ភ្នំពេញ ៖ មន្ត្រីនគរបាលពាក់ស័ក្តិ៤ម្នាក់ មានតួនាទីជាអធិការរង ត្រូវបានស្ត្រីជាប្រពន្ធដើម ទម្លាយថាបាន លួចក្បត់ផិត មានប្រពន្ធចុង រហូតហ៊ាននាំប្រពន្ធចុងចូលផ្ទះទៀត លុះក្រោយមក ដោយសារតែខឹងខ្លួនជា ប្រពន្ធដើម ប្តឹងលែងលះ ស្រាប់តែអតីតប្តីនេះ តាមវាយធ្វើបាបនាង បណ្តាលឱ្យរងរបួសជាំសុសពេញខ្លួន ទើបធ្វើឱ្យនាងដើមទ្រាំលែងបាន ក៏ដាច់ចិត្តទម្លាយរឿងហិង្សានេះ និងស្នើសុំសម្តេចនាយករដ្ឋមន្ត្រី ជួយអន្ត រាគមន៍រកយុត្តិធម៌ដល់ខ្លួន ដែលរងគ្រោះ ត្រូវប្តីជាមន្ត្រីនគរបាល ជាអ្នកអនុវត្តច្បាប់ បង្កហិង្សាគ្មានត្រាប្រណី។

ស្ត្រីដែលអះអាងថា ខ្លួនជាប្រពន្ធដើម ត្រូវប្តីវាយធ្វើបាបនោះ មានឈ្មោះខាន់ ស្រីនោ អាយុ៣៤ឆ្នាំ មានលំនៅ ភូមិតាមុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកបុរសជាប្តី ត្រូវបានស្ត្រីជាប្រពន្ធ អះអាងថា មានឈ្មោះ ប៉ែន នុត អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាលពាក់ស័ក្តិ៤ មានតួនាទីជាអធិការរងនគរបាលខណ្ឌកំបូល និងមានលំនៅ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្ត្រីប្រពន្ធដើម ឈ្មោះខាន់ ស្រីនោ បានបង្ហោះរូបភាពនិងវីដេអូ ក្នុងគណនី បណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន បង្ហាញពីរូបភាពស្ត្រីជាប្រពន្ធចុង ដែលប្តីនាំមកនៅក្នុងផ្ទះ លិខិតកិច្ចសន្យា ដែលប្តីថាឈប់ប្រើហិង្សានិងបណ្តេញប្រពន្ធចេញពីផ្ទះ និងវីដេអូសកម្មភាពប្តីប្រើហិង្សាវាយដំលើរូបនាងចា មួយសំណេរថា “ខ្ញុំឆ្អែតហើយ ខ្ញុំលែងខ្មាសហើយ ចុះបងប្អូនជួយសំឡេង មើលងាយខ្ញុំយ៉ាងម៉េចក៏ខ្ញុំលែង ខ្វល់ដែរ។ បោកប្រាស់លុយខ្ញុំជាង៥ម៉ឺនដុល្លារ យកស្រីមកដល់ផ្ទះខ្ញុំទិញ មិនដែលខ្លាចចិត្ត វ៉ៃធ្វើបាប ស្ទើរតែ រាល់ថ្ងៃ ពេលខ្ញុំបានលែងលះគ្នា រយៈពេល ៤ទៅ៥ខែ ខ្ញុំបានបញ្ចប់រឿងគ្រប់យ៉ាង ដោយសុំសុខរៀងខ្លួនតែ គាត់មិនព្រមឈប់ គាត់នៅតែវ៉ៃធ្វើបាបខ្ញុំ ទាំងពួកយើងមិនត្រូវអីជាមួយគ្នា។ ខ្ញុំត្រូវជំពាក់គេប្រចាំខែ រាប់ពាន់ តែ បងប្អូនជួយពិចារណាមើលថា ខ្ញុំខុសហើយត្រូវ? ពុកម៉ែបងប្អូន ជួយស៊ែរឲ្យ ដល់សម្តេចហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ហ៊ុនសែន ជួយរកយុត្តិធម៌ឱ្យខ្ញុំផង ឈ្មោះប៉ែន នុត អធិការរងខណ្ឌកំបូល បានវ៉ៃធ្វើបាបខ្ញុំបោកប្រាស់ ទំនុកចិត្តខ្ញុំ សព្វបែបយ៉ាង…”។

នៅថ្ងៃដដែលនោះ ស្ត្រីជាប្រពន្ធដើមខាងលើ បានបង្ហោះរូបភាពស្នាមរបួស និងវីដេអូអតីតប្តីតាមវ៉ៃ ដល់ផ្ទះ បងស្រី ជាមួយសំណេរថា “បងប្អូនជួយពិចារណា ឈ្មោះប៉ែន នុត នេះ មិនត្រូវអ្វីជាខ្ញុំទៀតទេ តែគាត់បានបំពាន បានមកវាយខ្ញុំដល់ក្នុងផ្ទះបងស្រីរបស់ខ្ញុំ គាត់ចេះច្បាប់ បំពានច្បាប់ សុំបងប្អូន ពូមីង ពុកម៉ែ ជួយរកយុត្តិធម៌ និងជួយស៊ែរឱ្យបានដល់លោកពុក ហ៊ុន សែន នឹងអ្នកម្តាយ ប៊ុន រ៉ានី ផង ឱ្យគាត់បានដឹងថា ប៉ែន នុត បានប្រើ អំពើហិង្សាមកលើនាងខ្ញុំ ទាំងបំពាន។ នាងខ្ញុំមានការឈឺចាប់ជាខ្លាំង ឱ្យមន្ត្រីប៉ូលិស ឈ្មោះប៉ែន នុត នេះ ចេញ មុខមកដោះស្រាយ នាងខ្ញុំមានទុក្ខជាទម្ងន់ ឈឺចាប់ជាខ្លាំង…”។

ស្ត្រីជាប្រពន្ធដើមដដែល បានបង្ហោះរូបភាពនិងវីដេអូ ដែលអតីតប្តីប្រើហិង្សាលើនាង ជាមួយសំណេរបន្ថែមថា “ប៉ែន នុត ជាប៉ូលិសនៅខណ្ឌកំបូល គាត់បានវ៉ៃធ្វើបាបខ្ញុំ ប្រើអំពើហិង្សាលើនាងខ្ញុំ ទាំងគាត់ជាអ្នកច្បាប់សូម បងប្អូនជួយស៊ែរ ឱ្យថ្នាក់លើបានឃើញផង…”។

ក្រៅពីស្ត្រីខាងលើ បានបង្ហាញរូបភាពនិងវីដេអូស្នាមរបួសលើផ្ទៃមុខ ដៃជើង និងពេញដងខ្លួន មានទាំងស្នាមមុត ដាច់រលាត់ រយះហូរឈាម និងស្នាមជាំលើខ្លួនប្រាណ ដោយអះអាងថា ជាស្នាដៃប្តីឈ្មោះប៉ែន នុត ដែលជាមន្ត្រី ប៉ូលិស ប្រើហិង្សាវ៉ៃដំលើនាង ។ នារីរងគ្រោះ បានបញ្ជាក់ថា ភ័ស្តុតាងនៅមានច្រើនទៀត ហើយករណីនេះនាង ក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចរួចហើយដែរ។ ជុំវិញការទម្លាយរឿងហិង្សាខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺភាគីលោកប៉ែន នុត អធិការរងនគរបាល ខណ្ឌកំបូល ដែលរងការចោទប្រកាន់ពីស្ត្រីជាអតីតប្រពន្ធបាន កាលពីល្ងាចម្សិលមិញ។ យ៉ាងណាយើងរង់ចាំ ទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅពេលក្រោយ៕ ដារិទ្ធ
