ភ្នំពេញ ៖ ភ្លៀងមួយមេធំ លាយឡំទៅដោយខ្យល់កន្ត្រាក់ផង បានបោកបក់ បណ្តាលឱ្យដើមឈើធំ ១ដើម បានរលំរលើងទាំងឫស ដួលកាត់ទទឹងផ្លូវ និងបានសង្កត់ពីលើម៉ូតូ ១គ្រឿង រងការខូចខាត ១កំណាត់ខាងមុខ និងធ្វើឱ្យបុរសជាអ្នកជិះម៉ូតូម្នាក់ រងរបួស។
ហេតុការណ៍គ្រោះថ្នាក់ បាក់ដើមឈើសង្កត់អ្នកដំណើរនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចសួនច្បារហាត់ប្រាណ តាមផ្លូវលេខ១៦៩ ជិត QK CLUB ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
បុរសរងគ្រោះដែលត្រូវដើមឈើបាក់រលំសង្កត់ បណ្តាលឱ្យរងរបួស មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៣០ឆ្នាំ (រងរបួសជង្គង់ខាងស្តាំ ស្មងជើងខាងឆ្វេង និងរលាត់ ដៃខាងឆ្វេង)។ រីឯម៉ូតូដែលរងការខូចខាត ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1W-7754 (បាក់ខ្នងកង់ខាងមុខ ខូចខាតមួយកំណាត់មុខ)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងមួយមេធំ បានធ្លាក់គ្របដណ្តប់ ទូទាំងរាជធានីភ្នំពេញ ហើយក្នុងនោះថែមទាំងលាយឡំទៅដោយខ្យល់កន្ត្រាក់ទៀតផង។ បន្ទាប់មក ខណៈ ដែ់លជនរងគ្រោះខាងលើ បានជិះម៉ូតូមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែដើមឈើ ១ដើម បានបាក់រលំ រលើងទាំងឫស ដួលកាត់ទទឹងផ្លូវ និងបានសង្កត់លើម៉ូតូ និងអ្នកបើកបរ បណ្តាលឱ្យរងរបួសតែម្តង តែសំណាង ល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
បន្ទាប់ពីទទួលដំណឹងនេះភ្លាម លោកថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំបញ្ជាកម្លាំងសណ្តាប់ ធ្នាប់ ខណ្ឌ ចុះកាត់ដើមឈើដែលបាក់ចេញ និងជួយសម្រួលចរាចរណ៍ ដើម្បីកុំឱ្យមានការកកស្ទះ ព្រមទាំងចាត់ បញ្ជូនជនរងគ្រោះដែលរងរបួស ទៅមន្ទីរពេទ្យភ្លាមៗផងដែរ៕