រតនគិរី ៖ កម្មករបម្រើការងារនៅក្នុងចម្ការរបស់ក្រុមហ៊ុនថាកូអាហ្គ្រី ស្ថិតក្នុងក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ បានបាត់បង់ជីវិត ជាបន្តបន្ទាប់សរុបចំនួន៦នាក់ ដោយសង្ស័យបណ្តាលមកពីពុលស្រា និងចំណីអាហារ ដែលលក់នៅក្នុងក្រុមហ៊ុន។
យោងតាមប្រភពពីមន្ត្រីអាវុធហត្ថស្រុកកូនមុំ បានឲ្យដឹងថា កម្មករដែលមានអាការធ្ងន់រហូតដល់ស្លាប់នោះ ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣មក រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ មានចំនួនសរុប៦នាក់។
ជនរងគ្រោះដែលបាត់បង់ជីវិតទាំង៦នាក់ រួមមាន ទី១-ឈ្មោះសុខ មេសា ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកម្មករ ចម្ការចេក (ស្លាប់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅមណ្ឌលសុខភាពស្រែអង្គ្រង)។ ទី២-ឈ្មោះផល ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ចម្ការចេក (ស្លាប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅមណ្ឌលសុខភាព ស្រែ អង្គ្រង)។ ទី៣-ឈ្មោះចាន់ ស៊ីនីត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករចម្ការចេក (ស្លាប់នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យខេត្ត)។ ទី៤-ឈ្មោះគា ណាត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករ ចម្ការចេក (ស្លាប់ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ តាមផ្លូវពេលបញ្ជូនចេញពីមណ្ឌលសុខភាព)។ ទី៥-ឈ្មោះថុង ផល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករចម្ការចេក (ស្លាប់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅមណ្ឌលសុខភាព) និងទី៦-ឈ្មោះ ជួប ស៊ីថា ហៅតាថា ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកម្មករចម្ការចេក (ស្លាប់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងការដ្ឋានក្រុមហ៊ុនថាកូអាហ្គ្រី)។
តាមការសាកសួរព័ត៌មានពីមន្ត្រីមណ្ឌលសុខភាពថា អ្នកជំងឺដែលមកទទួលសេវាទាំងនោះគឺ មានសភាពធ្ងន់ធ្ងរ ដូចជាសន្លប់ ប្រកាច់ សញ្ញាជីវិតខ្សោយ ជួនកាលស្ទើរគ្មានសញ្ញាជីវិត។ តាមការសាកសួរប្រវត្តិ អ្នកជំងឺមានរោគ សញ្ញាចុកពោះ ក្អួត ហត់ អស់កម្លាំង ស្រវាំងភ្នែក ភាគច្រើន ពួកគាត់បានទទួលទានស្រាជាប្រចាំ ហើយគឺគ្មាន ប្រវត្តិជំងឺប្រចាំកាយទេ ជាទូទៅមុនពេលចេញរោគសញ្ញាអ្នកជំងឺមានសុខភាពធម្មតា ក្រោយចេញរោគសញ្ញា ចន្លោះពី៤ ទៅ៦ម៉ោង បានបណ្តាលឱ្យអ្នកជំងឺស្លាប់តែម្តង។ តាមការសន្និដ្ឋានបឋម អាចបណ្តាលមកពីការពុល ចំណីអាហារ ឬពុលសារធាតុគីមី។
លោកសេក ហៃ អភិបាលស្រុកកូនមុំ បានឱ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ថា កម្មករទាំង៦នាក់ ដែលស្លាប់ខាងលើ អាចបណ្តាលមកពីពុលថ្នាំបាញ់ស្មៅ ព្រោះមុនពេលកើតហេតុ អ្នកទាំង នោះបាញ់ថ្នាំស្មៅ ហើយពេលរួចរាល់ពីការងារពួកគេ សម្រាកនាំគ្នាផឹកស្រា ដែលស្ថិតក្នងអាការអស់កម្លាំង ហេវហត់ផង និងមានសារធាតុពុលចំហាយថ្នាំបាញ់ស្មៅនោះនៅក្នុងខ្លួនផង ទើបបណ្តាលឱ្យមានអាការធ្ងន់ រហូតដល់ស្លាប់បែបនេះ តែយ៉ាងណាលោកបានចាត់កម្លាំងជំនាញចុះពិនិត្យ និងកំពុងស្រាវជ្រាវឱ្យបានដឹង ច្បាស់អំពីមូលហេតុ។
ដោយឡែក ប្រជាពលរដ្ឋ និងកម្មករដែលស្នាក់នៅទីតាំងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះអាចពុលស្រាដប និងចំណីអាហារដែលមានស្តង់លក់នៅក្នុងក្រុមហ៊ុននោះ មិនមានស្តង់ដារត្រឹមត្រូវ ឬហួសដឺឡេ ហើយក៏បាន សំណូមពរដល់អាជ្ញាធរ ឬមន្ត្រីជំនាញមេត្តាចុះពិនិត្យ ទំនិញក្នុងស្តង់នោះផង ភាគច្រើននាំចូលពីប្រទេសវៀត ណាម មិនមានការត្រួតពិនិត្យច្បាស់លាស់នោះទេ៕