ភ្នំពេញ៖សុខ ស្រីនាង បានបាត់មុខពីឆាកតន្រ្ដីនៅរដូវក្ដៅ២០២២ -២០២៣ ទាំងស្រុងហើយនាងបានងាកទៅដើរកម្សាន្ដនៅបរទេសជាបន្ដបន្ទាប់ដូចជាមុននោះហោះទៅសាំងហ្គាពួរ ,ម៉ាឡេស៊ី ,និងជប៉ុន ជាដើមដែលដំណើរនោះគេជឿរថនាងទៅជាមួយគូស្នេហ៍ថ្មី បើទោះជាស្រីនាង មិនដែលបង្ហាញមនុស្សពិសេសម្ដងណាក្ដី។ប្រភពជាច្រើនបានឲ្យដឹងថាសុខ ស្រីនាង បានឈប់ពីអាជីពចម្រៀងទៅហើយ ព្រោះគូស្នេហ៍នាងមិនចង់ឲ្យច្រៀងរាំទៀត ហេតុនេះហើយបានជានៅលើផេករបស់នាងឈប់បង្ហោះសកម្មភាពសិល្បៈជាច្រើនខែបែបនេះ។
លោកសេត គឹមសឿន អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីរបស់ទូរទស្សន៍CNC បានឲ្យដឹងថាពីមុនលោកធ្លាប់ហៅសុខ ស្រីនាង ឡើងច្រៀងជាញឹកញាប់ដែរ ប៉ុន្ដែតាំងពីមុនផ្ទុះកូវីដលោកធ្លាប់ទាក់ទងទៅគាត់ដែរតែគាត់ថាចង់សម្រាក ហេតុនេះតាំងពីនោះមកលោកក៍មិនដែលទូរស័ព្ទទៅគាត់ហៅច្រៀងទៀតដែរ។លោកគឹមសឿន ថាប្រហែលជាស្រីនាង ឈប់ច្រៀងទៅហើយ។ដោយឡែកលោកកៅ សីហា អ្នកដឹកនាំសម្ដែងភាពយន្ដនិងMV នៅហង្សមាសនិងធ្លាប់ផ្ដល់តំណែងតួឯកឲ្យស្រីនាងលេងរឿង”រាជនីយភូមិគ្រឹះ”នោះថាលោកមិនដែលបានជួបស្រីនាង ជាយូរមកហើយ មិនដឹងថាគាត់ផុតឬនៅកុងត្រាជាមួយហង្សមាសនោះទេ។
ជុំវិញការបញ្ចប់អាជីពចម្រៀងកណ្ដាលទីរបស់សុខ ស្រីនាង វ័យ៣៦ ឆ្នាំរូបនេះប្រាកដណាស់ភាគរយខ្ពស់បំផុតគឺនាងធ្វើទៅតាមគូស្នេហ៍ចង់បាន ព្រោះកន្លងមកនាងធ្លាប់ប្រាប់ថាអាជីពចម្រៀងនិងសម្ដែងជាការស្រលាញ់បំផុតមួយរបស់នាងក្នុងចំណោមការងារផ្សេងៗទៀត ពិសេសការទៅដល់ហង្សមាសនាងថាកិច្ចការងារខ្លះដែលនាងថាពិបាកដូចជាការសម្ដែងភាពយន្ដនោះបែជាងាយស្រួលដូចបកចេកទៅវិញ ដែលការលើកឡើងបែបនេះមានន័យថានាងបានវិវត្តន៍សម្ថភាពមួយកម្រិតទៀតពីតារាចម្រៀងទៅជាតារាសម្ដែងភាពយន្ដអាជីពម្នាក់បាន។ប៉ុន្ដែសំណួរសួរថាតើគូស្នេហ៍របស់ស្រីនាង គឺជាអ្នកណាទើបមានឥទ្ធិពលខ្លាំងមកលើនាងបែបនេះ គឺនៅតែគ្មានចម្លើយដដែល ព្រោះទាក់ទងទៅនាងមិនទាន់បាន។យ៉ាងណាគេចាំអតីតស្វាមីស្រីសុខ នាង លោកស៊ី សុវត្ថិ ដែលបានចែកផ្លូវពីនាងកាលពីឆ្នាំ២០១០ នោះបាននិយាយថាបើប្រុសណាចង់ធ្វើជាប្ដីស្រីនាង ដាច់ខាតត្រូវតែមានរបស់២យ៉ាងជាប់និងខ្លួនទើបអាចទៅរួចនោះគឺទី១៖លុយ និងទី២៖អំណាច។គេមិនដឹងថាលោកស៊ី សុវត្ថិ ព្យាករណ៍តាំងពីជាង១០ឆ្នាំមុននោះត្រូវ ឬខុសនោះឡើយ ស្របពេលដែលមុនពេលស្រីនាង ដើរចេញពីអាជីពចម្រៀងនេះនាងធ្លាប់ចាប់ដៃជាមួយឱក សុគន្ធកញ្ញា ច្រៀង សម្ដែង MV ជាខ្សែរឿង”ស្នេហាខ្ញុំផ្លូវ២”ដែលរូបនាងនិងប្អូនថៅកែហង្សមាសលេងឈុតជាស្រីស្រលាញ់ស្រី ធ្វើឲ្យផ្អើលអស់ក្រុមLesbian ជ្រួលជ្រើមធ្វើជាសង្សារនាងទៀតផង ហើយនៅពេលនេះនាងបែជាលែងអាល័យអាជីពចាស់សុខចិត្តផ្គាប់ចិត្តគូស្នេហ៍ទៅវិញ។
សុខ ស្រីនាង បានឈជើងនៅហង្សមាសរយៈពេល៥ឆ្នាំកន្លងមកនាងមិនសូវជោគជ័យក្នុងអាជីពចម្រៀងនោះទេ តែនាងបានវិវត្តន៍ខ្លួនពីតារាចម្រៀងស្រគត់ស្រគុំម្នាក់ច្រៀងតែបទស្លូវ មកជាអាចច្រៀងបទញាក់បានដូចតារាផ្សេងៗទៀត។ស្រីនាង បានបាត់បង់តំណែងជាគណៈកម្មាការ Cambodian Idol Junior នៅហង្សមាសនារដូវកាលទី២ នេះដោយជំនួសដោយសុគន្ធ និសា តែនាងបន្សល់នូវភាពយន្ដខ្នាតធំរបស់ហង្សមាសក្នុងតំណែងជាតួឯកគឺរឿង”ខ្ញុំមានញាណលើស “ ដែលថតចប់ជាច្រើនឆ្នាំមិនឃើញដាក់បញ្ចាំងឡើយ។ប្រភពខ្លះបានឲ្យដឹងថាស្រីនាង អាចនឹងមិនជ្រើសផ្លូវរៀបការឆាប់ៗនោះទេ តែនាងនឹងសាងស្នេហ៍ដោយលាក់លៀមជាច្រើនឆ្នាំតទៅទៀត។
គូររំលឹកថាសុខ ស្រីនាង បានក្លាយទៅជាតារាមេម៉ាយដែលលាក់មុខគូស្នេហ៍ថ្មីបានយូជាងគេបំផុតពោលគឺតាំងពីនាងលែងលះជាមួយលោកស៊ី សុវត្ថិ ជាង១០ឆ្នាំមកនេះស្រីស្រអែមស្រស់រូបនេះមិនដែលហ៊ានសាសងស្នេហ៍ជាសាធារណៈម្ដងណាឡើយ ពោលគឺលាក់ជិតឈឹង។ទោះជាយ៉ាងណាដំរីងាប់មិនអាចយកចង្អេរបាំងជិត ហេតុនេះហើយបើស្រីនាង ចង់បញ្ជាក់ឲ្យគ្រប់គ្នាបានឃើញថាគូស្នេហ៍នាងបា្រកដជាបុរសនៅលីវ មិនមែនដូចគេសង្ស័យថាជាប្រុសអត់នៅទំនេរនោះដាច់ខាតការរៀបមង្គលការជាលើកទី២ ក្នុងជីវិតនាងប្រាកដជាមិនអាចគេចផុតឡើយ៕