Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពីគុក កាប់ឪក្មេក និងប្អូនថ្លៃស្រី

ចេញពីគុក កាប់ឪក្មេក និងប្អូនថ្លៃស្រី

ខេត្តតាកែវ ៖ បុរសម្នាក់ ទើបនឹងចេញពីពន្ធនាគារថ្មីៗ ស្រាប់តែបង្ករឿងឈ្លោះប្រកែកជាមួយនឹងឪពុកក្មេក និង ប្អូនថ្លៃស្រី រហូតដល់ផ្ទុះជាអំពើហិង្សា ទាញពូថៅកាប់ប្រហារទាំងឪពុកក្មេក  និងប្អូនថ្លៃស្រី ចំក្បាលផ្នែក ខាង ក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែក ជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សា កូនប្រសាកាប់ឪក្មេក និងប្អូនថ្លៃស្រី បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើង កាលពី វេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។ជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះដួង សម្បត្តិ ហៅផាត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ កសិករ មានលំនៅ ភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។ ចំណែកជនរងគ្រោះជាឪពុកក្មេក មានឈ្មោះអ៊ីវ បាន អាយុ៦៧ឆ្នាំ មុខរបរកសិករ។ រីឯជនរងគ្រោះជាប្អូនថ្លៃស្រី មានឈ្មោះអឹម សុជាន អាយុ៣៦ឆ្នាំ មុខរបរ កសិករ។ ជនរងគ្រោះ ទាំង២នាក់ឪពុកកូន មានលំនៅក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនដៃដល់ខាងលើ ទើបនឹងចេញពីពន្ធនាគារ កាលពីពេលថ្មីៗនេះលុះមក ដល់ថ្ងៃកើតហេតុ ជនសង្ស័យ បានកើតមានជម្លោះជាមួយឪពុកក្មេក និងប្អូនថ្លៃស្រី បន្ទាប់មក ជនកំណាចនេះ បានស្ទុះទាញពូថៅ មកកាប់ទៅលើឪពុកក្មេក បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ឃើញបែបនេះ ប្អូនថ្លៃស្រី បានចូល មកឃាត់ ស្រាប់តែជនកំណាចខាងលើ បានកាប់ទាំងប្អូនថ្លៃស្រី បណ្តាលឱ្យរងរបួសធ្ងន់ថែមម្នាក់ទៀត។ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ឪពុកកូន ដែលរងរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងក្រោយដូចគ្នា ត្រូវបាន ក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ភ្លាមៗ។

ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងចាប់ឃាត់ខ្លួន នាំយកទៅសាក សួរ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើពូថៅ កាប់ប្រហារឪពុក ក្មេក និងប្អូនថ្លៃស្រី បណ្តាលឱ្យរងរបួសធ្ងន់ប្រាកដមែន មូលហេតុ ដោយសារគំនុំចាស់។ជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES