ភ្នំពេញ ៖ នារីវ័យក្មេងជាកម្មការិនីរោងចក្រ ២នាក់ បានដើរចេញពីបន្ទប់ជួល សំដៅទៅធ្វើការ ដល់ពាក់ កណ្តាលផ្លូវ លេចមុខស្ត្រីម្នាក់ បានដើរមកសួរថា មានរើសបានកញ្ចប់មាសទេ? លុះបន្តិចក្រោយមក មាន ស្ត្រីសង្ស័យម្នាក់ទៀត ដើរមកហៅ និងប្រាប់ថា ខ្លួនរើសបានមាស ១កញ្ចប់ រួចបបួលទៅរកកន្លែងស្ងាត់ ដើម្បីចែកគ្នា ធ្វើឱ្យនារីទាំង២នាក់ លង់ជឿ ព្រមទៅតាម និងត្រូវបានគេល្បួងដោះគ្រឿងលង្ការអស់ពីខ្លួន ជាថ្នូរនឹងកញ្ចប់មាស ដឹងអី ពេលជនសង្ស័យនាំគ្នាទៅបាត់អស់ បើកកញ្ចប់មាសមើល ទើបដឹងថាជាដែក ជ្រលក់ទឹកមាស ក៏រត់ទៅប្តឹងសមត្ថកិច្ចទាំងទឹកភ្នែក។

ករណីទម្លាក់យោងខាងលើនេះ បានកើតឡើង កាលពីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះទាំង២នាក់ ត្រូវជាជាមិត្តភក្តិ និងធ្វើការងារជាកម្មការិនីរោងចក្រ ព្រមទាំងស្នាក់នៅបន្ទប់ជួលជា មួយគ្នា ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅឯខេត្តកំពង់ធំ។តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ ដើរចេញពីបន្ទប់ជួល ឆ្ពោះ ទៅរោងចក្រ ដល់ពាក់កណ្តាលផ្លូវ ត្រូវបានស្ត្រីសង្ស័យម្នាក់ មកសួររឿងគេជ្រុះកញ្ចប់មាស មិនទាន់ឆ្លើយផង ត្រូវបានស្ត្រីសង្ស័យម្នាក់ទៀត ដើរមកប្រាប់ថា កុំមាត់ រូបគេរើសបាន ហើយបង្ហាញឱ្យឃើញថង់ក្រហម មាន គ្រឿងលោហៈធាតុពណ៌ក្រហម រួចប្រាប់ថា យកទៅលក់ចែកគ្នា ហើយបញ្ចុះបញ្ចូល ល្បួងដឹកជនរងគ្រោះ ទាំង២នាក់ តាមម៉ូតូ ចំនួន២គ្រឿង ទៅដល់ខាងលិចផ្សារព្រៃទា ទើបឈប់ហើយធ្វើសកម្មភាព ហុចថង់ក្រហម ឱ្យនារីរងគ្រោះ រួចល្បួងដោះយកគ្រឿងអលង្ការពីជនរងគ្រោះទាំង២នាក់ ដោយម្នាក់ៗព្រមដោះខ្សែដៃ ខ្សែក និងក្រវិល របស់ខ្លួន ទៅឱ្យក្រុមជនសង្ស័យ ហើយជនសង្ស័យក៏ប្រញាប់នាំគ្នាគេចខ្លួនបាត់អស់។ រហូតដល់វេលាម៉ោង៧និង៣០នាទី ហួសម៉ោងចូលធ្វើការរោងចក្រទៅហើយ នៅមិនឃើញក្រុមទាំងនោះវិលវិញ មិនអស់ចិត្ត ស្រាយមាត់ថង់មើល ឃើញខ្សែកប៉ុនកូនដៃ សង្ស័យ ក៏កាន់ទៅសួរអ្នកលក់បាយក្បែរនោះ ទើប ដឹងដាខ្សែកដែក (កាឡៃ) ធ្វើឱ្យជនរងគ្រោះទាំង២នាក់ភ្ញាក់ខ្លួន និងទ្រហោយំ នឹកស្តាយរបស់ទ្រព្យ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានបុរសម្នាក់ជាអ្នកលក់បាយ ជួយដឹកជូនទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកក្រុមជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕
