កំពង់ធំ ៖ បុរសម្នាក់ ត្រូវសាច់ញាតិក្រុមគ្រួសារអះអាងថា បានកើតមានជំងឺសរសៃប្រសាទ និងចេះតែមាន ចិត្តប្រចណ្ឌប្រពន្ធរបស់ខ្លួន ជាមួយនឹងកូនប្រសាប្រុស ទើបបង្ករឿងឈ្លោះប្រកែកប្រពន្ធមិនឈប់ រហូតដល់ ចុងក្រោយ បែកគំនិតធ្វើសកម្មភាពកាប់ប្រពន្ធ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចរត់ទៅចងកសម្លាប់ខ្លួនតាម ក្រោយ។
ករណីឃាតកម្មប្តីកាប់សម្លាប់ប្រពន្ធ រួចរត់ទៅចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោងប្រមាណ ៩និង៤០នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្រោមផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។
ជនដៃដល់ជាប្តីដែលសម្លាប់ប្រពន្ធ រួចចងកសម្លាប់ខ្លួន មានឈ្មោះសុត ជឿន អាយុ៥២ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះអួន ណៃ អាយុ៥៥ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធទាំងពីរ មានលំនៅ ក្នុងភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា បុរសជាប្តី ឈ្មោះសុត ជឿន កន្លងមក បានកើតមានជំងឺ សរសៃប្រសាទប្រចាំកាយ និងចេះតែបង្ករឿងឈ្លោះ ប្រចណ្ឌប្រពន្ធមិនឈប់ ដោយបុរសជាប្តីនេះ បានប្រ ចណ្ឌប្រពន្ធរបស់ខ្លួនជាមួយនឹងកូនប្រសាប្រុស ហើយសូម្បីតែកូនបង្កើត ក៏ប្រចណ្ឌដែរ។ ដោយសារតែបែបនេះហើយ ទើបជនសង្ស័យជាប្តីចេះតែបង្ករឿងឈ្លោះប្រកែកជាមួយប្រពន្ធមិនស្វាង។
ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលស្ត្រីរងគ្រោះជាប្រពន្ធ កំពុងដេក នៅខាងក្រោមផ្ទះ ស្រាប់តែជនសង្ស័យជាប្តី បានទាញកាំបិតកាប់ប្រហារប្រពន្ធរបស់ខ្លួន បណ្តាលឱ្យស្លាប់ ក្នុងថ្លុកឈាម មួយរំពេច រួចបានរត់ចេញពីផ្ទះបាត់ ហើយក៏បានទៅចងកសម្លាប់ខ្លួននៅលើដើមស្វាយចន្ទី ដែលស្ថិតនៅខាងក្រោយផ្ទះ ប្រមាណ៥០០ម៉ែត្រ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសពស្ត្រីរងគ្រោះជាប្រពន្ធ រួចបញ្ជាក់ថា ស្ត្រីរងគ្រោះ ត្រូវបានបុរសជាប្តី យកឧបករណ៍ដែលមានមុខមុត (កាំបិត) កាប់ចំក្រោមទងត្រចៀក និងភ្នែក ខាង ស្តាំ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។ លុះបន្ទាប់ពី សម្លាប់ប្រពន្ធរួចហើយ ជនសង្ស័យជាប្តី បានរត់ទៅក្រោយផ្ទះ ចងកសម្លាប់ខ្លួនតែម្តង។ មូលហេតុជនសង្ស័យមានជំងឺសរសៃប្រសាទ ប្រចណ្ឌប្រពន្ធជាមួយកូនប្រសា និងកូន បង្កើត។
សពប្តីប្រពន្ធទាំងពីរនាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី៕