Friday, May 17, 2024
Homeព័ត៌មានអន្តរជាតិតើមហាអំណាចអាមេរិក ក្លាយជាឧក្រិដ្ឋកម្មសង្គ្រាម​ដែរ​ឬអត់​ ជាមួយនឹងផែនការបញ្ជូនគ្រាប់បែក​ចង្កោម​ទៅអ៊ុយក្រែន ?

តើមហាអំណាចអាមេរិក ក្លាយជាឧក្រិដ្ឋកម្មសង្គ្រាម​ដែរ​ឬអត់​ ជាមួយនឹងផែនការបញ្ជូនគ្រាប់បែក​ចង្កោម​ទៅអ៊ុយក្រែន ?

មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែកក្កដាថាសហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូនគ្រាប់បែក​ចង្កោ​មដែលជាធាតុថ្មីដ៏មានអានុភាពជួយដល់ការវាយលុករបស់អ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីបើទោះជាទង្វើនេះត្រូវបានប្រឆាំងដោយក្រុមសិទ្ធិមនុស្សក៏ដោយ។នេះបើយោតាមការចេញផ្សាយរបស់​សារព័ត៌​មានរ៉យទ័រកាលពីថ្ងៃសុក្រទី ៧កក្កដាឆ្នាំ ២០២៣។  

មន្ត្រីអាមេរិកបីនាក់ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបាននិយាយថាកញ្ចប់ជំនួយអាវុធដែលរួមមានគ្រាប់បែកចង្កោមដែលបាញ់ដោយកាណុងកាំភ្លើងធំ ១៥៥មីល្លីម៉ែត្រ Howitzerត្រូវបានគេរំពឹងថានឹងត្រូវបាន​ប្រកាសភ្លាមៗនៅថ្ងៃសុក្រត្រូវនឹងថ្ងៃសៅរ៍ម៉ោងនៅប្រទេសកម្ពុជានៅក្នុងកញ្ចប់ជំនួយជាង៨០០លានដុល្លារ។មន្ត្រីម្នាក់បាននិយាយថា វិធានការនេះកំពុងស្ថិតក្រោមការពិចារណាយ៉ាងហោចណាស់មួយសប្តាហ៍។

សេតវិមានបាននិយាយថាការបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែនគឺស្ថិតក្រោមការពិចារណាយ៉ាងសកម្ម ប៉ុន្តែវាមិនទាន់បានធ្វើនៅឡើយទេ។ចំណាត់ការនេះទំនងជានឹងបង្កឱ្យមានការខឹងសម្បារពីសម្ព័ន្ធមិត្ត និង​ក្រុមមនុស្សធម៌មួយចំនួន ដែលបានប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកចង្កោមជាយូរមកហើយ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានអំពាវនាវឱ្យរុស្ស៊ី និងអ៊ុយក្រែនបញ្ឈប់ការប្រើប្រាស់គ្រាប់បែកចង្កោម ហើយ​បានជំរុញឱ្យសហរដ្ឋអាមេរិកកុំផ្គត់ផ្គង់ពួកគេ។ ក្រុមនេះបាននិយាយថា ទាំងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន​បានប្រើ​អាវុធនេះរួចហើយដែលបានសម្លាប់ជនស៊ីវិលអ៊ុយក្រែន។

តើគ្រាប់បែកចង្កោមគឺជាអ្វី?

គ្រាប់បែកចង្កោមគឺជាគ្រាប់បែកដែលផ្ទុះលើអាកាស ហើយបញ្ចេញគ្រាប់បែកតូចៗជាច្រើន​គ្របដណ្តប់លើតំបន់​ធំទូលាយ។ គ្រាប់បែកត្រូវបានគេរចនាឡើងដើម្បីរំដោះយករថក្រោះ និងបរិក្ខារព្រមទាំងទាហាន​ចេញពីគោល​ដៅវាយប្រហារ។គ្រាប់បែកនេះអាវវាយប្រហារបានច្រើនគោលដៅក្នុងពេលតែមួយ។

គ្រាប់បែកនេះត្រូវបានបាញ់បង្ហោះដោយកាំភ្លើងធំកាណុង ១៥៥មីល្លីម៉ែត្រ Howitzer ដែលសហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្តបានផ្តល់ឲ្យអ៊ុយក្រែនរួចហើយ។ ប្រភេទគ្រាប់បែកចង្កោមដែលអាមេរិកគ្រោងនឹងបញ្ជូន គឺផ្អែកលើ​គ្រាប់​ធម្មតាប្រភេទ១៥៥ម៉ីល្លីម៉ែត្រ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំង​សមរភូមិក្នុងប្រទេស​អ៊ុយក្រែន។

សហរដ្ឋអាមេរិកបានប្រើប្រាស់គ្រាប់បែកចង្កោមរបស់ខ្លួនចុងក្រោយក្នុងការប្រយុទ្ធក្នុងប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣ហើយបានសម្រេចចិត្តមិនបន្តប្រើប្រាស់វាទៀតទេ ខណៈដែលជម្លោះបានផ្លាស់ប្តូរ​ទៅបរិយាកាសទីក្រុង​កាន់តែ មានចំនួនប្រជាជនស៊ីវិលរស់នៅច្រើន។

ហេតុអ្វីបានជាអាមេរិកទើបផ្តល់ឥឡូវនេះ?

