ព្រះសីហនុ ៖ បុរសម្នាក់ ត្រូវបុរសបានអ្នកជិតខាង ហៅមកផឹកស៊ី លុះស្រុវឹងស្រែកឡូឡាយ៉ាងខ្លាំងជាហេតុ ធ្វើឱ្យនារី២នាក់បងប្អូន ត្រូវជាកូនម្ចាស់ផ្ទះ បានប្រាប់កុំឱ្យឡូឡាខ្លាំងពេក ព្រោះម្តាយរបស់នាងឈឺ ត្រូវការ សម្រាក ស្រាប់តែជនប្រមឹកខឹងសម្បា ស្ទុះមកដាល់នារីទាំង២នាក់បងប្អូន ដែលសុទ្ធសឹងតែជាស្ត្រីមានផ្ទៃពោះ រងរបួសពកថ្ងាស ជាំខៀវភ្នែក ទីបំផុតនារីរងគ្រោះ ទាំង២នាក់ដាក់ពាក្យប្តឹង ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយក ទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនានេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២៣ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា។ រហូតមកដល់វេលា ម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ច បានចុះចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរតែម្តង។
ជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ៊ួរ ឡេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា។ ចំណែកនារីរងគ្រោះទាំង២នាក់បងប្អូន ទី១-ឈ្មោះទួន ថៃ ភេទស្រី អាយុ២៦ឆ្នាំ និងទី២-ឈ្មោះទួន ស្រីរ៉ៃ ភេទស្រី អាយុ២៨ឆ្នាំ។ ជនរងគ្រោះទាំងពីរនាក់ ជាស្ត្រីដែល កំពុងមានផ្ទៃពោះដូចគ្នា ដោយម្នាក់កំពុងពពោះ ៥ខែ ចំណែកម្នាក់ទៀត កំពុងពពោះ ៦ខែ និងមានលំនៅក្នុង ភូមិកើតហេតុខាងលើជាមួយគ្នា (ផ្ទះជាប់គ្នា)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះហ៊ួរ ឡេង បានមកផឹកស្រានៅក្រោមផ្ទះរបស់ជនរងគ្រោះ ជាមួយឪពុក ជនរងគ្រោះ និងអ្នកជិតខាង ហើយឈ្មោះហ៊ួរ ឡេង ស្រវឹងស្រានិយាយឡូឡា ស្រែកឮៗ ឃើញដូចនោះជនរង គ្រោះបាននិយាយប្រាប់ទៅឈ្មោះហ៊ួរ ឡេង ថាផឹកចុះ តែកុំមាត់ឮពេក ព្រោះម្តាយគាត់ឈឺ។ ឮដូច្នេះជនសង្ស័ យបានស្រែកជេរប្រមាថទៅភាគីជនរងគ្រោះ រួចថែមទាំងបានប្រើហិង្សា ដាល់ទៅលើជនរងគ្រោះ ទាំងពីរនាក់ ទាំងកំរោល ដោយឈ្មោះទួន ថៃ រងរបួសចំនួន ២ដៃ (ចំថ្ងាសខាងឆ្វេង១ដៃ និងចំស្មាខាងឆ្វេង១ដៃ) ចំណែក ឈ្មោះទួន ស្រីរ៉ៃ ត្រូវ១ដៃ ចំភ្នែកខាងឆ្វេង បណ្តាលឱ្យជាំក្នុងភ្នែក។
ចំពោះករណីនេះ ផ្នែកជំនាញព្រហ្មទណ្ឌ របស់អធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