ភ្នំពេញ៖បើតាមប្រភពពីអ្នកជិតដិតអ្នកចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានបង្ហើបឲ្យដឹងថាស្រីនាថ បានក្លាយទៅជាគូដណ្ដឹងនិងគ្នាទៅហើយជាមួយលោកលី សេងហួរ ដែលគេស្គាល់ថាជាម្ចាស់ក្លឹបបាល់ទាត់សៀមរាប យូណាធីត ទើបពេលនេះពួកគេបង្ហាញសកម្មភាពដូចគ្រួសារតែមួយ ធ្វើឲ្យចំណងស្នេហាដែលប្រឹងលាក់បាំងអស់រយៈពេលជាង៧ឆ្នាំ នោះប្រែជាបើកចំហដូចគូស្នេហ៍តារាដ៍ទៃទៀតដែរ ព្រោះតែអនាគតស្វាមីអ៊ីវ៉ា ចង់ឲ្យស្នេហាមួយនេះបញ្ចេញជាសារធារណៈ។ព័តមានបានឲ្យដឹងថាអ៊ីវ៉ា និងលោកសេងហួរ បានភ្ជាប់ពាក្យជាមួយគ្នាតាំងពីមុនពេលនាងបណ្ដើរម្ចាស់ក្លឹបបាល់ទាត់រូបនេះទៅកួចសែនចងដៃក្នុងពិធីមង្គលការរបស់ប្អូនប្រុសលោកសេងហួរ គឺលោកលី សេងថៃ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ម្លេះ ខណៈដែលក្រុមគ្រួសារទាំងសងបានគាំទ្រគូស្នេហ៍នេះយ៉ាងពេញទំហ៊ឹងតែម្ដងនិងជម្រុញឲ្យពួកគេឆាប់ចូលរោងការទៀតផងតាមបំណងឪពុកស្រីនាថ លោកអ៊ូ វ៉ាវ ប៉ុន្ដែអ៊ីវ៉ា នៅស្ទាក់ស្ទើចិត្តព្រោះតែនាងបារម្ភខ្លាចប៉ៈពាល់ទៅដល់អាជីពចម្រៀងខ្លួន ខណៈដែលលោកសេងហួរ វិញក៍មិនចង់ធ្វើជាគូដណ្ដឹងជាមួយស្រីនាថ យូទៀតទេតែលោកចង់ក្លាយទៅជាប្ដីស្របច្បាប់តាមរយៈមង្គលការមួយដែលរៀបចំតាមប្រពៃណីខ្មែរមានកម្មវិធីជប់លៀងធំ។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅអ៊ីវ៉ា កាលពីថ្ងៃទី១៤ កក្កដា តែពេលនាងលើកទូរស័ព្ទហើយគ្រាន់តែដឹងថាជាអ្នកកាសែតសួរសំណួរពាក់ព័ន្ធរឿងគូស្នេហ៍ ស្រីនាថ ក៍ចុចផ្ដាច់ហើយបិទទូរស័ព្ទតែម្ដង ទោះជាព្យាយាមតេជាច្រើនដងទៀតក៍មិនចូលឡើយ។ការដែលអ៊ីវ៉ា ព្យាយាមមិននិយាយរឿងកំណើតស្នេហាជាមួយលោកសេងហួរ នាពេលនេះគឺនាងអាចនឹងធ្វើឲ្យគេភ្ញាក់ផ្អើលនៅថ្ងៃពិសេសរបស់នាងដែលអាចនឹងពួកគេរៀបការនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ខាងមុខនេះហើយ ព្រោះលោកវ៉ាវ ចង់ឲ្យនាងរៀបការតាំងពីដើមឆ្នាំ២០២៣ ម្លេះ តែស្រីនាថ ដែលថានាងនឹងអាចគ្រងឈុតកូនក្រមុំមែនទែននៅអាយុ៣០ឆ្នាំ ពោលគឺឆ្នាំ២០២៣ នេះបានលុបចោលផែនការណ៍នោះទៅវិញ ទើបធ្វើឲ្យចន្ថា ហៅវ៉ាវ មិនសូវសប្បាយចិត្តឡើយ ព្រោះលោកចង់បានកូនប្រសារមកជំនួសដៃជើងលោកពិសេសគឺរ៉ាប់រងបើករថយន្ដជូនអ៊ីវ៉ា ទៅច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយនោះតែម្ដង។លោកវ៉ាវ ធ្លាប់និយាយប្រាប់អ្នកយកព័តមានយើងថាលោកមិនរើសកូនប្រសារថាមាន