Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៅកែកាប់កូនឈ្នួល១កាំបិត ជាប់ខ្នោះ

ថៅកែកាប់កូនឈ្នួល១កាំបិត ជាប់ខ្នោះ

ពោធិ៍សាត់ ៖ បុរសម្នាក់ នៅសុខៗបានកាន់កាំបិតទៅកាប់ប្រហារកូនឈ្នួលរបស់ខ្លួន ១កាំបិត ចំក្បាល បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ រួចយកកាំបិតលាក់ ហើយមកអង្គុយផឹកស៊ីធ្វើដូចមិនដឹងរឿង ប៉ុន្តែសកម្មភាពនេះ ត្រូវបានឪពុកបង្កើតជនរងគ្រោះប្រទះឃើញ ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន យកទៅចាត់ការតាមច្បាប់។ករណីថៅកែកាប់កម្មករ បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើង កាពីវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅភូមិទី០៥ ឃុំកំពង់លួង ស្រុកក្រគរ។

ជនសង្ស័យដែលកាប់កម្មករខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះង្វៀង យ៉ាំងកាំ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិវៀតណាម មុខរបរថៅកែទូកនេសាទ មានលំនៅក្នុងភូមិទី០៥ ឃុំកំពង់ លួង ស្រុកក្រគរ។ ចំណែកជនរងគ្រោះ មានឈ្មោះឡេ យ៉ាំងហុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករទូកនេសាទ មានលំនៅ ភូមិទី០៥ ឃុំកំពង់លួង ស្រុកក្រគរ។

យោងតាមកំណត់ហេតុបំភ្លឺ និងកំណត់ហេតុបណ្តឹងរបស់ឈ្មោះឡេ យ៉ាំងប៉ាវ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិ វៀតណាម ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះឈ្មោះឡេ យ៉ាំងហុង បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល ៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ខ្លួនបានអង្គុយនៅផ្ទះដែលមាន ចម្ងាយប្រហែល ៣០ម៉ែត្រ ពីផ្ទះរបស់ជនសង្ស័យឈ្មោះង្វៀង យ៉ាំងកាំ ហើយផ្ទះរបស់ជនសង្ស័យនោះ កំពុង មានកម្មវិធីផឹកស៊ី មានគ្នាច្រើននាក់។ ចំណែកកូនប្រុសរបស់ខ្លួនដែលត្រូវជាកម្មកររបស់ឈ្មោះង្វៀង យ៉ាំងកាំ កំពុងអង្គុយស្រាវមង ពេលនោះស្រាប់តែឃើញឈ្មោះង្វៀង យ៉ាំងកាំ ជាថៅកែ បានយកកាំបិតសាមូរ៉ៃ មកកាប់ កូនប្រុសរបស់គាត់ ឈ្មោះឡេ យ៉ាំងហុង ចំក្បាល បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។

បុរសជាឪពុកជនរងគ្រោះ បន្តថា ក្រោយពេលកាប់កូនប្រុសរបស់គាត់ បណ្តាលឱ្យរងរបួសធ្ងន់ហើយ ជន សង្ស័យឈ្មោះង្វៀង យ៉ាំងកាំ បានយកកាំបិតទៅលាក់ ហើយអង្គុយផឹកធម្មតាដូចជាគ្មានរឿងអ្វីកើតឡើង។ បន្ទាប់មក ទើបខ្លួនបានរាយការណ៍ជូនលោកមេភូមិ ក្រោយមកក៏ឃើញសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ខ្លួន ជនសង្ស័យតែម្តង។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានបញ្ជាក់ប្រាប់ថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងពិនិត្យទីតាំងកើតហេតុ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យឈ្មោះង្វៀង យ៉ាំងកាំ នាំយកមកសាកសួរ ប៉ុន្តែជនសង្ស័យឈ្មោះង្វៀង យ៉ាំងកាំ មិនព្រមសារភាពទទួលកំហុសនោះឡើយ។លោកអធិការ បានបន្តថា ជនសង្ស័យត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោកកូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីកសាងសំណុំ រឿង  បញ្ជូនទៅជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES