Saturday, April 20, 2024
Homeព័ត៌មានជាតិសមត្ថកិច្ចចម្រុះចុះបិទគ្លីនិកសែន សុខសាន្ត នៅប៉ោយប៉ែត ព្យាបាលអ្នកជំងឺស្លាប់

សមត្ថកិច្ចចម្រុះចុះបិទគ្លីនិកសែន សុខសាន្ត នៅប៉ោយប៉ែត ព្យាបាលអ្នកជំងឺស្លាប់

ខេត្តបន្ទាយមានជ័យ ៖ គ្លីនិកទទួលព្យាបាលជំងឺទូទៅឯកជនមួយកន្លែងមានយីហោ សែន សុខសាន្ត ដែលមានទីតាំងស្ថិតនៅជាប់កំណាត់ផ្លូវជាតិ៥ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកសុខ កែវបណ្ឌិត ដឹកនាំកម្លាំងនគរបាលក្រុងប៉ោយប៉ែត តំណាងប្រធានមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរក្រុងប៉ោយប៉ែត ចុះបិទទីតាំង បញ្ចប់ធ្វើអាជីវកម្មផ្តល់សេវាសុខាភិបាលដល់អ្នកជំងឺ។

ព្រះរាជអាជ្ញា និងសមត្ថកិច្ចចុះបិទគ្លីនិក សែន សុខសាន្ត

ការចុះបិទគ្លីនិកនេះធ្វើឡើងក្រោយពីគ្លីនិកមួយនេះរងការចោទ ប្រកាន់ថា បានព្យាបាលអ្នកជំងឺពស់ចឹកម្នាក់មានការធ្វេសប្រហែសបណ្តាលឱ្យស្លាប់ នៅពេលជនរងគ្រោះបានទៅដេកសម្រាកព្យាបាលជំងឺនៅគ្លីនិកមួយនេះ ក្នុងរយៈពេលជិត៣ម៉ោង ដោយមិនយកចិត្តទុកដាក់ ។ ការចុះទៅបិទអាជីវកម្មគ្លីនិកសែន សុខសាន្តបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៧ ពីសំណាក់លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោមការសម្រេចឱ្យបិទអាជីវកម្មទាំងស្រុងពីក្រសួងសុខាភិបាល ។

គួរបញ្ជាក់ថា គ្លីនិកសែនសុខសាន្តមានទីតាំងនៅខាងលើនេះមានម្ចាស់ឈ្មោះ វេជ្ជបណ្ឌិត ឈុំ ម៉ុងឆេង អតីតប្រធានមណ្ឌលសុខភាពប៉ោយប៉ែត១ បច្ចុប្បន្នជាមន្រ្តីការិយាល័យប្រតិបត្តិ ក្រុងប៉ោយប៉ែត ។

ពាក់ព័ន្ធនឹងការចុះបិទអាជីវកម្មផ្តល់សេវាសុខាភិបាលរបស់គ្លីនិក សែន សុខសាន្ត សមត្ថកិច្ចឱ្យដឹងថា ម្ចាស់ទីតាំងមិនមានប្រតិកម្មអ្វីទៅនឹងចំណាត់ការរបស់ ក្រសួងសុខាភិបាល ដែលមានលោកព្រះរាជ្ញារងដឹកនាំកម្លាំងចុះទៅបិទអាជីវកម្មនោះទេ។ ប៉ុន្តែនៅពេលចុះបិទម្ចាស់ទីតាំង បានគេចទៅភ្នំពេញ ទើបមានការសង្ស័យថា គាត់ទៅស្វែងរកការជួយអន្តរាគមន៍ពីអ្នកធំ ធ្វើខ្នងបង្អែកឲ្យបានដំណើរការជីវកម្មបន្ត ។ តែទោះយ៉ាងណា ចំណាត់ការរបស់ស្ថាប័នអយ្យការត្រូវបានបិទអាជីវកម្មទាំងស្រុង ទៅលើគ្លីនិកសែន សុខសាន្ត មួយនេះ ។

ប្រជាពលរដ្ឋជាច្រើនហែសពនាងម៉ា សុធា មកបូជា

ប្រជាពលរដ្ឋនិងមន្រ្តីរាជការនៅក្រុងប៉ោយប៉ែត រង់ចាំមើលថា តើចំណាត់ការបិទអាជីវកម្មគ្លីនិកសែនសុខសាន្ត មានប្រសិទ្ធភាពឬអត់ឬក៏គ្រាន់តែបិទមួយ ដង្ហើមចង្រិត តែមិនអចិន្ត្រៃយ៍នោះ? ហើយ បើបិទរហូតប្រជាពលរដ្ឋមានការគាំទ្រ ។ ប្រជាពលរដ្ឋបានលើកឡើងថា ក្រសួងសុខា ភិបាលដល់ពេលបញ្ចេញកណ្តាប់ដៃដែកនៅក្នុង វិធាន ការ ដល់គ្លីនិកឯកជនដទៃ ទៀតហើយ ។

សូមរំលឹកថា ស្រ្តីម្នាក់ឈ្មោះម៉ា សុធា អាយុ២៦ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានពស់វែកក្របីចឹកដៃ ខណៈស្រ្តីរងគ្រោះចាប់ពស់វែកចេញពីសំណាញ់ថង់ច្រកពស់បម្រុងធ្វើម្ហូប។ ក្រោយពស់មានពិសចឹក ស្ត្រីរងគ្រោះមានអាការជាធម្មតា ហើយត្រូវបានបងប្អូនដឹកតាមម៉ូតូយកទៅព្យាបាលនៅគ្លីនិក សែន សុខសាន្ត ។ ស្រ្តីរងគ្រោះបានដេកសម្រាកព្យាបាលរយៈពេលជិត២ម៉ោង ដោយគ្រូពេទ្យបានចាក់ថ្នាំនិង ព្យួរសេរ៉ូមអស់ប្រហែល១ប្លោកកន្លះ ស្រាប់តែមានអាការក្អួតចង្អោរ ឡើងស្លេស្មចេញតាមមាត់ ហើយ បន្ទាប់មក គាំងបេះដូង ទើបឃើញគ្រូពេទ្យនាំគ្នាឆោឡោយករថយន្តសា មុយដឹកស្ត្រីរងគ្រោះទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ប៉ុន្តែនៅពេលដឹកអ្នកជំងឺដល់មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត គ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យបង្អែកក្រុងប្រាប់ថា អ្នកជំងឺបានដាច់ខ្យល់ស្លាប់មុនមកដល់មន្ទីរពេទ្យទៅទៀត ។

ក្រោយមានហេតុការណ៍នេះកើតឡើង ក្រុមគ្រួសារជនរងគ្រោះបានប្តឹងទារសំណងជំងឺចិត្ត ទើបនាំឲ្យមានការចុះបិទគ្លីនិកនេះ ហើយគេបានដឹងថាក្រុមគ្រួសារជនរងគ្រោះនៅមិនទាន់ទទួលបានសំណងនៅឡើយ ។

តាមមន្ត្រីសុខាភិបាលមួយរូប បានឲ្យដឹងថា ជាធម្មតាជនរងគ្រោះដែលត្រូវពស់មានពិសចឹក មិនអនុញ្ញាតឲ្យគ្លីនិកទទួលព្យាបាលអចិន្ត្រៃយ៍ទេ ត្រូវបញ្ជូនមកមន្ទីរពេទ្យរដ្ឋ ព្រោះនៅទីនោះមានថ្នាំសម្រាប់ព្យាបាលពិសពស់ចឹក ៕

RELATED ARTICLES