្នាក់ទៀត ដេកឱបស្រីស្នេហ៍ ដៀលអ្នកស្រែថា មិនដែលបានឱបស្រីដូចខ្លួននោះ បានធ្វើឲ្យផ្ទុះប្រ តិកម្មពីមហាជន តាមបណ្តាញសង្គម ហ្វេសប៊ុក រហូតបុគ្គលទាំងពីរ ចេញមុខសំពះសុំទោសទាំងក្តីអាម៉ាស់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ មានបុរសវ័យក្មេងម្នាក់ ជាអ្នកលក់ផលិតផលតាមអនឡាញ បានបង្ហោះវីដេអូផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុក របស់ខ្លួន បង្ហាញការស៊ីទុរេន ដោយនិយាយប្រមាថមើលងាយ ដៀលអ្នកស្រែ ថាមិនដល់ខ្លួន គ្មានលុយទិញទុរេនស៊ីដូចខ្លួន ដែលធ្វើឲ្យមហាជនស្ទើរទូទាំងប្រទេស បញ្ចេញ ប្រតិកម្ម ថ្កោលទោសគ្រប់គ្នា រហូតបុរសម្នាក់នោះ បានចេញមុខសុំទោសភ្លាមៗ។ ជាមួយគ្នានេះ ស្ត្រីជាប្រពន្ធ របស់បុរសនោះ ក៏បានចេញមុខសុំទោសជំនួសប្តីរបស់ខ្លួន និងស្តីបន្ទោសប្តីផងដែរ។

ស្ត្រីជាប្រពន្ធ ឈ្មោះញ៉ៅ សុជាតិ បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ថា «មិនមែនកាន់ជើងប្ដីទេ គាត់ខុសមែន គ្នាក៏ទទួល ជេរស្ដីយ៉ាងណាក៏មិនតបត ខ្ញុំស្បថ ខ្ញុំពិតជាអត់ដឹងថាគាត់ទៅ ថតបែបហ្នឹងទេ បើដឹងក៏មិនឲ្យធ្វើ ស្អែកឡើងមក ឃើញគេផុស ខ្ញុំឃើញ ក៏ហួសចិត្ត តែគ្នាក៏ទទួលខុស ទោះវ៉ៃ ទោះជេរថាស្ដី ក៏គាត់ទទួលខុស។ នាងខ្ញុំសូមចិត្តបងប្អូន ឈប់ខឹងគាត់ទៅ ចាត់ទុកថាខ្ញុំសុំចុះ ហើយបងៗ ផ្សេងៗ ឈប់កាត់ត ឬ live ជេរគ្នាទៅ សុំចប់ត្រឹមហ្នឹងចុះ»។
ជាមួយគ្នានេះ បុរសស្ត្រីជាប្តីប្រពន្ធខាងលើ ក៏បានសុំទោសដល់ម្ចាស់ប្រេន Madam da ចំពោះកំហុសឆ្គងនេះ ផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមហ៊ុន ម៉ាដាន ដា ខសមេធីក ឯក បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ថា ក្រុមហ៊ុន បានសម្រេចបញ្ចប់កិច្ចសន្យាជាមួយឈ្មោះញ៉ៅ សុជាតិ និងស្វាមី ចាប់ពីថ្ងៃជូន ដំណឹង នេះតទៅ។ មូលហេតុដោយសារបុគ្គលប្តីប្រពន្ធនេះ បានបង្ហោះវីដេអូស្តែងចេញនូវការរើសអើង ធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍សាធារណជន និងកេរ្តិ៍ឈ្មោះផលិតផលក្រុមហ៊ុន ។

ដោយឡែក ស្របពេលដែលមហាជនកំពុងផ្ទុះប្រតិកម្មនឹងបុរសស៊ីទុរេន ប្រមាថដល់អ្នកស្រែខាងលើនេះស្រាប់ តែមានបុរសម្នាក់ផ្សេងទៀត បានបង្ហោះវីដេអូដេកឱបស្រីស្នេហ៍ និយាយដៀលប្រមាថដល់អ្នកស្រែ ថាមិនដែល បានឱបស្រីដូចខ្លួន ដែលធ្វើឲ្យមហាជនផ្ទុះប្រតិកម្មថែមមួយករណីទៀត។ ប៉ុន្តែក្រោយមក បុរស ម្នាក់នោះ និង ស្រីស្នេហ៍ បានចេញមុខសំពះសុំទោស ដោយថាខ្លួនធ្វើលេងទេ ព្រោះខ្លួនក៏មានប្រភពមក ពីស្រុក ស្រែ មករស់ នៅភ្នំពេញ មិនដែលភ្លេចកំណើតរបស់ខ្លួនទេ ហើយវីដេអូនេះ ខ្លួនបានលុបចោលវិញភ្លាមៗដែរ តែ មិននឹកស្មាន ថា មានអ្នកសេវយកទៅផុសបន្ត ធ្វើឲ្យមហាជនជេរខ្លួនគ្រប់គ្នា។ យ៉ាងណាខ្លួនសុំទោសចេញពីចិត្ត ចំពោះកំ ហុសឆ្គងនេះ៕ ខៀវទុំ