អាមេរិកបានផ្តល់គ្រាប់កាំភ្លើងធំប្រភេទ១៥៥មីល្លីម៉ែត្រជាង២លានគ្រាប់ដែលធ្វើអោយស្តុកគ្រាប់របស់គេចង់អស់ហើយ។ គ្រាប់កាំភ្លើងធំ១៥៥មីល្លីម៉ែត្រអាចវាយប្រហារគោលដៅពី២៤ ទៅ៣២គីឡូម៉ែត្រដែលធ្វើឱ្យគ្រាប់បែក​ចង្កោមក្លាយជាជម្រើសសម្រាប់កងទ័ពជើងគោកអ៊ុយក្រែនដែលព្យាយាមវាយប្រហារគោលដៅសត្រូវពីចម្ងាយ។

ទីក្រុងគៀវទំនងជាត្រូវការបាញ់ពី៧០០០ទៅ ៩០០០ គ្រាប់ជារៀងរាល់ថ្ងៃក្នុងការប្រយុទ្ធប្រឆាំងកាន់តែខ្លាំង។ តម្រូវការច្រើនបែបនេះបានដាក់សម្ពាធយ៉ាងខ្លាំងលើស្តុកអាមេរិកនិងសម្ព័ន្ធមិត្ត។លោកRyan Brobst អ្នកវិភាគ​ស្រាវជ្រាវសម្រាប់មូលនិធិការពារលទ្ធិប្រជាធិបតេយ្យបាននិយាយថា គ្រាប់បែកចង្កោមគឺជាជម្រើស​ដ៏គួរឱ្យ​ទាក់ទាញមួយ ព្រោះវានឹងជួយអ៊ុយក្រែនកម្ទេចគោលដៅកាន់តែច្រើន​ដោយចំនាយគ្រាប់តិចហើយចាប់តាំង​ពីសហរដ្ឋអាមេរិកឈប់ប្រើប្រាស់ពួកវាក្នុងជម្លោះជាមួយប្រទេសអ៊ីរ៉ាក់មក វាមានបរិមាណច្រើននៅក្នុង​ស្តុក​ដែលវាអាចបញ្ជូនទៅបានយ៉ាងឆាប់រហ័ស។

លិខិតមួយកាលពីខែមីនាឆ្នាំ២០២៣ ពីសភាជាន់ខ្ពស់ និងព្រឹទ្ធសភាសាធារណរដ្ឋដាក់ជូនទៅរដ្ឋបាលលោក បៃដិន បាននិយាយថាសហរដ្ឋអាមេរិកអាចមានគ្រាប់បែកចង្កោមដល់ទៅ៣លានគ្រាប់សម្រាប់ប្រើប្រាស់ ហើយបានជំរុញឱ្យសេតវិមានបញ្ជូនអាវុធដើម្បីកាត់បន្ថយសម្ពាធលើការផ្គត់ផ្គង់សង្រ្គាមរបស់សហរដ្ឋអាមេរិកនៅអ៊ុយក្រែន។

តើការប្រើគ្រាប់បែកចង្កោមជាឧក្រិដ្ឋកម្មសង្គ្រាមឬ?

ការប្រើប្រាស់គ្រាប់បែកចង្កោមខ្លួនឯងមិនបំពានច្បាប់អន្តរជាតិទេប៉ុន្តែការប្រើគ្រាប់បែកនេះប្រឆាំងនឹងជនស៊ីវិលអាចជាការបំពាន។នៅក្នុងការវាយប្រហារណាមួយ ការកំណត់ឧក្រិដ្ឋកម្មសង្រ្គាមតម្រូវឱ្យមើលថាតើ​គោល​ដៅវាយប្រហារនោះស្របច្បាប់ឬអត់ហើយប្រសិនបើមានការព្រមានទុកជាមុនដើម្បីជៀសវាងការស្លាប់និងរបួសរបស់ជនស៊ីវិលវាមិនខុសច្បាប់ទេ។

លោក Mark Hiznay នាយកផ្នែកសព្វាវុធរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានប្រាប់សារព័ត៌មានAPថា វាជា​ផ្នែកមួយស្ថិនក្នុងច្បាប់អន្តរជាតិដែលវាចាប់ផ្តើម តួនាទីមួយវាយប្រហារដោយមិនរើសអើងសំដៅទៅ​លើជន​ស៊ីវិល។វាមិនចាំបាច់ពាក់ព័ន្ធនឹងអាវុធទេ ប៉ុន្តែជារបៀបដែលអាវុធត្រូវបានគេប្រើប្រាស់។សន្ធិសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោមត្រូវបានចូលរួមដោយប្រទេសជាង១២០ដែលបានយល់ព្រមមិនប្រើប្រាស់ ផលិត ផ្ទេរ ឬស្តុកទុកអាវុធ និងបោសសម្អាតពួកវាបន្ទាប់ពីពួកគេបានប្រើប្រាស់រួច។ សហរដ្ឋអា​មេ​រិក រុស្ស៊ី និងអ៊ុយក្រែនមិនបានចុះហត្ថលេខាទេ ៕

RELATED ARTICLES