Saturday, March 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអង្គរក្សឧកញ៉ា ៤នាក់ ចូលខ្លួនសារភាពកំហុស

អង្គរក្សឧកញ៉ា ៤នាក់ ចូលខ្លួនសារភាពកំហុស

ភ្នំពេញ ៖ ក្រុមអង្គរក្សឧកញ៉ា ម្ចាស់ឡានទំនើប Rolls Royce ចំនួន៤នាក់ ដែលបានមានបញ្ហា ជាមួយអ្នកធ្វើ ដំណើរតាមដងផ្លូវ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍មហាជននោះ ត្រូវបានសមត្ថកិច្ចហៅមកសាកសួរ និងបាន សារភាពកំហុស សុំទោសជាសាធារណៈ។

គួររំលឹកថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ មានការចែកចាយផ្អើលពេញបណ្តាញសង្គម និងប្រព័ន្ធផ្សព្វ ផ្សាយ ជុំវិញហេតុការណ៍មួយ ដែលបានកើតឡើង រវាងប្រជាពលរដ្ឋអ្នកដំណើរ ជាមួយនឹងបុរស ៤នាក់ ជា អង្គរក្ស ជិះម៉ូតូតាមការពាររថយន្តទំនើប ម៉ាក Rolls Royce ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BL-1717 ដែល ជារថយន្តរបស់ឧកញ៉ា ចៅហ្វាយនាយរបស់ខ្លួន ដោយប៉ះទង្កិចគ្នាដោយពាក្យសម្តី និងកាយវិការមិនសមរម្យ របស់ក្រុមអង្គរក្សទាំងនោះ ដោយមានការអះអាងថា ក្រុមអង្គរក្ស បានយកជើងធាក់អ្នកដំណើរកំពុងជិះម៉ូតូ តាមផ្លូវ សាធារណៈ។

ភ្លាមៗបន្ទាប់ពីបានឃើញការចែកចាយខ្លឹមសារនិងរូបភាពខាងលើក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឈានដល់កំណត់អត្តសញ្ញាណក្រុមអង្គរក្សម្ចាស់រថយន្តទំនើបខាងលើ ដើម្បីហៅ មកធ្វើការសាកសួរ អំពីដំណើររឿងដែលបានកើតឡើងជាមួយប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។បន្ទាប់ពីកំណត់អត្តសញ្ញាណបានហើយ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលការងារផែន សន្តិសុខ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានកោះហៅបុរសទាំង៤នាក់នោះ មកធ្វើការសាកសួរ។

បុរសជាអង្គរក្ស ទាំង៤នាក់ រួមមាន ទី១-ឈ្មោះមិន សុជាតិ អាយុ៣៧ឆ្នាំ។ ទី២-ឈ្មោះកែវ សុវណ្ណូរ៉ា អាយុ៣៤ឆ្នាំ។ ទី៣-ឈ្មោះ សោប ចាន់ធូ អាយុ៣០ឆ្នាំ និងទី៤-ឈ្មោះអ៊ិត ស៊ុនណាត អាយុ៣៤ឆ្នាំ។

នៅចំពោះមុខសមត្ថកិច្ច បុរសទាំង៤នាក់ បានរៀបរាប់ថា កាលពីថ្ងៃទី១២ ខែក្កដា ឆ្នាំ២០២៣ ពួកគេទាំង៤នាក់ បានជិះតាមពីក្រោយរថយន្តខាងលើ ដើម្បីការពារចៅហ្វាយនាយរបស់ខ្លួន ដោយចេញពីបឹងកេងកង ឆ្ពោះទៅ ផ្លូវ ៦០ម៉ែត្រ លុះមកដល់ចំណុចឡឥដ្ឋ ផ្លូវជាតិ២ ដោយសារចរាចរណ៍ចង្អៀត មានម៉ូតូ ១គ្រឿង ជិះដោយបុរស ម្នាក់ មកជិតក្បែរម៉ូតូរបស់ខ្លួន ហើយក៏ប៉ះឈ្នាន់ម៉ូតូគ្នា ពេលនោះពួកគេបានលើកដៃរាឃាំង មិនឱ្យគាត់ទៅមុខ បន្ត ក៏មានការប៉ះទង្គិចពាក្យសម្តីគ្នាទៅវិញទៅមក និងមានកាយវិការមិនសមរម្យ។

យ៉ាងណា ក្រុមអង្គរក្សម្ចាស់រថយន្តទំនើបខាងលើ បានទទួលស្គាល់រាល់កំហុសឆ្គងដែលពួកគេបានប្រព្រឹត្ត ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍សាធារណជននៅតាមដងផ្លូវ និងប្រជាពលរដ្ឋខ្មែរដែលបានឃើញ ហេតុការណ៍ ដោយផ្ទាល់ និងតាមបណ្តាញសង្គម ព្រមទាំងសូមប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យដល់ពួកគេ ដោយសន្យាថា នឹងខិតខំកែប្រែខ្លួនជាពលរដ្ឋល្អមិនឱ្យរឿងរ៉ាវបែបនេះទៀតឡើយ។

ជាមួយនេះ ក្រុមអង្គរក្សទាំង៤នាក់ ក៏បានធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច ដែលមានខ្លឹមសារថា “យើងខ្ញុំ ទាំង៤នាក់ សូមធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច ដូចខាងក្រោម ៖

 ១-យើងខ្ញុំពិតជាបានផ្តល់ចម្លើយជូនសមត្ថកិច្ចដោយភាពស្មោះត្រង់ និងពិតប្រាកដ មិនមានការភូតភរនោះទេ។

២-យើងខ្ញុំសូមសន្យាថា មិនប្រព្រឹត្តកំហុសខុសឆ្គងដូចនេះទៀតឡើយ បើយើងខ្ញុំរំលោភបំពានទៅលើសិទ្ធិអ្នក ដទៃ រឿងបញ្ហាធ្វើចរាចរណ៍តាមដងផ្លូវ យើងខ្ញុំនឹងទទួលទោសតាមច្បាប់។

៣-យើងខ្ញុំសុំសហការជាមួយសមត្ថកិច្ចគ្រប់ពេលដែលសមត្ថកិច្ចត្រូវការ។ បើថ្ងៃក្រោយសមត្ថកិច្ចត្រូវ ការយើង ខ្ញុំចូលមកបំភ្លឺ យើងខ្ញុំសូមចូលខ្លួនតាមការកំណត់គ្រប់ពេលវេលាដែលសមត្ថកិច្ចត្រូវការ។ក្រែងពុំពិត យើងខ្ញុំ សូមផ្តិតម្រាមដៃស្តាំ ទុកជាភស្តុតាង នៅចំពោះមុខសមត្ថកិច្ច»៕

RELATED ARTICLES