ភ្នំពេញ ៖ បុរសជាមន្ត្រីនគរបាលម្នាក់ មានតួនាទីជាអធិការរងនគរបាលខណ្ឌព្រែកព្នៅ ទទួលផែនចរាចរណ៍ បានជិះម៉ូតូចេញពីផ្ទះមិត្តភក្តិ បំណងត្រឡប់ទៅផ្ទះ ស្រាប់តែត្រូវរថយន្ត ១គ្រឿង បើកមកបុក បណ្តាលឱ្យស្លាប់ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កហេតុ បានបន្ថែមល្បឿនគេចបាត់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ-ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ជនរងគ្រោះមានឈ្មោះសួន បូរិទ្ធ ភេទប្រុស អាយុជាង៤០ឆ្នាំ ជាមន្ត្រីនគរបាល មានតួនាទីជាអធិការរង ខណ្ឌព្រែកព្នៅ ទទួលផែនចរាចរណ៍ មានលំនៅ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជាអធិការរង ទទួល ផែនចរាចរណ៍ខណ្ឌព្រែកព្នៅ ខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល ១-៦០០០ ចេញពីផ្ទះមិត្តភក្តិ ក្បែរកន្លែងកន្លែងកើតហេតុខាងលើ បំណង ត្រឡប់ទៅផ្ទះវិញ។ លុះពេល ជិះចេញបានបន្តិច ស្រាប់តែត្រូវរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស RX300 បើមិនចាំស្លាកលេខ បើកបរតាម បណ្តោ យមហាវិថីឈ្នះ-ឈ្នះ ក្នុងទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ជ្រុលបុកម៉ូតូជនរងគ្រោះ ចំពាក់ កណ្តាលចំហៀងខាងឆ្វេង ពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលនៅនឹងថ្នល់ ស្លាប់ភ្លាមមួយរំពេច។ ចំណែករថយន្តបង្កហេតុ បានបន្ថែមល្បឿនបើកគេចបាត់ស្រមោលភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយខាងជំនាញចរាចរណ៍ បានចុះមកដល់ធ្វើការពិនិត្យ និង ធ្វើការវាស់វែង រួចយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជាបណ្តោះអាសន្ន រង់ចាំស្រាវ ជ្រាវរកភាគីរថយន្តបង្កហេតុ មកដោះស្រាយតាមនីតិវិធី។ ចំណែកសពជនរងគ្រាះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
