ភ្នំពេញ ៖ ស្ត្រីម្នាក់ ជាអ្នករកស៊ីលក់បបរ ដោយសារជំពាក់បំណុលគេច្រើន ដោះមិនរួច ក៏គិតខ្លី បញ្ចប់ជីវិតខ្លួន ឯង ដោយចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង ៤និង៥០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅបន្ទប់ជួល តាមផ្លូវបេតុង ក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មានឈ្មោះ សុខ ខា ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរលក់បបរ មានកូន ចំនួន៣នាក់ (ប្រុស១ ស្រី២) ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិអណ្តូងកៀន ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ។
តាមបុរសជាប្តី បានឲ្យដឹងថា គ្រួសារគាត់ ជំពាក់បំណុលគេច្រើន ហើយបញ្ហាជីវភាពគ្រួសារ បានធ្វើឲ្យភរិយា គាត់ (សព) គិតច្រើន ពិសេសរបរលក់បបរ រកប្រាក់ចំណូលបានតិចតួច យកទៅដោះបំណុលគេមិនរួច ទើប គិតច្រើនរហូតធ្លាក់ខ្លួនឈឺ ហើយគាត់ជាប្តី និងក្រុមគ្រួសារ ចេះតែនិយាយលួងលោមកុំឲ្យគិតច្រើន និងនិយាយ ជាមួយម្ចាស់បំណុលថា ថ្ងៃណាមាន ចាំសងបណ្តោះ ។
បុរសជាប្តី បន្តថា មុនកើតហេតុ ប្រពន្ធគាត់ (ជនរងគ្រោះ) មិនបានទៅលក់បបរទេ បានឲ្យកូនស្រីច្បង ទៅលក់ នៅតែកូនស្រីទី២ នៅដេកក្នុងផ្ទះ ផ្នែកខាងមុខ រីឯជនរងគ្រោះ នៅសម្រាកបន្ទប់ខាងក្នុង លុះអ្នកជិត ខាងដើរ ឆ្លងកាត់ ទើបប្រទះឃើញស្ត្រីរងគ្រោះចងក រួចស្រែកប្រាប់កូនចៅ ផ្អើលឆោឡោ រត់ពីកន្លែងលក់ដូរ ប្រញាប់ ស្រាយចំណងទម្លាក់ចុះ តែជនរងគ្រោះបានស្លាប់ទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា ការស្លាប់របស់ស្ត្រីខាងលើ ដោយចងកសម្លាប់ខ្លួន រួចប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅស្រុក កំណើត ធ្វើបុណ្យតាមប្រពៃណី ៕