ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីបង្កហិង្សាបណ្តាលឲ្យមានរបួសស្នាមដល់មិត្តភក្តិរួមការងារជាមួយដោយសារជនរងគ្រោះអាណិតសណ្តោស មានចិត្តយកអាសារ ឃើសង្សារជនបង្កផឹកស្រវឹង បះដៃបះជើង ប្រាប់ឲ្យទៅរកកន្លែងដេក បែរជាគូកំណាន់ ជាជនបង្កស្ទុះវឹងវ៉ៃបែកមាត់ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅការដ្ឋានសំណង់ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ហើយចាប់ខ្លួនជនបង្កបាននៅវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃដដែល ។
ជនដៃដល់ មានឈ្មោះ ព្រ៊ន វាសនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់កន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះ មានឈ្មោះ ជ័យ សុភ័ណ្ឌ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ខាងលើដូចគ្នា រងរបួសបែកបបូរមាត់ ។
តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងខាងលើ គេឃើញជនដៃដល់ រួមជាមួយនារីម្នាក់ទៀត ជាគូសង្សារនឹងគ្នា អង្គុយផឹកសុីស្រាថ្នាំទល់មុខគ្នាមួយកែវ ហើយមួយកែវទៀត អស់មួយលីត្រ ថែមមួយលីត្រ សរុប២លីត្រ នៅលើគ្រែក្រោមម្លប់ឈើមុខការដ្ឋាន គេឃើញខាងនារីជាសង្សារស្រវឹងបះដៃបះជើង មិនសាកសមទៅនឹងស្រ្តីខ្មែរ បែបបញ្ចេញកាយវិការឆ្កាដៃជើង ឃើញដូច្នោះ ជនរងគ្រោះបានដើរចេញពីកន្លែងរោងស្នាក់នៅ ដោយក្តីអាណិត មេត្តា មានចិត្តសណ្តោស បំណងប្រាប់យកបុណ្យ ឲ្យនារីស្រវឹងរូបនោះ ទៅរកកន្លែងដេក បែរជាគូកំណាន់ប្រកាន់ខឹង ស្ទុះវឹង ប្រើពាក្យអសុរស មិនគប្បី កុំចេះដឹងរឿងអញ ស្រីស្នេហ៍អញ ចង់ស្រាតៗ ចង់រាំៗ។ ទោះជាសម្តីបែបនេះក្តី ជនរងគ្រោះក៏មិនប្រកាន់ខឹងដែរ យល់ថាមនុស្សស្រវឹងទៅហើយ ផ្ទុយទៅវិញនៅតែជនបង្កមិនស្តាប់ ប្រើកណ្តាប់ដៃវ៉ៃបែកមាត់ជនរងគ្រោះ ហើយនាំសង្សារជិះម៉ូតូគេចទៅបាត់ ។
ក្រោយកើតហេតុ បន្ទាប់ពីជនរងគ្រោះ ក្នុងស្ថានភាពបែកមាត់ ដោយរឿងធ្វើបុណ្យបានទោស ត្រូវបានសាច់ញាតិនាំទៅប្តឹងនគរបាលប៉ុស្តិ៍កន្ទោក ហើយកម្លាំងនគរបាលចុះអន្តរាគមន៍ តាមរកទាំងយប់ រហូតដល់វេលាម៉ោង៨និង១៥នាទីយប់ថ្ងៃដដែល ទើបឃាត់ជនបង្កបាន នាំខ្លួនសាកសួរនៅ ប៉ុស្តិ៍ប៉ូលិស និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធី ៕