Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងមនុស្ស កាប់ម៉ូតូ ជាប់ខ្នោះ៦

ខឹងមនុស្ស កាប់ម៉ូតូ ជាប់ខ្នោះ៦

បាត់ដំបង ៖ ក្មេងទំនើង ២ក្រុម បានកើតមានទំនាស់ពាក្យសម្តីគ្នា រហូតឈានដល់អំពើហិង្សា ដេញវាយតប់ កាប់គ្នាយ៉ាងប្រសាច លុះភាគីម្ខាងភ័យរត់ចោលម៉ូតូ ក៏វាយកម្ទេច និងកាប់ម៉ូតូ បណ្តាលឱ្យរងការខូចខាតអស់ ១គ្រឿង ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រុមជនបង្កហេតុបានចំនួន ៦នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីធ្វើឱ្យខូចខាតដោយចេតនា (កាប់បំផ្លាញម៉ូតូ) នេះ បានកើតឡើង កាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបំបែកអូរអន្លក់ ស្ថិតក្នុងក្រុមទី៣ ភូមិអូរអន្លក់ ឃុំតាសែន ស្រុក កំរៀង។

ម៉ូតូដែលត្រូវក្រុមក្មេងទំនើងព្រួតវាយកម្ទេច ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AQ-3372 (ខូចខាតប្រហែល៣០ភាគរយ) ជាកម្មសិទ្ធិរបស់ឈ្មោះផាត រ៉ី ភេទប្រុស អាយុ២៨ឆ្នាំ មាន លំនៅ ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

ចំណែកក្រុមជនសង្ស័យទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឈុត សុភា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិចម្ការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។ ទី២-ឈ្មោះឈឿត អៃណាន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរកម្មករ មានលំនៅភូមិអូរចោទ ឃុំបារាំង ស្រុកភ្នំព្រឹក។ ទី៣-ឈ្មោះហុង លីហៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។ ទី៤-ឈ្មោះស៊ុន បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។ ទី៥-ឈ្មោះស វិសាល ហៅកុដ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក និងទី៦-ឈ្មោះភិន ណារ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិអូរគគីរ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។

រីឯវត្ថុតាងដកហូតបាន រួមមាន កាំបិតដាវដងដែក ប្រវែង០,៤៨ម៉ែត្រ ចំនួន១ដើម។ ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-5489។ និងម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1A-Q0914។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ ចំណុចផ្លូវបំបែក អូរអន្កក់ក្រុមទី៣ ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង មានករណីធ្វើឱ្យខូច ខាតដោយ ចេតនា (កាប់បំផ្លាញម៉ូតូ) មួយបានកើតឡើង ប្រព្រឹត្ត ដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ និងបានវាយម៉ូតូ ១គ្រឿង របស់ឈ្មោះផាត រ៉ី បណ្តាលឱ្យរងការខូចខាតប្រហែល៣០ភាគរយ។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋានស្រុកភ្នំព្រឹក សហការជាមួយផ្នែកជំនាញនៃអធិការ ដ្ឋានស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការ ស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ បានសរុបចំនួន៦នាក់ ដូច ខាងលើ  រួចនាំមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាព កាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ មូលហេតុបណ្តាលមកពីទាស់ពាក្យសំដីគ្នា។ក្រុមជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលស្រុក កសាងសំណុំរឿង បញ្ជូនទៅការិយា ល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES