ភ្នំពេញ៖ ស្រី្តវ័យចំណាស់ម្នាក់បានកាន់រូបថតកូនប្រុសមួយសន្លឹក មកប្តឹងនគរបាលប៉ុស្តិ៍ផ្សារអូរឬស្សី២ ខណ្ឌ៧មករា ឲ្យជួយរក បន្ទាប់ពីបាត់ពីផ្ទះ អស់រយៈពេលកន្លះខែមកហើយ មិនដឹងទៅណា និងមិនឃើញវិលត្រឡប់មកផ្ទះវិញ ដោយទៅជាមួយម៉ូតូមួយគ្រឿងផង ។
ស្រ្តីរូបនេះឈ្មោះយស់ សុខ អាយុ៦៥ឆ្នាំ មានទីលំនៅផ្ទះលេខ២៣៤ ផ្លូវឌឿងហែម លេខ២១៧ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧ មករា រាជធានីភ្នំពេញ បានអះអាងប្រាប់សមត្ថកិច្ចថា កូនប្រុសដែលបាត់ខ្លួននោះ ឈ្មោះសាន សុបញ្ញា អាយុ២៤ឆ្នាំ មុខរបរជាងកាត់សក់នៅម្តុំផ្សារស្ទឹងមានជ័យ និងស្នាក់នៅជាមួយគាត់ ។
ស្ត្រីរូបនេះបានរៀបរាប់ទៀតថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ កូនប្រុសរបស់គាត់ឈ្មោះសាន សុបញ្ញា បានសុំគាត់ទៅផឹកស៊ី និងដើរលេងជាមួយមិត្តភក្តិមួយថ្ងៃ ដោយជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1PC-3546 ទៅជាមួយផង ។ ចាប់ពីពេលនោះមក ក៏បាត់រហូត មិនឃើញមកផ្ទះទេ ហើយសូម្បីទូរស័ព្ទ ក៏ទូរស័ព្ទមិនចូលដែរ ។
ស្រី្តរូបនេះបានសម្តែងទឹកមុខស្រពោន និងបានអំពាវនាវដល់បងប្អូនណាបានឃើញ កូនប្រុសមានភិនភាគដូចខាងលើ សូមមេត្តាជួយផ្តល់ដំណឹងដល់គាត់ ឬ ទំនាក់ទំនងមកកាន់ប៉ុស្តិ៍នគរបាលផ្សារអូរឫស្សី២ ខណ្ឌ៧មករា ផង ៕