Monday, March 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនខ្ចីម៉ូតូជិះ ឪមិនឲ្យ ដុតម៉ូតូចោល ឆេះទាំងផ្ទះ

កូនខ្ចីម៉ូតូជិះ ឪមិនឲ្យ ដុតម៉ូតូចោល ឆេះទាំងផ្ទះ

ឧត្តរមានជ័យ ៖ កូនប្រុសចិត្តភ្លើងម្នាក់ តែងដើរផឹកស៊ីស្រវឹងអួទីនួរាល់ថ្ងៃ និងតែងរករឿង អុកឡុកក្រុម គ្រួសារ ជាញឹកញាប់ លុះចុងក្រោយ ផឹកស្រាស្រវឹងជោក បានមកខ្ចីម៉ូតូឪពុករបស់ខ្លួនជិះ តែបុរសជាឪពុកមិនឱ្យ ស្រាប់ តែកូនប្រុសមួម៉ៅក្តៅចិត្ត បែកគំនិតបង្ហូរសាំង ដុតម៉ូតូចោល ធ្វើឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងថែមទាំងរាល ឆេះដល់ផ្ទះអស់ ធ្វើឱ្យឪពុកទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះកូនប្រុសកំណាចរូបនេះយកទៅចាត់ ការតាមច្បាប់។

ករណីខាងលើនេះ បានកើតឡើង កាលពីព្រលប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចទំនប់អាស៊្នី ស្ថិតក្នុង ភូមិពោធិ៍ ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល។

កូនប្រុសកំណាចដែលដុតម៉ូតូ ធ្វើឱ្យឆេះរាលដល់ផ្ទះអស់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផ្លយ សុផល ហៅផល ភេទប្រុស អាយុ២៨ឆ្នាំ មានលំនៅ ភូមិបុស្សស្បូវ សង្កាត់បុស្សស្បូវ ក្រុងសំរោង។

តាមសម្តីបុរសជាឪពុករបស់ជនបង្កហេតុ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនបង្កហេតុ) គ្មានមុខរបរអ្វីឱ្យពិតប្រាកដនោះទេ មួយថ្ងៃៗគិតតែជួបជុំគ្នាផឹកស្រាស្រវឹងអួទីនួ និងចេះតែបង្ករឿងអុកឡុក ក្រុមគ្រួសារជាញឹកញាប់។ លុះមកដល់វេលាព្រេលប់ថ្ងៃកើតហេតុ កូនអកតញ្ញូនេះ បានផឹកស៊ីស្រវឹងជោក រួចបានដើរមកខ្ចីម៉ូតូរបស់គាត់ជិះ តែគាត់មិនព្រមឱ្យ ស្រាប់តែកូនប្រុសនេះខឹងសម្បា ក៏បង្ហូរសាំង ដុតម៉ូតូចោល ធ្វើឱ្យរាលឆេះដល់ខ្ទមចម្ការ ដែលមានទទឹង៥ម៉ែត្រ បណ្តោយ៦ ប្រក់ស័ង្កសី ជញ្ជាំងក្តារ បណ្តាលឱ្យឆាបឆេះ ហ្មត់តែម្តង។ រីឯម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-3540 ក៏ត្រូវភ្លើងឆេះអស់ នៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ។ ដោយឡែកសម្ភារៈក្នុងផ្ទះ រួមទាំងក្រដាស កិច្ចសន្យាចងការប្រាក់ ចំនួន៩ច្បាប់ ក៏ក្លាយជាចំណីភ្លើងអស់ដែរ។

បុរសជាឪពុក បានបន្តថា ដោយមើលឃើញទង្វើកោងកាចរបស់កូនប្រុសរូបនេះ ទើបគាត់បានប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់តែម្តង៕

RELATED ARTICLES