Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមករណីដេញប្លន់ឡានក្នុងបុរី ប៉ូលិសថា ជាការអនុវត្ត ដីកាតុលាការ

ករណីដេញប្លន់ឡានក្នុងបុរី ប៉ូលិសថា ជាការអនុវត្ត ដីកាតុលាការ

ភ្នំពេញ ៖ ក្រោយការបង្ហោះផ្សព្វផ្សាយតាមរយៈគណនីហ្វេសប៊ុក ឈ្មោះ Mey Mey Kim ដែលអះអាងថា មានមនុស្សមួយក្រុម ដេញតាមស្ទាក់រថយន្តប្លន់  ក្នុងបុរីមួយកន្លែង ក្នុងទឹកដីខណ្ឌច្បារអំពៅ លោកសាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានបំភ្លឺថា គឺជាការចុះផ្សាយព័ត៌មានមិនពិត ហើយករណីនោះ គឺជាការអនុវត្តតាមដីការបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។

លោកសាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ថា ការចុះផ្សាយវីដេអូនៅលើបណ្តាញសង្គម របស់គណនីហ្វេសប៊ុក ឈ្មោះ Mey Mey Kim ថាមានករណីដេញប្លន់ដល់ក្នុងបុរី ក្រោយផ្សារព្រែកឯង កាលពីវេលាម៉ោង ១១និង២០យប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ជាការចុះផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ។ ជាក់ស្តែងស្ត្រី ខាងលើ ជាប់ពាក់ព័ន្ធនឹងករណីពាក្យបណ្តឹងអំពើលួច (ប្រាក់) ដែលចេញដោយព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តកណ្តាល ចេញដីកាបញ្ជាឱ្យចូលខ្លួន តែរហូតមកដល់ពេលនេះ ស្ត្រីរូបនោះ បានរត់គេចខ្លួន ដោយមិនបានចូលខ្លួន តាមការបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល នោះឡើយ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Mey Mey Kim បាន បង្ហោះវីដេអូឃ្លីប ចំនួន១ ព្រមទាំងបានរៀបរាប់ថា “សូមពុកម៉ែបងប្អូន ចំណាយពេលមើលវីដេអូនេះ រហូត ដល់ចប់ នេះជាហេតុការណ៍ដែលខ្ញុំជួបផ្ទាល់នៅថ្ងៃសុក្រ ទី៧ វេលា ម៉ោង១១និង៣០នាទីយប់ បន្ទាប់ពីនាង ខ្ញុំនិងម្តាយ ចេញពីហាង ហូបស៊ុបមួយកន្លែង ត្រឡប់ មកផ្ទះវិញ ស្រាប់តែមានក្រុមចោរមួយក្រុម មានឡាន ពីរគ្រឿង ម៉ូតូបីគ្រឿង និងមានអាវុធក្នុងដៃ ហើយមានឡានមួយគ្រឿងនោះ ទំនងជាឡានរបស់អង្គភាពក្នុង ក្របខ័ណ្ឌណាមួយ ដែលមានសារ៉ែននៅពីលើ ក្រុមចោរដែលមានគ្នាជាក្រុម ធ្វើសកម្មភាពយ៉ាង សាហាវ ឃោរឃៅ ស្ទាក់ខ្ញុំពីមាត់ផ្លូវចូលផ្ទះ រហូតដល់ក្នុងបុរី ដែលមានសន្តិសុខនៅយាមពីមុខ តែឃាត់វាមិនបាន រហូតចូលក្នុងបុរី ដែលមានផ្ទះប្រជាជនរស់នៅជុំវិញ ដោយមូលហេតុពេលនោះ សន្តិសុខបុរី មិនអាចឃាត់ និងជួយដល់ខ្ញុំ ខ្ញុំក៏បានសម្រេចចិត្តជិះចេញពីបុរី ដើម្បីទៅផ្ទះបងប្អូន នៅម្តុំបឹងត្របែក ឱ្យជួយ តែពួកវានៅតែ ព្យាយាមជិះតាមពីក្រោយ រហូតនាងខ្ញុំជាន់ឡានសឹងតែឆេះម៉ាស៊ីន ទម្រាំដល់ផ្ទះបងប្អូន និងមានប្រជាពលរដ្ឋ រស់នៅកុះករច្រើន ទើបមានសុវត្ថិភាព។ នេះជាវីដេអូនៅតាមដងផ្លូវជុំវិញបុរី រាល់វីដេអូ រូបភាព និងផ្លាកលេខ ឡានក្រុមចោរ ដែលធ្វើសកម្មភាពនៅយប់នោះ ខ្ញុំថតបានទាំងអស់។ ខ្ញុំសូមអំពាវនាវដល់សមត្ថកិច្ច និងថ្នាក់ ដឹកនាំ សូមជួយពង្រឹង និងវែកមុខរកពួកក្រុមចោរប្លន់ដ៏សាហាវឃោរឃៅទាំងនេះផង ដើម្បីសុវត្ថិភាពក្នុងការ រស់នៅរបស់ប្រជាពលរដ្ឋ ខណៈហេតុការណ៍នេះ កើតនៅបុរី The wood ក្រោយផ្សារព្រែកឯង…”។

ដោយឡែក នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ពោលគឺក្រោយពេលអ្នកនាំពាក្យនៃ ស្នងការដ្ឋានគរបាលរាជ ធានីភ្នំពេញ ចេញបំភ្លឺនិងច្រានចោលការ លើកឡើងខាងលើរួចមក ម្ចាស់គណនីហ្វេសប៊ុក Mey Mey Kim បានចេញមកទទួលស្គាល់កំហុសរបស់ខ្លួន និងសុំទោសជាសាធារណៈផងដែរ។

ម្ចាស់គណនីហ្វេសប៊ុក Mey Mey Kim បានសរសេររៀបរាប់ថា “សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា! នាងខ្ញុំសូមបកស្រាយ អំពី video ដែលនាងខ្ញុំបានបង្ហោះកាលពីល្ងាចថ្ងៃអាទិត្យ ចំពោះរឿងក្រុមជនមិន ស្គាល់មុខមួយក្រុមដែលតាមនាងខ្ញុំ នៅថ្ងៃសុក្រទី៧ ម៉ោង ១១ៈ៣០នាទីយប់ ដែលនាងខ្ញុំហៅថាប៉េអឹម។ នាងខ្ញុំសូមធ្វើការបកស្រាយចំពោះការយល់ច្រលំ និងប៉ះពាល់ដល់កិត្តិយសដល់ស្ថាប័នប៉េអឹមគ្រប់ ជាន់ ថ្នាក់ទាំងមូល ដោយនៅក្នុងហេតុការណ៍នោះ មិនមានឡាន ឬឯកសណ្ឋានរបស់ស្ថាប័នប៉េអឹមណាមួយទេ ដោយសារខ្លួនខ្ញុំមិនបានដឹងច្បាស់លាស់ និងនិយាយទាំងមិនដឹង បានប៉ះពាល់កិត្តិយស ស្ថាប័នប៉េអឹម ទាំងមូល។ ជាចុងក្រោយ នាងខ្ញុំសុំធ្វើការលុបចំពោះវីដេអូដែលបានបង្ហោះ។ បើជនណាយកវីដេអូទៅ បង្ហោះបន្តទៀត នាងខ្ញុំសូមមិនទទួលខុសត្រូវ។ ចុងក្រោយ នាងខ្ញុំសុំទោស និងសុំអភ័យទោសដល់កង រាជអវុធហត្ថ (ប៉េអឹម) ទាំងមូល…”៕

RELATED ARTICLES