ឬក្រនោះទេសំខាន់កុំឲ្យតែ”ប្ដីគេ”ហើយលោកទុកសិទ្ធិឲ្យកូនស្រីសម្រេចចិត្តជ្រើសប្ដីដោយខ្លួនឯងដល់ទៅ៦០% ខណៈលោកចាំគិតតាមក្រោយ៤០ % តែពេលនេះគ្រប់គ្នាបានមើលឃើញថាគូស្នេហ៍របស់ស្រីនាថ ជាបុរសមានទ្រព្យស្ដុក ម្ចាស់ក្លឹបបាល់ទាត់សៀមរាមយូណាយធីត និងជាកូនរបស់អ្នកជំនួញធំម្នាក់ ដែលមានន័យថាអនាគតប្ដីអ៊ីវ៉ា គឺជាអ្នកមាន។
បើទោះជាអ៊ីវ៉ា មិនទាន់ប្រាប់ពីមូលហេតុដែលនាងភ្ជាប់ស្នេហ៍ជាមួយលោកលី សេងហួរ និងផាត់ចោលសំណើរស្នេហាពីប្រុសអ្នកមានទ្រព្យមួយចំនួនទៀត រួមទាំងអាណិកជនខ្មែរខ្លះនៅបរទសក្ដី ប៉ុន្ដែតាមការបង្ហើបពីកីឡាករបាល់ទាត់ម្នាក់ដែលអះអាងថាលោករាប់អានគ្នាជិតដិតជាមួយថៅកែក្លឹបបាល់ទាត់រូបនេះបានប្រាប់ក្នុងល័ក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថាលោកហួរ មិនប្រចណ្ឌ ឬហួងហែងអ៊ីវ៉ា ក្នុងការច្រៀងសម្ដែងរបស់នាងជាមួយតារាប្រុសណាទេ ពោលគឺលោកបើកសិទ្ធឲ្យមនុស្សដែលលោកស្រលាញ់ដោយសេរីតែម្ដង ដែលចំណុចនេះហើយធ្វើឲ្យស្រីនាថ គិតថាក្រោយរៀបការប្ដីរួចនាងនៅតែអាចបន្ដអាជីពចម្រៀងជាធម្មតាបានតទៅទៀត។ចំណុចផ្សេងទៀតគូស្នេហ៍របស់តារាសាន់ដេរូបនេះមានដូចជាលោកចេះគោរពក្រុមគ្រួសារស្រីនាថ រួមទាំងស្រលាញ់រាបប់អានប្អូនៗរបស់នាងដូចជាប្អូនលោកផងដែរ ខណៈដែលក្នុងនាមលោកជាថៅកែក្លឹបបាត់ទាត់មួយរូបនិងវ័យក្មេង ឪពុកជាអ្នកជំនួញល្បីឈ្មោះលោកមាននារីមិនតិចនាក់ទេចង់បានលោកធ្វើជាសង្សារ តែបេះដូងលោកថៅកែរូបនេះលង់ស្នេហ៍តែលើតារាសាច់សខ្ចីអ៊ីវ៉ា ម្នាក់ប៉ុណ្ណោះ។
ក្រៅពីអ៊ីវ៉ា តារាដែលហ៊ានសាងស្នេហ៍ដោយបើកចំហនៅឆ្នាំ២០២៣ នេះមានដូចជានាងហ៊ិន ច័ន្ទនីរ័ត្ន ,ចំរើន សុភ័ក្រ,ម៉ង ច័ន្ទកញ្ញា និងស៊ីន យូប៊ីន ជាដើម។តាមព័តមានថាក្រោយអ៊ីវ៉ា បែកធ្លាយរឿងស្នេហាជាមួយលោកលី សេងហួរ នេះធ្វើឲ្យប្អូនមន្រ្ដីធំផ្កាយ៣ ម្នាក់ដែលតាមស្នេហានាងជាង១០ឆ្នាំមកហើយនោះខកចិត្តខ្លាំង ព្រោះនៅទីបំផុតស្រីស្រស់ផាត់លោកចេញពីបេះដូង បើទោះជាគេដឹងថាលោក”ប”មានទ្រព្យមិនចាញ់លោកសេងហួរ ក្ដី។ប្រភពឲ្យដឹងថាអ៊ីវ៉ា មិនអាចពន្យាពេលរៀបការបានច្រើនឆ្នាំទៀតនោះទេ ព្រោះតែលោកវ៉ាវ មិនព្រមដោយសារតែខ្លាចរឿងស្នេហាកូនស្រីមានការប្រែប្រួលជាលើកទី២ ម្យាងក្រៅពីរកតៃកុងឡានឲ្យកូនស្រីហើយនោះលោកក៍ចង់បានចៅពឆាប់ៗផងដែរ។គេចាំមើលថាអ៊ីវ៉ា នឹងហ៊ានធ្វើឲ្យលោកវ៉ាវ សប្បាយចិត្ត ដែរឬ អត់?