ភ្នំពេញ៖អ្នកនាងអម្ពរ ទេវី បានប្រារពខួបកំណើតរបស់ខ្លួនគម្រប់អាយុ៥៣ឆ្នាំនៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៣ ដោយមានមិត្តភក្ដិអ្នកធ្លាប់រួមអាជីពជាច្រើនបានផ្ញើរសារជូនពរនាងជាបន្ដបន្ទាប់ ខណៈដែលស្វាមីនាងលោកPauly Hap ក៍បានលើកនំខេកជូនហើយថើបនាងដោយក្ដីស្រលាញ់។ដោយឡែកអ្នកនាងកែវ កល្យាណ វិញបានចេញសារជូនពរអ្នកនាងទេវី ពីចម្ងាយ ថា”ជូនពរពួកម៉ាក មានក្ដីសុខក្នុងក្រុមគ្រួសារ សម្រស់ស្រស់ស្អាតរហូត និងមានសុខភាពល្អ អាយុវែង នៅមើលថែប្ដីនិងកូនបានយូ”។អ្នកនាងអម្ពរ ទេវី ក៍បានតបសារទៅអ្នកនាងកល្យាណ ភ្លាមៗវិញថា”ខ្ញុំសូមអរគុណសម្លាញ់ កែវ កល្យាណ” ។
អ្នកនាងអម្ពរ ទេវី បានកើតនៅឆ្នាំ១៩៧០ ហើយនាងបានឈានជើងចូលប្រឡូកក្នុងវិស័យភាពយន្ដនៅឆ្នាំ១៩៨៧ ដល់ឆ្នាំ២០០១ ពោលគឺរយៈពេល២២ឆ្នាំហើយដែលនាងបានចាកចេញពីអាជីពចាស់មួយនេះ។ប៉ុន្ដែតាំងពីចេញទៅរស់នៅអាមេរិកជាង១០ឆ្នាំនោះអ្នកនាងទេវី ធ្លាប់បានមកថតភាពយន្ដចំនួន២លើកមកហើយដូចជានៅឆ្នាំ២០ ១៧ អ្នកនាងបានមកសម្ដែងរឿង”ទឹកចិត្តម្ដាយ សម័យថ្មី”របស់ផលិតកម្មផ្កា៥ ដឹកនាំដោយលោកស្រីពាន់ ភួង បុប្ផា និងរឿង”ឆន្ទា”របស់LD ។ក្រោយប្រារពខួបកំណើតអាយុ៥០ផ្លាយនេះអ្នកនាងទេវី នឹងចុះមកខ្មែរជាថ្មីនៅអំ ឡុងខែតុលា ឆ្នាំ២០២៣ ខាងមុខនេះដើម្បីថតរឿង”អប្សារា មហាអង្គរ”ដែលដឹកនាំដោយលោកហ្វៃ សំអាង នឹង ដាក់បញ្ចាំងនៅទូរទស្សន៍ហង្សមាស។នេះបើតាមលោកសំអាង បានប្រាប់នាពេលកន្លងមកថាភាពយន្ដនោះកំពុងតំណើរការថតសម្រាប់តួអង្គក្នុងស្រុក ចំណែកប្លង់អ្នកនាងទេវី នឹងសម្រុកថតនៅខែ១០ អំឡុងពេលដែលគាត់ ចុះមកនឹងវិលទៅវិញមានថ្ងៃកំណត់ជាក់លាក់នោះ។តាមព័តមានថាផលិតករមួយចំនួនទៀតក៍ចង់ឆ្មក់ហៅអ្នកនាងទេវី សម្ដែងរឿងរបស់គេនាពេលនាងមកខ្មែរលើកនេះដែរ ប៉ុន្ដែកន្លងមកអតីតស្វាមីនាងលោកពេជ្រ ភារុណ ធ្លាប់បង្ហើបថាអ្នកនាងទេវី ទទួលថតរឿងទាល់តែតម្លៃខ្លួនត្រូវគ្នាពោលគឺនាងថត១រឿងស៊ីថ្លៃ១ម៉ឺនដុល្លារ ហើយ ផលិតករចេញថ្លៃសំបុត្រយន្ដហោះ និងការស្នាក់នៅសណ្ឋាគារដល់នាងទើបនាងព្រមមកសម្ដែង។គេនៅមិន ទាន់ដឹងថាសម្រាប់ការថតភាពយន្ដរឿងថ្មីលើកនេះលោកភារុណ នៅតែជាអ្នកកាត់សម្លៀកបំពាក់ ដោយសម្រិត សម្រាំងជូនភរិយារបស់លោកទៀត ឬយ៉ាងណានោះទេ ខណៈដែលពេលនេះក្រោយអស់និស្ស័យស្នេហ៍ជាមួយ អ្នកនាងទេវី លោកត្រូវបានអតីតប្រពន្ធហៅថាពុកៗ វិញម្ដងហើយនៅថ្ងៃខួបអ្នកនាងទេវី គម្រប់អាយុ៥៣ឆ្នាំ នេះ គេមិនឃើញលោកផុសសារជូនពរនាងជាសាធារណៈឡើយ ពោលគឺរក្សារភាពស្ងៀមស្ងាត់តែម្ដង។
អ្នកនាងអម្ពរ ទេវី បានសាងជីវិតថ្មីជាមួយស្វាមីក្រោយលើទឹកដីរដ្ឋWashington សហរដ្ឋអាមេរិក ដោយទទួល បានកូនស្រី១ អាយុជិត១០ឆ្នាំ ខណៈដែលបច្ចុប្បន្ននាងក៍មានចៅពហើយដែរ ព្រោះកូនប្រុសទី១របស់នាងឈ្មោះ ភារុណ ឥទ្រ្ទបុត្រ ជាយោធាអាមេរិកនិងជាតំណក់ឈាមលោកភារុណ នោះមានប្រពន្ធជាជនជាតិអាគាំង និង មានកូន១។នៅសហរដ្ឋអាមេរិកអ្នកនាងទេវី ក៍បានបើកហាងមួយដោយរូបនាងនិងស្វាមីនាងជាអ្នកគ្រប់គ្រង តែ ទោះជានាងមមាញឹកយ៉ាងណាក៍នៅតែឆ្លៀតមកថតភាពយន្ដនៅខ្មែរតាមការចង់បានរបស់ផលិតករហើយនាងធ្លាប់ប្រាប់ថាបើកទទួលថតឲ្យផលិតកម្មទូទៅតែម្ដង។ការលេចមុខក្នុងភាពយន្ដរឿង”អប្សា មហាអង្គរ”នោះអ្នក នាងទេវី នឹងជួបជាមួយអតីតតារារួមអាជីពដល់ទៅ២ដួងនោះគឺដៃគូចាស់ដ៍សាកសមបំផុតរបស់នាងលោកទេព រិនដារ៉ូ និងអ្នកនាងនិងអ្នកនាងនារីរ័ត្ន គន្ធា ។
សម្រាប់អ្នកគាំទ្រអ្នកនាងអម្ពរ ទេវី បានលើកឡើងថាទោះជាតារាជើងចាស់រូបនេះមានអាយុ៥៣ឆ្នាំមែន តែនាង នៅតែស្រស់ស្អាតទៅតាមវ័យបែបជ្រេបន្ដិចរបស់នាង ហើយការសម្ដែងវិញទេពកោសល្យនៅតែល្បី ល្បាញដូច កេរ្ដិ៍ឈ្មោះ បើទោះជានាងបានឃ្លាតឆ្ងាយពីអាជីពភាពយន្ដអស់ជាច្រើនឆ្នាំទៅហើយក្ដី។ចំណែកលោកទេព រិន ដារ៉ូ វិញក៍បានសម្ដែងការរីករាយផងដែរនៅថ្ងៃក្រុងពាលីរឿង”អប្សារា មហាអង្គរ”នៅពេលដែលលោក បានដឹងថាបានជួបដៃគូចាស់របស់លោកសារជាថ្មីនោះគឺអ្នកនាងទេវី នេះឯង។
ក្រៅពីអ្នកនាងអម្ពរ ទេវី តារាដែលយកស្វាមីជាអាណិកជនខ្មែរនៅអាមេរិកមានដូចជាអ្នកនាងគឹម លក្ខិណា ,វ៉េត រតនា ,សុគន្ធ និសា និងសារ៉ាយ សក្ខណា ជាដើម៕