ខេត្តកំពត ៖ ក្មេងប្រុសម្នាក់ បានរត់លេង នៅក្នុងចង្ក្រានបាយក្បែរជញ្ជាំងស័ង្កសី ស្រាប់ តែអកុសល ពេលយកដៃទៅតោងជញ្ជាំងស័ង្កសី ក៏ស្រាប់តែឆ្លងចរន្តឆក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង៤០នាទី រសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ នៅចំណុច ផ្ទះរបស់ក្មេងប្រុសរងគ្រោះ ស្ថិតក្នុងភូមិព្រែកអម្ពិល ឃុំកោះតូច ស្រុកទឹកឈូ។
ក្មេងប្រុសរងគ្រោះ ដែលត្រូវខ្សែភ្លើង ឆក់ស្លាប់នោះ មានឈ្មោះសំ ត្រី អាយុ១១ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីបុរសឈ្មោះប្រាក់ សុផល ត្រូវ ជាឪពុកក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់ (ក្មេងប្រុសរងគ្រោះ) បានរត់លេងនៅក្បែរ ចង្ក្រានបាយក្នុងផ្ទះ លុះពេលរត់លេងហត់ កូន ប្រុសគាត់ក៏យកដៃទៅតោងនឹងជញ្ជាំងស័ង្កសី ផ្ទះបាយ ស្រាប់តែអកុសល ត្រូវចរន្តអគ្គិសនី ឆ្លងតាមស័ង្ក-សី ឆក់ស្លាប់នៅនឹងកន្លែងយ៉ាង អាណោចអាធ័ម។
ប្រភពដដែលបន្តថា នៅពេលឃើញកូន ប្រុសត្រូវខ្សែភ្លើងឆក់បែបនេះ បានស្ទុះទៅ ជួយនិងប្រុងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បី សង្គ្រោះជីវិតដែរ តែអកុសល កូនប្រុសបាន ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ដោយបានត្រឹម រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចប៉ុណ្ណោះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាត្រូវខ្សែភ្លើងឆក់ស្លាប់ ប្រាកដមែន។
សព ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕វ៉ាន់ ឌឿន