បាត់ដំបង ៖ បុរសម្នាក់ តែងប្រើប្រាស់ថ្នាំញៀន អុកឡុកក្រុមគ្រួសារជារឿយៗ លុះចុងក្រោយបានរករឿង ឈ្លោះប្រកែកជាមួយម្តាយ និងថែមទាំងទាញកាំបិតប៉័ងតោ មកគំរាមអារកសម្លាប់ម្តាយចោល ជាហេតុ ធ្វើឱ្យក្រុមគ្រួសារមានការខ្លាចរអា ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនកូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។ករណីហិង្សាក្នុងគ្រួសារ កូនប្រុសគំរាមអាករសម្លាប់ម្តាយបង្កើតនេះ បានកើតឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង។

ជនបង្កហេតុដែលគំរាមអារកម្តាយ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសាន្ត ឈុន ហៅហើម ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ ជាម្តាយ មានឈ្មោះពត ម៉េត អាយុ៥៤ ឆ្នាំ មានលំនៅជាមួយគ្នាក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង និងដោយអនុវត្តតាមយោបល់ ដឹកនាំ របស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរង ផែនការងារប្រឆាំងការជួញដូរ និងការពារអនីតិជន លោកវរសេនីយ៍ទោ វេ គឺមចត់ អធិការន គរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសែន ចុះនាំខ្លួនជន សង្ស័យខាងលើ មកសាកសួរនៅអធិការដ្ឋាន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព យកកាំបិត ប៉័ងតោ គំរាមសម្លាប់ម្តាយ ប្រាកដមែន។ មូលហេតុដោយសារតែឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