Saturday, March 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតៃកុងស្រីបើកឡានក្រឡាប់ របួស៥

តៃកុងស្រីបើកឡានក្រឡាប់ របួស៥

ប៉ៃលិន ៖ នារីវ័យក្មេងម្នាក់ បានបើករថយន្ត ១គ្រឿង ដឹកក្រុមគ្រួសារ ធ្វើដំណើរតាមផ្លូវសុខៗ ស្រាប់តែមិនដឹង ថាមានឧបសគ្គអ្វី បានរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ធ្លាក់ប្រឡាយ បណ្តាលឱ្យទាំងតៃកុងនិងអ្នករួមដំណើរ រងរបួស ធ្ងន់-ស្រាល ៥នាក់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

ជនរងគ្រោះទាំង៥នាក់ ដែលរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តខាងលើ រួមមាន ទី១-ឈ្មោះមាឃ ស៊ីវហួ ភេទស្រី អាយុ២៣ឆ្នាំ ជាអ្នកបើកបររថយន្ត (រងរបួសស្រាល)។ ទី២-ឈ្មោះយស់ សាមី ភេទប្រុស អាយុ៥៣ឆ្នាំ (រងរបួសធ្ងន់)។ ទី៣-ឈ្មោះ យីវ ចាន់ណារី ភេទស្រី អាយុ៤២ឆ្នាំ (រងរបួសស្រាល)។ ទី៤-ឈ្មោះមាឃ ស៊ីវហុង ភេទស្រី អាយុ២០ឆ្នាំ (រងរបួសស្រាល) និងទី៥-ឈ្មោះ មាឃ សុភា ភេទប្រុស អាយុ១៣ ឆ្នាំ (រងរបួសស្រាល)។ ជនរងគ្រោះទាំង៥នាក់ខាងលើ ជាក្រុមគ្រួសារតែមួយ និងមានលំនៅក្នុងភូមិបវេល ឃុំ បវេល ស្រុកបវេល ខេត្តបាត់ដំបង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-1293 បើកបរដោយឈ្មោះមាឃ ស៊ីវហួ និងមានអ្នករួមដំណើរចំនួន៤នាក់ទៀត បានបើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ ចំណុចកើតហេតុខាងលើ មិនដឹងជាជួបឧបសគ្គ ឬមាន បញ្ហាអ្វី ស្រាប់តែរថយន្តបានរេចង្កូតធ្លាក់ផ្លូវ រួចក្រឡាប់ចូលប្រឡាយទាំងកំរោល បណ្តាលឱ្យអ្នកជិះក្នុងរថយន្ត សរុប៥នាក់ រងរបួសធ្ងន់-ស្រាល ចំណែករថយន្ត រងការខូចខាតកម្រិតធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងចាត់បញ្ជូនជនរងគ្រោះទាំង៥នាក់ ទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តប៉ៃលិន។

បន្ទាប់ពីធ្វើការចុះវាស់វែងរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ខាងលើនេះ គឺបណ្តាលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបធ្វើឱ្យបានរេចង្កូត ក្រឡាប់ធ្លាក់ ចូលប្រឡាយតែម្តង។

រថយន្តខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES