Wednesday, November 20, 2024
Homeតារាខ្មែរមាស សុខសោភា ៖វិលទៅផលិតកម្មខ្លួនឯង ៦ខែ មិនទាន់អាចធ្វើព្យុះភ្លៀងបាន

មាស សុខសោភា ៖វិលទៅផលិតកម្មខ្លួនឯង ៦ខែ មិនទាន់អាចធ្វើព្យុះភ្លៀងបាន

ភ្នំពេញ៖តារាចម្រៀងសំនៀងស្រទន់មាស សុខសោភា ដែលត្រូវបានមិត្តរួមអាជីពហៅ​នាងថា​ជា​រាជនីយសម្លេង​ផ្អែម​នោះ​មិនទាន់អាចធ្វើឲ្យFan របស់ខ្លួនមានការភ្ញាក់ផ្អើលឡើងវិញទេ រយៈ​ពេលជិត៦ខែហើយ​ក្រោយ​នាងដើរ​ចេញពីរាម មកផលិតបទចម្រៀងផ្ទាល់ ខ្លួននៅ Camtrax បើទោះជាផលិតកម្មមួយនេះ​មានស្វាមីនាង​លោកអ៊ឹត រ៉ា​ដា និងបងប្រុសនាង​លោក​មាស សុខរតនៈ ជាអ្នកដឹកនាំនិងគ្រប់គ្រងក្ដី។តែយ៉ាងណាសុខសោភា ធ្លាប់ប្រាប់​អ្នក​​កា​សែត​ថានៅឆ្នាំ២០២៣ នេះនាងមិនទៅផលិតកម្មណាទាំងអស់ក្រៅពីច្រៀងនៅផលិតកម្មខ្លួនឯង ហើយ​សុខ​ចិត្តចេញចម្រៀងដោយតក់ៗអត់បង្ខំ។ប៉ុន្ដែអ្នកជំនាញ​សិល្បៈបានលើកឡើង​ថា​ការប្រកាសរបស់​សុខ​សោ​ភា បែបនោះគឺគ្រាន់តែនាងមានចេតនាចង់ឲ្យផលិតកម្មទាំង​ឡាយ​ដែលចង់បាននាងមកចរចារប៉ុណ្ណោះ ព្រោះ​មាន​​ព័តមានថាហង្សមាស,Galaxy និងថោន បើក​ទ្វារងចាំស្វាគមន៍នាងជានិច្ច បើទោះជាសោភា ធ្លាប់ប្រាប់អ្នក​យកព័តមានយើងថា​ក្នុងចំ​ណោ​ម​ផលិតកម្មទាំង៣ ខាងលើនេះគឺមានតែហង្សមាសមួយគត់ដែល​បានទាក់ទង​នាងជាផ្លូវការ​ក្ដី តែគេជឿរថាក្រោយព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បានដើរចេញព្រមគ្នាពីទ្រនុំធំនេះឱកាស​នាង​ទៅGalaxy ច្រើនជាងផលិតកម្ម២ផ្សេងទៀត។

 អ្នកជំនាញសិល្បៈបានព្រមានមាស សុខសោភា ថាបើសិនជានាងចង់ប្រជែងទីផ្សារ​ចម្រៀង​ឲ្យខ្លាំងក្លាឡើង​វិញដាច់​ខាតនោះនាងត្រូវតែទៅច្រៀងនៅ​ផលិតកម្មណាមួយ​ផ្សេង​ទៀត មិនមែនផលិតកម្មខ្លួនឯងនោះទេ ព្រោះការបើកផលិតកម្មទាមទារឲ្យមានរចនាសម្ព័ន្ធ និងធនធានច្បាស់លាស់ទើបអាចទៅរួច។ប៉ុន្ដែសុខសោភា ធ្លាប់ប្រឆាំងនិងការយល់ឃើញ​បែប​នេះដោយនាងធ្លាប់វាចាថាសម័យនេះទៅហើយទោះ​ជាច្រៀងដោយ​គ្មាន​ផលិតកម្មក៍នៅ​តែអាច​ល្បីបានដែរ។ដោយឡែកនៅក្នុងវីដេអូមួយរបស់សុខសោភា ដែលត្រូវបានFan របស់​នាង​ចែកចាយនៅលើបណ្ដាញសង្គមនោះនាងនិយាយដោយត្រៀម​ចិត្តកាយថានៅលើលោក​នេះគ្មានអ្វីថិតថេរ​និង​ជា​អមតៈនោះទេ ហើយនៅពេលខាងមុខរូបនាងនឹងចាស់បាត់បង់​ទាំង​សម្លេងនិងសម្រស់ ហេតុនេះសូមកុំ​ប្រម​កាន់​ចឬកតួឯក ដោយសារតែពេលបានអ្វីមកជោគជ័យ​ហើយ សូមកុំមើលងាយគេថ្ងៃនេះគេអត់ល្បី តែថ្ងៃ​ក្រោ​យ​គេល្បី ថ្ងៃនេះគេក្រ ថ្ងៃក្រោយគេ​មាន​…។ការតាំងចិត្តរបស់សុខសោភា បែបនេះច្បាស់ណាស់ថានាង​បានដឹង​ខ្លួនរួចជា​ស្រេច​ទៅ​​ហើយថាមិនអាចរក្សារតំណែងជាតាស្រីលំដាប់ជូរមុខគេបានរហូតនោះទេ ដែលការលើក​ឡើងរបស់នាងបែបនេះស្រដៀងគ្នានិងលោកឡាយ សុខហុក ថៅកែផលិតកម្មសាន់ដេធ្លាប់​មាន​ប្រសាសន៍ថា​ថ្ងៃណាមួយតារាផ្សេងម្នាក់ទៀតដែលគេ​មិនធ្លាប់ស្គាល់ពីមុនទាល់តែ​សោះ​នឹង​​បង្ហាញ​​ខ្លួនឡើង ដែលលោក​សដំដៅថា”រលកក្រោយ ច្រានរលកមុន”…។

 មាស សុខសោភា បានដើរចេញពីថោន ក្រោយរួមរស់នៅទ្រនុំនេះអស់៩ឆ្នាំ ហើយទៅ​ជ្រកនៅរាម បានតែ២ឆ្នាំ ក៍បាយបាយ បន្ទាប់ពីទីផ្សារចម្រៀងរបស់នាងលែងសូវស្ទុះ​ទៅមុខ​។តែសោភា នៅតែមិនព្រមទៅចូលហង្ស​មាស​ដដែល ទោះជាផលិតកម្មដែលគ្រប់គ្រង​ដោ​យ​​លោកឧកញ៉ាអ៊ឹង ឆៃងួន មួយនេះបានចាប់អារម្មណ៍ និង​ចង់បាននាងរយៈពេល​ជាង១០ឆ្នាំ​ហើយក្ដី។អ្វីដែលសោភា ដកឃ្លាសម្ងំស្ងាត់មួយរយៈមកនេះស្រប​ពេលដែល​តារា​​ស្រីល្បីៗ​ផ្សេង​ទៀតមានដូចជាឱក សុគន្ធកញ្ញា ,សុគន្ធ និសា ,ពេជ្រ សោភា និងសួស វីសា ជាដើម ហាក់​នៅទ្រឹងព្រមគ្នាតែម្ដង។ចំពោះសោភា វិញថ្មីៗនេះបទចម្រៀងរបស់នាង”មរណភាព​ព្រះ​ស្វាមីជ័យវរ្ម័នទី៧​”របស់​នាងក៍ត្រូវបានប្រមុខរាជរដ្ឋាភិបាលស្នើឲ្យមានការលុបចេញជាបន្ទាន់ផងដែរ ក្រោយមានភាពចម្រូង​ចម្រាសលើ​ចម្រៀងមួយនេះពីមហាជន ហេតុនេះគេជឿរថា​ការ​ចេញ​បទចម្រៀងបែបប្រវត្តិសាស្រ្ដបែបនេះ​ទៀតនាពេល​ក្រោយ​​រូប​នាងនឹងមានការប្រុង​ប្រ​យ័ត្ន​ឲ្យ​បានខ្ពស់ជាងនេះជាមិនខាន។

 ក្រៅពីមាស សុខសោភា តារាចម្រៀងដែលធ្លាប់ចេញសារទទួលស្គាល់ថា​អាជីព​របស់​ពួកគេគ្មានអ្វីថិតថេរ នោះក៍មាននាងតន់ ច័ន្ទសីម៉ា ម្នាក់ទៀតដែរដែលនាងថា១០ឆ្នាំក្រោយ​អ្វីៗនឹងប្រែប្រួល មិនទៀងទាត់នោះទេ។ប៉ុន្ដែក៍មានតារាខ្លះនៅប្រកាន់ចឬក​តួឯកនិងពេល​ខ្លះហ៊ានប្រឆាំងដល់អ្នកគាំទ្រខ្លួនទៀតផង ហេតុនេះហើយ​ទើបសោភា ចេញសារដាស់តឿន​ថាគ្រប់គ្នាកុំឲ្យប្រកាន់ចឬកជាតួឯកអី តំណែងមួយនេះមិននៅ​ជាមួយយើង​រហូតនោះទេ។

 សូមបញ្ជាក់ថាមិនត្រឹមតែមិនទាន់មានបទចម្រៀងផ្ទុះឡើងវិញនោះទេ តែដំណឹងមាស សុខសោភា គ្រោងរៀប​ការជាមួយលោកអ៊ឹត រ៉ាដា ជាលើកទី៣ នោះកាន់តែស្ងាត់ដូចចោរ​លួច​សេះតែម្ដង បន្ទាប់ពីនាងបានរៀបការ២​លើកកន្លងមកសុទ្ធតែធ្វើបែបលាក់លៀមទាំងអស់​៕

RELATED ARTICLES