សៀមរាប ៖ សត្វក្រពើជាច្រើនក្បាល ដែលម្ចាស់កសិដ្ឋានមួយកន្លែង បានទិញយកមកចិញ្ចឹមសម្រាប់ទុកលក់ មិនដឹងជាមានបញ្ហាអ្វី ឬម្ចាស់កសិដ្ឋានមានការធ្វេសប្រហែសយ៉ាងម៉េច ស្រាប់តែសត្វក្រពើ ចំនួន២៤ក្បាល បានរត់រួចចេញពីទ្រុង ហើយចូលទៅក្នុងទឹកប្រឡាយចំនួន ២ទីតាំងផ្សេងៗគ្នា នៅក្នុងស្រុកពួក ជាហេតុធ្វើ ឱ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ កំពុងភ័យព្រួយពីសុវត្ថិភាពកូនចៅយ៉ាងខ្លាំង។
ហេតុការណ៍សត្វក្រពើរត់រួចចេញពីទ្រុងនេះ បានកើតមានការភ្ញាក់ផ្អើលឡើងតាំងពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លុះរហូតដល់ថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២៣ ទើបសមត្ថកិច្ចចុះអន្តរាគមន៍នៅត្រង់ចំណុចដីភូមិប្រយុទ្ធ និងភូមិចំបក់ហែ ស្ថិតក្នុងឃុំពួក ស្រុកពួក។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានបញ្ជាក់ប្រាប់កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៣ថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានពីម្ចាស់ ចិញ្ចឹមសត្វក្រពើ ដែលមានឈ្មោះគង់ ចន្ថា ហៅបាវ ភេទប្រុស អាយុជាង៥០ឆ្នាំ មានលំនៅបច្ចុប្បន្ន ក្នុងភូមិពួក ចាស់ ឃុំពួក ស្រុកពួក ថានៅចន្លោះរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ សត្វក្រពើរបស់គាត់ ប្រហែលចំនួន១០ក្បាល ប្រភេទក្រពើធំ ទំហំចន្លោះចាប់ពី៤០ ទៅ៨០គីឡូក្រាម ដែលទើបនឹងទិញចូលថ្មីៗ និង ដឹកយកមកដាក់ទ្រុង នៅទីតាំងដីខាងលើ ស្ថិតក្នុងភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានរួចចេញពី បរិវេណដីទ្រុង។
លោកអធិការនគរបាលស្រុកពួក បន្តថា សត្វក្រពើទាំងនោះ បានរត់រួចចូលទៅក្នុងប្រឡាយទឹក នៅចំណុចផ្លូវ បែកជា៣ ហើយចេញមកប្រឡាយតាអ៊ូ ស្ថិតក្នុងភូមិអូតាប្រាក់ និងចេញទៅស្ទឹងកិល ស្ថិតក្នុងភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ហើយចេញទៅស្ទឹងភូមិគោកថ្មី ឃុំដូនកែវ ត្រូវបានប្រជាពលរដ្ឋក្នុងឃុំពួក និងឃុំដូនកែវ ព្រមទាំង ម្ចាស់ តាមរកចាប់បានមកវិញ សរុបចំនួន១១ក្បាល។ បើតាមការបញ្ជាក់ពីម្ចាស់ក្រពើ ថាបានរកឃើញសត្វក្រពើ ចាប់បានវិញគ្រប់ចំនួនអស់ហើយ។
លោកអធិការបានបន្ថែមថា ដោយឡែកនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក៏បានទទួលព័ត៌មានពីម្ចាស់ចិញ្ចឹម សត្វក្រពើម្នាក់ទៀត ឈ្មោះសុខ វិជ័យ ហៅគង់ ភេទប្រុស អាយុ៥០ឆ្នាំ មានលំនៅភូមិគោកកណ្តាល ឃុំសសរ ស្តម្ភ ស្រុកពួកថា នៅវេលាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចទីតាំងដីទ្រុងក្រពើរបស់គាត់ ស្ថិតក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក សត្វក្រពើគាត់ប្រហែលជា១៣ក្បាល ប្រភេទក្រពើធំៗ ចន្លោះចាប់ពី៣០ ទៅ៥០គីឡូក្រាម ដែលទើបទិញចូល រួចដឹកយកមកដាក់ក្នុងទ្រុងនៅទីតាំងដីទ្រុងខាងលើនេះ មិនទាន់បាន ស្រាយចំណងរុំមាត់ផង បានរត់រួចចេញពីទ្រុង នៅក្នុងបរិវេណដីរបង និងចូលទៅក្នុងប្រឡាយទឹក នៅភូមិ ចំបក់ហែ ដែលតភ្ជាប់ភូមិអូរតាប្រាក់ ស្ថិតក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ប៉ុន្តែត្រូវបានម្ចាស់តាមរក ឃើញមកវិញ ដោយចាប់បាននៅលើគោក ចំនួន១១ក្បាល និងចាប់បានក្នុងទឹក ចំនួន១ក្បាល អាចនៅសល់ ក្នុងទឹក ប្រហែល១ក្បាល ទៅ២ក្បាលទៀត។
លោកអធិការ បានបញ្ជាក់ទៀតថា ចំពោះសត្វក្រពើដែលនៅសល់នោះ ឥឡូវរកឃើញអស់ហើយ ដូច្នេះសូមបង ប្អូនប្រជាពលរដ្ឋ សូមកុំមានការព្រួយបារម្ភខ្លាចសត្វក្រពើនៅក្នុងទឹកដែលចូលប្រឡាយ ស្ថិតក្នុងភូមិចំបក់ហែ ដែលតភ្ជាប់ភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក នេះតទៅទៀត៕