បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ បានទុកម៉ូតូចោលនៅខាងមុខបន្ទប់ជួល ពេញ១យប់ លុះព្រឹកឡើងរៀបចំខ្លួនចេញទៅធ្វើការ ស្រាប់តែបើកទ្វារមិនរួច ទើបស្រែកហៅអ្នកជិតខាងឱ្យជួយ ក៏ឃើញទ្វារត្រូវចងខ្សែលួសពីក្រៅជាប់ លុះចេញមកក្រៅ បាត់ម៉ូតូ ១គ្រឿង ទើបដឹងថា ត្រូវជនសង្ស័យចងសោទ្វារ បង្ខាំងម្ចាស់ក្នុងបន្ទប់ រួចលួចយកម៉ូតូទៅបាត់ អស់រយៈពេល២ថ្ងៃ ទើបត្រូវកម្លាំងអាវុធហត្ថ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ ព្រមទាំងដកហូតបានម៉ូតូមកវិញផងដែរ។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ រហូតមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ទើបកម្លាំងអាវុធហត្ថបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់។
ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះសុង បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ចំណែកជនរងគ្រោះមានឈ្មោះហន ស្រីល័ក្ខ ភេទស្រី អាយុ៤២ឆ្នាំ មានលំនៅ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ រីឯម៉ូតូដែលជនសង្ស័យលួចយកទៅម៉ាក ZOOMER-X ពណ៌ក្រហ លាយស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ សៀមរាប 1AC-4561។

តាមប្រភពពីមន្ត្រីអាវុធហត្ថ បានឱ្យដឹងថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលវេលាម៉ោង ០១និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះបានទុកម៉ូតូម៉ាក ZOOMER-X របស់ខ្លួននៅមុខបន្ទប់ជួលរបស់ខ្លួន ដូចរាល់ដង លុះព្រឹកឡើង ជនរងគ្រោះរៀបចំចេញទៅធ្វើការ ស្រាប់តែទ្វារបន្ទប់ជាប់ បើកមិនចេញ ដោយជនសង្ស័យបានយកលួសសរសៃ ចងភ្ជាប់នឹងទ្វារ ហើយជនរងគ្រោះបានទូរស័ព្ទហៅអ្នកជិតខាងឱ្យជួយបើកទ្វារ ស្រាប់តែបាត់ម៉ូតូតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះប្រាកដមែន។

ផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងកងរាជអាវុហត្ថប្រគល់ជូនម្ចាស់ដើមវិញ៕