Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់មនុស្ស ដាក់ខ្នោះ ញាត់ចូលឡាន ជាប់ខ្នោះ៩

កាប់មនុស្ស ដាក់ខ្នោះ ញាត់ចូលឡាន ជាប់ខ្នោះ៩

បន្ទាយមានជ័យ ៖ ជនជាតិចិន ១ក្រុមធំ ប្រដាប់ដោយដាវ កាំបិតគ្រប់ដៃ បានបង្កហិង្សាដេញកាប់ទៅលើ ភាគីម្ខាងទៀត ដែលជាជនជាតិចិនដូចគ្នា បណ្តាលឱ្យរងរបួសហូរឈាមជោកខ្លួន បន្ទាប់មកក្រុមជនដៃដល់ បានចាប់វាយខ្នោះជនរងគ្រោះ រុញចូលរថយន្តស៊េរីទំនើប បម្រុងបើកចេញ តែត្រូវសមត្ថកិច្ចស្ទាក់បង្ក្រាបបាន ដោយឃាត់ខ្លួនចំនួន ៩នាក់ នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍អំពើហិង្សាដ៏ឃោរឃៅនេះ បានកើតឡើង កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្សាររាត្រី ក្បែរកាស៊ីណូភឺរេមិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងឡើយ ពួកគេបានឃើញជនជាតិចិន ១ក្រុមបានចាប់ជនជាតិ ចិនដូចគ្នា ហើយវាយបែកក្បាល ហូរឈាមជោកខ្លួន បន្ទាប់មកក៏ចាប់ជនរងគ្រោះដាក់ខ្នោះទៀតផង។ ពេល ឃើញដូច្នោះ ទើបពលរដ្ឋផ្អើលឆោឡោ នាំគ្នាប្តឹងអាជ្ញាធរ ដើម្បីមានវិធានការតាមផ្លូវច្បាប់។

ប្រភពដដែល បន្តថា ក្រុមជនជាតិចិនខាងលើ ទំនងជាក្រុមបើកមុខរបរអនឡាញខុសច្បាប់នៅក្រុងប៉ោយប៉ែត ហើយពួកគេមិនដែលចេះគោរពច្បាប់ទម្លាប់របស់កម្ពុជា នោះទេ។ លើសពីនេះទៀតនោះ ក្រុមជនជាតិចិនខ្លះ មានទំនាក់ទំនងជាមួយពួកអ្នកមានអំណាចគ្រាក់ៗ បង្កជាបញ្ហា។ នៅក្នុងស្ថានការណ៍ខាងលើនោះដែរ ក្រុម បង្កហិង្សា មានអាវុធខ្លីភ្ជង់គ្នាថែមទៀត ធ្វើឱ្យពលរដ្ឋរស់នៅក្នុងសហគមន៍ក្រុងប៉ោយប៉ែត មានការព្រួយបារម្ភ យ៉ាងខ្លាំង។

ក្រោយបង្កហិង្សាទៅលេជនរងគ្រោះរួចហើយ ក្រុមបង្កហេតុ បានឡើងអង្គុយលើរថយន្ត ជក់បារី ធ្វើមិនដឹង លុះសមត្ថកិច្ចចុះឃាត់ ហៅឱ្យចុះពីរថយន្ត ក៏មិនព្រមចុះដែរ។ ទោះយ៉ាងណាក្រុមជនជាតិចិន បង្កហិង្សា ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចក្របួចយកទៅសាកសួរ ចំនួន៩នាក់ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែក ជនរងគ្រោះ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី៕

RELATED ARTICLES